ព័ត៌មានទាន់ហេតុការណ៍៖

សំណង់កាត់ស្ទឹង “សិរីមង្គល” សាងសង់សម្រេចបាន៦០% ហើយ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ បន្ទាប់ពីបានដឹកនាំ ដាក់វិធានការ និងបែងចែកភារកិច្ច ការទទួលខុសត្រូវដល់ក្រុមការងារ ទប់ទល់នឹងជំនន់ស្ទឹងសង្កែរួចមក លោក​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ទំនប់កាត់ស្ទឹង ស្ថិតនៅក្នុងឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ សំណង់កាត់ស្ទឹងនេះ ត្រូវបានសាងសង់ឡើង ត្រង់ចំណុចប្រសព្វរវាងស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ ។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹក​។

យោងលើឈ្មោះរបស់ស្ទឹងទាំងពីរ ( ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី ) ព្រមទាំងទីតាំងដែលកំពុងសាងសង់ លោក លឹម គានហោ នៅក្នុងឱកាសចុះពិនិត្យការងារនាព្រឹកនេះ បានប្រសិទ្ធនាមសំណង់កាត់ស្ទឹងនេះថា ” សំណង់សិរីមង្គល ” ។

ក្នុងឱកាសចុះពិនិត្យការងារនេះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកអនុវត្តគម្រោង ឲ្យកែសម្រួលនូវបច្ចេកទេសសំណង់មួយចំនួន ដើម្បីធានាបាននូវភាពរឹងមាំនៃសំណង់ ទប់ទល់នឹងកម្លាំងហូរបុករបស់ទឹក ( Water Jump ) ។

ការងារដែលបានអនុវត្តសំខាន់ៗ រួមមាន ៖ សាងសង់សំណង់ទ្វារទឹកស្វ័យប្រវត្តិ សិរីមង្គល ០១ កន្លែង និងជីកស្តារស្ទឹងមង្គលបូរី ( ដែលគោករាក់ស្ទើរស្មើនឹងស្រែ) ប្រវែង ២.៥០០ ម៉ែត្រ ។

ការសាងសង់សំណង់កាត់ស្ទឹង ” សិរីមង្គល ” គឺក្នុងគោលបំណងដើម្បីទាញយកសក្តានុពលទឹករបស់ស្ទឹងទាំងពីរខាងលើ មកប្រើប្រាស់ឲ្យអស់លទ្ធភាព កុំឲ្យហូរចូលទៅបឹងទន្លេសាបដោយឥតប្រយោជន៍ ។ សំណង់កាត់ស្ទឹងនេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការតម្កល់ទឹកទុកនៅក្នុងតួស្ទឹងទាំងពីរ ឲ្យបានយ៉ាងតិច ៥០ លានម៉ែត្រគូប ( នៅរដូវប្រាំង ) សម្រាប់បម្រើឲ្យការស្រោចស្រព ពិសេសគឺដោះស្រាយទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី កុំឲ្យមានការប្រឈមនឹងការខ្វះខាត ដូចពេលកន្លងមក ៕ ចេស្តា


ចែករំលែក៖