ព័ត៌មានទាន់ហេតុការណ៍៖

រស់ កែវធីតា ចៅស្រីអតីតចៅហ្វាយក្រុងលើកពាន Guinness Acoustic Music Box 2018

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងរស់ កែវធីតា បានធ្វើឲ្យទស្សនិកជន និងគណៈកម្មការកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Boxពេញចិត្តជាខ្លាំងរហូតនាងទទួលបានចំណាត់ថ្នាក់លេខមួយ ។ ក្រោយបញ្ចប់ការប្រកួតទើបនឹងតារាស្រីរូបនេះទម្លាយថា នាងមានឈាមជ័រជាអ្នកសិល្បៈជាច្រើនជំនាន់ ពិសេសជីតារបស់នាងគឺជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាអតីតអភិបាលរាជធានីភ្នំពេញ និងជាអ្នកនិពន្ធបទ ឱ!ភ្នំពេញអើយ!លោក កែវ ចិន្តានោះ ។

ទឹកដមសំនៀង របស់ រស់ កែវធីតា ឆក់បានការចាប់អារម្មណ៍ខ្លាំងរហូតនាងអាចក្លាយជាម្ចាស់ជ័យលាភីលើការប្រកួតចម្រៀងបែបថ្មីដ៏គួរឲ្យចាប់អារម្មណ៍គឺកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Box របស់ទូរទស្សន៍ My TV ដែលមានលោក សូរ ស្រណោះ កញ្ញា Nikki Nikki និងលោក ម៉ា ច័ន្ទបញ្ញា ជាគណៈកម្មការនោះ ។ នាងក៏ទទួលបាទឹកប្រាក់សុទ្ធជាង១ម៉ឺនដុល្លារអាមេរិក រួមការចុះកិច្ចសន្យាការងារជាមួយក្រុមការងារក្នុងផលិតកម្ម TMS ផងដែរ ។

តារាស្រីរូបនេះបញ្ជាក់ថា នាងពិតជារំភើបរកអ្វីថ្លែងមិនបានដែលទទួលបានចំណាត់ថ្នាក់លេខមួយពីកម្មវិធី ។ តារាស្រីរូបនេះបញ្ជាក់ថា ចំណុចល្អដែលនាងទទួលបានការបញ្ជាក់ពីគណៈកម្មការគឺតាមរយៈភាពប៉ិនប្រសប់ក្នុងការបញ្ចេញសំឡេងទៅតាមប្រភេទអត្ថន័យនៃបទចម្រៀងជាមួយនឹងស្ទីលប្លែកៗ និងអាចច្រៀងបានទាំងបទចម្រៀងជាភាសាខ្មែរ និងអង់គ្លេសបានល្អជាដើម ។ នាងថាលទ្ធផលបានមកពីការប្រឹងប្រែងជំរុញលើកទឹកចិត្តពីក្រុមគ្រួសារគណៈមេប្រយោគ និងពីអ្នកផលិតកម្មវិធីទាំងមូលបើទោះបីជាការប្រឡងជំរុះវគ្គ និងបេក្ខជនជាច្រើនក៏ដោយ ។

តារាស្រីរូបនេះទម្លាយថា តាមពិតនាងមានដុងសិល្បៈចាប់ពីកុមារ ដែលរាប់ពីបងស្រីនាងគឺកញ្ញា Keliក៏ជាតារាចម្រៀងប្រចាំផលិតកម្មM ខណៈដែលឪពុកនាងគឺលោករស់តារា ដែលជាតន្ត្រីករ ជាអ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះ ពិសេសនាងមានជីតាគឺលោក កែវ ចិន្តា ដែលជាអ្នកនិពន្ធបទឱ!ភ្នំពេញអើយ ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ អតីតនាយកវិទ្យុជាតិ និងជាអតីត ចៅហ្វាយក្រុងភ្នំពេញផងដែរ ។ នាងលើកឡើងថាអាចគ្រាប់ពូជ ឬឈាមជ័រជាអ្នកសិល្បៈព្រោះនាងកើតមកក្នុងត្រកូលអ្នកសិល្បៈ ហើយប្រឹងប្រែងទទួលយកនូវអ្វីល្អពីសង្គមគ្រួសារ និងទទួលបានការលើកទឹកចិត្ត ជំរុញជានិច្ចពីគ្រួសារក្នុងការងារសិល្បៈ ។

នាងបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការប្រកួតនាងក៏ទទួលបានការងារថ្មីជាបន្តបន្ទាប់ពីផលិតកម្មTMS និងឱកាសការងារជាច្រើនដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនាងនឹងចេញទៅច្រៀងលើកដំបូងនៅលើទឹកដីនៃប្រទេសបារាំងផងដែរ ។

រស់ កែវធីតា រំពឹងដែរថា តាមរយៈ ការខិតខំប្រឹងប្រែងរបស់នាង និងការជួយជំរុញលើកទឹកចិត្តពីមនុស្សជុំវិញខ្លួននោះនាងនឹងទទួលបានផ្លែផ្កាល្អពីការងារសិល្បៈហើយនាងសន្យាថានឹងប្រឹងប្រែងអភិវឌ្ឍន៍ ច្នៃប្រឌិតកិច្ចការងារសិល្បៈ ដើម្បីបម្រើអារម្មណ៍មហាជន៕ វឌ្ឍនា


ចែករំលែក៖