ព័ត៌មានទាន់ហេតុការណ៍៖

លោកវង សូត និងលោកអូស្មាន ហាស្សាន់៖ ចូលរួមផ្ដល់ការ លើកទឹកចិត្ដ ក្នុងការប្រកួតកីឡាដើម្បីសុខភាព ដណ្ដើមពានរង្វាន់សម្ដេចមហាចក្រីហេង សំរិន

ចែករំលែក៖

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយកដរ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧ ដើម្បីសុខភាព នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី០៨ តុលា ឆ្នាំ ២០១៧ ។

លោក វង សូត បានបញ្ជាក់ថា៖ ល្បែងកីឡាជាធម្មតាតែងចាញ់-ឈ្នះ ប៉ុន្តែកីឡានាំមកនូវស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព សុខុមាលភាព សេចក្តីថ្លៃថ្នូរ សុភមង្គល និងសន្តិភាព។ ប៉ុន្ដែលោកក៏សូមកោតសរសើរដល់កីឡាករ ទាំងអស់ ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍បច្ចេកទេស ប្រកួតដោយស្មារតីយោគយល់ អធ្យាស្រ័យគ្នាបានយ៉ាងល្អប្រសើរ ព្រមទាំងស្នើ ហើយមិនតែប៉ុណ្ណោះ ខ្ញុំក៏សូមស្នើឲ្យក្មួយៗកីឡាករ ត្រូវតែបន្តការលេងកីឡានេះ បន្តទៀត ព្រោះការលេងកីឡានេះ គឺនាំគ្នាជៀសវាង និងលុបបំបាត់ការសេពគ្រឿងញៀន និងលេងល្បែងពាលា ផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ផងដែរ ។

ក្នុងឱកាសនោះផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងនូវការគាំទ្រដល់ក្លឹបCMYA FC ដោយមានគម្រោងនឹងប្រែក្លាយក្លឹបមួយនេះទៅជាក្លឹប អាជីបមួយអោយមានឈ្មោះជាក្លឹបយុវជនខ្មែរឥស្លាម ដើម្បីមានវត្តមាន បង្ហាញខ្លួនជាមួយក្លឹងអាជីពនានា ដែលកំពុងមានឈ្មោះ បោះសម្លេងនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏មានគម្រោងឲ្យមានការប្រកួតលក្ខណៈអន្តរជាតិជាមិត្តភាពជា មួយក្លឹបបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដូចជាប្រទេសម៉ាឡេស៊ីជាដើម ។

ក្នុងនាមតំណាងឲ្យក្រុម ក្លឹបយុវជនខ្មែរឥស្លាម លោក ក៏សូមបង្ហាញនូវមោទនភាពជាវិជ្ជមាន ដល់ក្មួយៗជាយុវជនមុស្លិមរបស់ខ្លួន ដែល បានចំណាយកម្លាំង ឆន្ទៈ តស៊ូ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតកីឡា លើកកំពស់វិស័យកីឡា សុខ ភាព និងការបញ្ជៀសឆ្ងាយពីគ្រឿងឈានក្នុងសង្គម និងស្រទាប់យុវនផងដែរ ៕ សំរិត


ចែករំលែក៖