ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តលាយស៊ីម៉ង់ត៍នៅផ្លូវ៣៧១បុកចូលផ្ទះពលរដ្ឋរួចថយចូលក្នុងក្រុមហ៊ុនវិញ

ចែករំលែក៖

ភ្នំពេញ៖ នេះជាករណីលើកទី២ហើយដែលក្រុមហ៊ុនលាយស៊ីម៉ង់ត៍CPI នៅផ្លូវ៣៧១នេះតែងតែបុកចូលផ្ទះប្រជាពលរដ្ឋបង្កហានិភ័យរឿយ ដែលរហូតមកដល់ពេលនេះ គេពុំឃើញមានមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ក្រសួងសាធារណៈការចុះមកត្រួតពិនិត្យលើអ្នកបើកបររបស់ក្រុមហ៊ុនលាយស៊ីម៉ង់ត៍នៅឡើយទេ នាំឲ្យមានការរិះគន់។

ហេតុការណ៍ដែលរថយន្តក្រឡុកលាយស៊ីម៉ង់ត៍បុកចូលផ្ទះពលរដ្ឋនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ២៩២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ក្រោយបង្កហេតុរថយន្តបង្កបានបើករញ៉ែថយក្រោយចូលក្នុងក្រុមហ៊ុនវិញធ្វើឲ្យម្ចាស់ផ្ទះរងគ្រោះមានងឿងឆ្ងល់។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍នេះពាក់ស្លាកលេខភ្នំពេញ 5A-0551បានធ្វើដំណើរពីក្នុងក្រុមហ៊ុនរបស់ខ្លួនស្ថិតនៅទល់មុខផ្ទះរងគ្រោះនោះ ហើយអ្នកបើកបររថយន្តបានចុះពីលើរថយន្តទៅយកសំបុត្រវិក័យបត្រ នៅពេលដែលអ្នកបើកបរនោះចុះពីលើរថយន្តគេរថយន្តនៅតែបន្តទៅមុខជ្រុលទៅបុកផ្ទះនោះតែម្តងបង្កការភ្ញាក់ផ្អើល។

ប្រភពដដែលបន្តថា ទំនងជាអ្នកបើកបរនោះគាត់ភ្លេចដាក់ហ្រ្វាំងដៃ និងដោះលេខ នេះជាការហ្វេសប្រហែសរបស់អ្នកបើកបរក្រុមហ៊ុន ហើយនេះមិនមែនជាលើកទី១នោះទេ ជាលើកទី២ហើយដែលបង្កគ្រោះថ្នាក់បុកចូលផ្ទះពលរដ្ឋបែបនេះ តែក្នុងករណី២លើកនេះក៏ពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

ដោយឡែកក្រោយពីការចុះអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យគេឃើញរថយន្តបង្កនោះបានរញ៉ែថយចូលក្រុមហ៊ុនវិញធ្វើឲ្យម្ចាស់ផ្ទះរងគ្រោះងឿងឆ្ងល់យ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនោះបានរញ៉ែថយចូលក្នុងក្រុមហ៊ុនដើម្បីចាក់ស៊ីម៉ង់ត៍វិញ ហើយទើបបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ រង់ចាំការដោះស្រាយតាមច្បាប់៕ តាឡឹម


ចែករំលែក៖