ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីជាង ៥០០០នាក់ ចូលរួមបិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៨ U-13 &U-16

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធ​​​​​ពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 2018) ដែលមានក្រុមប្រកួត U-13 ចំនួន ១៨ក្រុម និងU-16 ចំនួន ១៦ក្រុម មកពីសាលា ប៊ែលធី ទាំង ១៨សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង ៥.០០០នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង​ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជា​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​លោក​ស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថាៈ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 2018)នេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងលើវិស័យកីឡាគ្រប់ប្រភេទរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។

សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទ រួមមាន៖

១-អប់រំកាយ​​សម្រាប់សិស្សថ្នាក់ទី១-៦​

២-កីឡា តៃក្វាន់ដូ ​​សម្រាប់សិស្សថ្នាក់ទី៧&៨

៣-កីឡា Futsal (U-13)​សម្រាប់សិស្សថ្នាក់ទី៧&៨​​

៤-កីឡា Futsal (U-16)​សម្រាប់សិស្សថ្នាក់ទី១០&១១

ក្រុមកីឡាករដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ ចែកចេញជា ២ក្រុម គឺ ក្រុមU-13 និង ក្រុម U-16 នឹងទទួលរង្វាន់ ដូចខាងក្រោម ៖

+ ក្រុមជើងឯក (The Winner)

• ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ

• មេដាយមាស

• ថវិកាចំនួន 3,000,000 រៀល

+ ក្រុមជើងឯករង (Runner-up)

• មេដាយប្រាក់

• ថវិកាចំនួន 2,000,000 រៀល

+ ក្រុមលេខ ៣

• មេដាយសំរិទ្ធ

• ថវិកាចំនួន 1,000,000 រៀល

+ ក្រុមគំរូ (Fair Play Team)

• ថវិកាចំនួន 500,000 រៀល

ចំណែកឯក្រុមកីឡាករ ទាំង ២៦ក្រុមផ្សេងទៀត ដែលមិនបានជាប់ជ័យលាភី និងក្រុមជើងឯករដូវកាលមុន ក៏ទទួលបានថវិកាលើកទឹកចិត្តពីលោកបណ្ឌិត លី ឆេង ចំនួន 200,000រៀល ក្នុង ១ក្រុមផងដែរ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ទៅសាលាឲ្យបានទៀងទាត់ និងឆ្លៀតពេលទំនេររបស់ខ្លួនទៅហាត់កីឡា ដើម្បីបង្កើនថាមពលរឹងមាំ និងនាំមកនូវសុខភាពល្អ ក៏ដូចជាបង្កើននូវភាពស្និទ្ធស្នាល រវាងមិត្តភក្តិ សិស្សានុសិស្សរៀនជាមួយគ្នា និងក៏ជាផ្នែកមួយ ដែលធ្វើឲ្យសង្គមជាតិរបស់យើង ពោរពេញទៅដោយធនធានមនុស្សល្អៗ ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។

លោកបណ្ឌិត ក៏បានកោតសរសើរចំពោះ ក្រុមកីឡាករទាំង ១៨សាខា ដែលបានប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកប​ដោយឆន្ទៈ​មុត​មាំ​ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។

បន្ទាប់មក លោកប្រធានគណៈអធិបតី បានបំពាក់មេដាយ ប្រគល់ពាន និងរង្វាន់ដល់កីឡាករជ័យលាភី U-13 និងU-16 ទាំង ២ក្រុម៕ ស រស្មី


ចែករំលែក៖