ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រធានាធិបតីម៉ាហ៍មូដអាប់បាស់ស្នើអឺរ៉ុបទទួលស្គាល់ទឹកដីប៉ាឡេស្ទីន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេស ប៉ាឡេស្ទីន លោក Riyad Al Malki កាលពីយប់ថ្ងៃទី២១ ខែ មករាបានបញ្ជាក់ថា ប្រធានាធិបតី Mah moud Abbas បានស្នើជាផ្លូវការដល់សហគមន៍អឺរ៉ុប ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ លោក Riyad Al Malki បានបញ្ជាក់ថា លោក អាបាសកំពុងតែរង់ចាំបណ្តារដ្ឋមន្ត្រីការ បរទេសប្រទេសតំបន់អឺរ៉ុប ទទួលស្គាល់ ទឹកដីប៉ាឡេស្ទីនដើម្បីតបតនឹងការសម្រេចទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អីុស្រាអែលពីសំណាក់ប្រធានាធិបតីដូណាល់ ត្រាំ។ លោកបន្តទៀតថា វាពិតជាមានសារសំខាន់យ៉ាងខ្លាំងដែល អឺរ៉ុបទទួលស្គាល់ទឹកដីប៉ាឡេស្ទីន។

រដ្ឋមន្ត្រីប៉ាឡេស្ទីនបញ្ជាក់ថា ប្រសិនបើចង់ដើរតួនាទីសំខាន់នៅក្នុងដំណើរឆ្ពោះទៅរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុបត្រូវតែថ្លឹងថ្លែងឲ្យមានតុល្យភាព ហើយត្រូវតែទទួលស្គាល់ទឹកដីប៉ាឡេស្ទីន។

លោក Riyad Al Malki បញ្ជាក់ទៀតថា ប្រធានាធិបតីអាបាស នៅតែសន្យាបន្តស្វែងរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជាការឆ្លើយតបទៅនឹងប្រទេសមួយចំនួននៅអឺរ៉ុបដែលបានបង្ហាញការមិនពេញចិត្ត ដល់ការប្រកាសរបស់លោកត្រាំ។

កាលពីថ្ងៃទី២២ ខែមករា តំណាងជាន់ ខ្ពស់របស់ អឺរ៉ុបស្តីពីគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស Federica Mogherini រួមជាមួយរដ្ឋមន្ត្រីការបរទេស២៨ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុប នឹង មានជំនួបពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន បន្ទាប់ពីកិច្ចប្រជុំប្រចាំខែរបស់ អឺរ៉ុប។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបរបស់ប្រធានាធិបតីប៉ាឡេស្ទីនកើតឡើង ចំពេលដែល អនុប្រធានាធិបតីអាមេរិក លោក Mike Pence មានដំណើរទស្សនកិច្ច ទៅកាន់៣ប្រទេស នៅតំបន់ជម្ឈិមបូព៌ា ក្នុងនោះមាន អេហ្សុីប ហ្ស៊កដង់ និងអីុស្រា អែល។

ពាក់ព័ន្ធនឹងការកាត់បន្ថយជំនួយដល់ប៉ាឡេស្ទីនពីសំណាក់អាមេរិក បានធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនជាច្រើនប្រឈមនឹងកង្វះស្បៀងអាហារ ។ អង្គការសហប្រជាជាតិ នឹងបើកយុទ្ធនាការ ស្វែងរកមូលនិធិ ជួយ ដល់ជនភៀសខ្លួនប៉ាឡេស្ទីន បន្ទាប់ពី អាមេរិកកាត់ជំនួយ។ នៅពេលនេះ អាមេ រិក មិនត្រឹមតែកាត់ជំនួយដល់ប៉ាឡេស្ទីន នោះឡើយ គឺកាត់ជំនួយទាំង អង្គការ សហប្រជាជាតិទៀតផង។

ទីភ្នាក់ងារការងារជួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិ នឹងធ្វើយុទ្ធនាការក្នុងការកៀរគរមូលនិធិ ដែលកំពុងតែប្រឈមនឹងឱនភាពនៃខ្ទង់ ថវិការបស់ខ្លួន ។ លោក Adnan Abu Hasna ទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ UNRWA បានថ្លែងប្រាប់ដល់ស៊ិនហួថា “លោក Pierre Krahenbuhl ប្រធានគណៈ កម្មាធិការ UNRWA នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅតំបន់ GAZA នៅថ្ងៃចន្ទ ដែលជាកន្លែងគាត់នឹងប្រកាសអំពីការបើកយុទ្ធនាការឡើង ” ។

មហាសន្និបាត នឹងបញ្ជូនសារមួយដល់សហគមន៍អន្តរជាតិ ដើម្បីចាប់ផ្តើមយុទ្ធនាការមូលនិធិ ដើម្បីជួយមកដល់ UNRWA បន្តផ្តល់ជំនួយដល់សេវាកម្មរបស់ខ្លួន ដែលជួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន ។

កន្លងមក លោកត្រាំបានប្រកាសកាត់ ជំនួយ ដល់ប៉ាឡេស្ទីន ក្រោយពេលប៉ាឡេ ស្ទីនប្រឆាំងនឹង ការសម្រេចរបស់លោកត្រាំទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជា របស់អីុស្រាអែល។ ប៉ុន្តែប្រធានាធិបតីប៉ាឡេស្ទីនបានប្រកាសថា នឹងមិនត្រូវការ ឡើយ ពេលយកជំនួយឲ្យសម្ងាត់ ពេលកាត់ទឹកដីប៉ាឡេស្ទីនឲ្យទៅគេផ្សេង ។ ប៉ាឡេស្ទីនមិនលក់ ទឹកដីខ្លួនឯងឡើយ។

បច្ចុប្បន្ន ប្រទេសជាច្រើននៅជុំវិញ ពិភពលោក បានប្រកាសមិនត្រូវការ ជំនួយពីអាមេរិកនោះឡើយ ដោយសារតែជំនួយរបស់អាមេរិកគឺតែងតែតភ្ញាប់នឹង គំនាប លក្ខខណ្ឌផ្សេងៗជាច្រើន ហើយ ចំណុចពិសេសគឺត្រូវស្តាប់តាមអាមេរិក។

មេដឹកនាំប៉ាឡេស្ទីនកាលពីថ្ងៃទី៣ ខែ មករាបានប្រកាសថា ប៉ាឡេស្ទីនមិនត្រូវ ការប្រាក់ជំនួយ ពីអាមេរិកនោះឡើយ។ ជារៀងរាល់ឆ្នាំអាមេរិក បានផ្តល់ជំនួយជាទឹកប្រាក់៣០០លានដុល្លារដល់ប៉ាឡេ ស្ទីន។

អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនលោក Nabil Abu Rudeina បាននិយាយ ទៅកាន់សារព័ត៌មាន AFP ថា«ហ្ស៊េរុយ សាឡឹម ជារដ្ឋធានីប្រវត្តិសាស្ត្ររបស់ប៉ាឡេស្ទីន មិនអាចប្រកែកបាន ហើយក៏មិនមែនជាវត្ថុដើម្បីលក់ដូរនោះឡើយ»។ លោកបន្តទៀតថា ហ្ស៊េរុយសាឡឹមមិន សម្រាប់លក់ឡើយ បើទោះចំណាយប្រាក់ច្រើនប៉ុនណាក្តី។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនមួយរូបឈ្មោះ Hanan Ashrawi បានបញ្ជាក់ថា «ប្រធានាធិបតីអាមេរិកកំពុងតែបំផ្លាញដំណើរស្វែងរកសន្តិភាព សេរីភាព និងតម្លាភាព នៅ ក្នុងតំបន់។ មិនតែប៉ុណ្ណោះ លោក ត្រាំ បាន ទម្លាក់កំហុសដល់ជនជាតិប៉ាឡេស្ទីន ពីលទ្ធផលដែលមានសកម្មភាពការពារ ផលប្រយោជន៍របស់ខ្លួន។

កន្លងមកប្រធានាធិបតី ត្រាំ បានសរ សេរនៅលើបណ្តាញសង្គម Twitter របស់ លោកថា «យើងបានផ្តល់ជំនួយរាប់រយលានដុល្លារក្នុង១ឆ្នាំៗដល់ប៉ាឡេស្ទីន តែ មិនទទួលបានអ្វីមកវិញឡើយ សូម្បីតែការ គោរព។ ប្រសិនបើពលរដ្ឋប៉ាឡេស្ទីនមិនត្រូវការនិយាយពីសន្តិភាព ហេតុអ្វីយើង ចាំបាច់ផ្តល់ជំនួយបន្ថែមទៅលើប្រទេសនេះ»។

អាមេរិកបានផ្តល់ជំនួយដល់ប៉ាឡេ ស្ទីនជាយូរណាស់មកហើយ និងជំនួយលើ ផ្នែកសន្តិសុខ ព្រមទាំងចំណាយប្រាក់ ៣០៤លានដុល្លារ សម្រាប់សកម្មភាព របស់ អង្គការសហប្រជាជាតិ នៅតំបន់ កាហ្សា ទៀតផង។

កន្លងមក លោក ត្រាំ ក៏បានប្រកាសថា នឹងផ្តាច់ជំនួយដល់ប្រទេសប៉ាគីស្ថានផងដែរ ដោយចោទប្រកាន់ប្រទេសនេះគាំទ្រក្រុមភេរវកម្ម។ ចំពោះការចោទប្រកាន់នោះរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសច្រានចោល ការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាប្រទេសប៉ាគីស្ថានជាកន្លែងការពារក្រុមភេរវកម្ម។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khurram Dastgir Khan បានបញ្ជាក់ដែរថា អាមេរិកបានប្រើប្រាស់ទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនង និងចារ កិច្ចនៅក្នុងប្រទេសប៉ាគីស្ថានរយៈពេល១៦ឆ្នាំដោយមិនយកប្រាក់ឡើយ។ ប៉ុន្តែអ្វីដែលប៉ាគីស្ថានទទួលបានមកវិញគឺជាការរិះគន់ និងមន្ទិលសង្ស័យទៅវិញ។

ក្នុងពេលជាមួយគ្នានេះ គណៈកម្មការសន្តិសុខជាតិអាមេរិកកាលពីថ្ងៃទី២ ខែ មករា ឆ្នាំ២០១៨ បានប្រកាសថា សេត ​ វិមានបានផ្អាកផ្តល់ជំនួយជាទឹកប្រាក់ ២៥៥លានដុល្លារ ដល់ប៉ាគីស្ថាននាពេល នេះ ដោយអាមេរិកចាំមើលកម្រិតនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះមាន ដល់កម្រិតណា។

នៅដើមឆ្នាំ២០១៨នេះ ប្រធានាធិបតី ត្រាំ បានសរសេរនៅលើបណ្តាញ Twitter របស់ខ្លួនថា«អាមេរិកបានផ្តល់ជំនួយដល់ប៉ាគីស្ថានគិតជាទឹកប្រាក់មានរហូតដល់ទៅ៣៣ពាន់លានដុល្លារក្នុងរយៈពេល១៥ឆ្នាំ កន្លងមក ប៉ុន្តែអ្វីដែលអាមេរិកទទួល នោះ គឺជាការកុហកបោកប្រាស់តែប៉ុណ្ណោះ។ ពួកគេចាត់ទុកមេដឹកនាំអាមេរិកជាមនុស្សល្ងង់។ ប៉ាគីស្ថានបានផ្តល់កន្លែងលាក់ខ្លួនប្រកបដោយសុវត្ថិភាពដល់ក្រុមភេរវកម្មដែលអាមេរិកស្វែងរកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ ម៉ែវ សាធី


ចែករំលែក៖