ព័ត៌មានទាន់ហេតុការណ៍៖

ស៊ូ ដាណេ ធ្វើខួបកំណើតមុនទៅច្រៀង រាំ នៅប្រទេសបារាំង កាណាដា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងក្រអួន ស៊ូ ដាណេ បានរៀបចំពិធីជប់លៀង ទ្រង់ទ្រាយធំមួយ ដើម្បីអបអរខួបកំណើតគម្រប់វ័យ៣២ឆ្នាំរបស់ខ្លួន មុនពេលចេញទៅច្រៀងរាំនៅប្រទេសបារាំង។

កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានវីហ្វ្រន ក្រោមវត្តមានសិល្បករក្មេង ចាស់ជាច្រើនរូប ។

តារាចម្រៀងស្រីសប្បុរខ្មៅស្រអែម ស៊ូ ដាណេ បញ្ជាក់ថាថា កន្លងមក នាងមិនដែលរៀបពិធីខួបកំណើតបែបលក្ខណៈធំដុំដូចពេលនេះទេ ទោះបីត្រឹម១០តុក៏ដោយ។ នាងថា ការរៀបចំខួបកំណើតនេះ ដូចជាការជួបជុំគ្នាសប្បាយៗប្រកបដោយសិរីសួស្តី គ្រាដែលនាងត្រូវចេញទៅសម្តែងនៅប្រទេសបារាំងនាថ្ងៃទី១៣ ខែមីនាខាងមុខនេះ ។ សំខាន់នាងត្រូវទៅចោលស្រុកខ្មែរលើកនេះដល់ទៅ៦ទៅ៧ខែ ដោយនាងទៅបារាំង១ខែកន្លះ និងបន្តទៅកាណាដាទៀត សរុបបែកមួយលើកនេះច្រើនខែ ទើបរៀបចំខួបកំណើតឲ្យបានរីករាយក្នុងចិត្តជាមុន ។

តារាចម្រៀងដែលមានទឹកដមសំឡេងប្រហាក់ប្រហែលអ្នកចម្រៀងជំនាន់មុន អ្នកស្រី ប៉ែន រ៉ន កញ្ញាស៊ូ ដាណេ បានលើកឡើងថា បើនិយាយពីរឿងទៅក្រៅស្រុក នាងទៅម្តងៗរាប់ខែ ប្លែកពីសិល្បករផ្សេង ដូចកាលពីប៉ុន្មានឆ្នាំមុនទៅអាមេរិក៧ទៅ៨ខែ ក្បែរមួយឆ្នាំ ក៏ព្រោះតែបងប្អូនគាំទ្រស្រឡាញ់ពេញចិត្ត ។

ការដែលបានទៅម្តងៗយូរទី១ នាងចេះជំនាញច្រើន ដូចជាស្មូតច្រៀងចម្រៀងសម័យបាន ពិសេសបទពីដើម គួបផ្សំនាងជាអ្នកសិល្បៈប្រចាំមន្ទីរវប្បធម៌រាជធានីភ្នំពេញ ចេះសម្តែងរបាំល្ខោន យីកេ និងច្រៀងប្រពៃណីផង ទើបអ្នករៀបចំកម្មវិធីគាត់ចង់បាន ។

នាងថា ទៅទីនោះមួយលើកនេះ ក៏នឹងឆ្លៀតពេលបង្ហាត់សិល្បករផ្នែករបាំផ្សេងៗ ជូនកូនខ្មែរនៅស្រុកគេឲ្យយល់ច្បាស់កាន់តែល្អ ដើម្បីចូលរួមថែរក្សាវប្បធម៌ សិល្បៈយើងនៅក្រៅប្រទេស ដែលនាងពេញចិត្តនឹងបំពេញការងារនេះ ។

ការចេញទៅប្រទេសបារាំងលើកនេះ នាងនឹងពាំនាំយកនូវបទចម្រៀង របាំ និងការសម្តែងសិល្បៈខ្មែរទាំងបុរាណ និងសម័យចែកជួនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសបារាំង និងកាណាដាបានទស្សនាកម្សាន្តនាឱកាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។

នាងរំពឹងដែរថា ការចេញទៅច្រៀងរាំលើទឹកដីនៃតំបន់អឺរ៉ុបលើកនេះ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាពុំខាន ៕ វឌ្ឍនា


 

 

IMG_5209 IMG_5149 IMG_5156 IMG_5159 IMG_5160 IMG_5169 IMG_5184 IMG_5196 IMG_5204


ចែករំលែក៖