ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់ម៉ូតូទាំងកណ្ដាលថ្ងៃត្រង់ នៅសង្កាត់ពងទឹក ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានចេញធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពីបុរសម្នាក់បានសម្រេច ទាំងកណ្តាលថ្ងៃចែស ម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបង្កឲ្យជនរងគ្រោះរបួសបែកក្បាលដេកពេទ្យដេរ៥ថ្នេរ ។

បើតាមសម្ដីជនរងគ្រោះមានឈ្មោះ អាំ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅភូមិសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរូបគាត់បានជិះម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ.9376 ដោយជិះម្នាក់ឯង ធ្វើដំណើតាមបណ្ដោយផ្លូវលំក្នុងភូមិកើតហេតុខាងលើ ក្នុងគោលបំណងជិះម៉ូតូទៅលេងផ្ទះអ៊ុំស្រីរបស់គាត់នៅភូមិកើតហេតុខាងលើ ។

ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា ពេលដែលរូបគាត់ជិះជិតដល់ផ្ទះអ៊ុំស្រីរបស់គាត់ហើយនោះ ស្រាប់តែមានជនសង្ស័យ២នាក់ដែលមានម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅ មិនចាំស្លាកលេខ នៅក្បែរជនសង្ស័យ ហើយរូបគាត់គិតថា ជាអ្នកភូមិរបស់អ៊ុំស្រីរបស់គាត់ ទើបមិនចាប់អារម្មណ៍ ។ ពេលដែលជិះម៉ូតូដល់កន្លែងជនសង្ស័យឈរហើយ ពេលនោះ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពយកដែកទីបមកវាយរូបគាត់(ជនរងគ្រោះ) ចំក្បាលពេញទំហឹង បណ្ដាលឲ្យដួលទៅលើដីរងរបួសបែកក្បាល ។

បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួចមក ក៏បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលទាំងពីរនាក់ ហើយជនរងគ្រោះបានត្រឹមស្រែកថាចោរប្លន់ម៉ូតូៗ ជួយផងៗ តែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូ យកមកពិនិត្យ និងដេរបួសបែកក្បាលនៅមន្ទីរពេទ្យ ហ៊ាន មុន្នីវុធ អស់ចំនួន៥ថ្នេរ ពេលនោះសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់មន្ទីរពេទ្យដើម្បីសួរនាំជនរងគ្រោះពីករណីវាយប្លន់យកម៉ូតូខាងលើ និងធ្វើកំណត់ហេតុ ងាយស្រួលកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ៕ ភារ៉ា ដង្កោ


ចែករំលែក៖