ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករផ្សារក្រមួនតវ៉ាសុំឲ្យអាជ្ញាធររៀបចំផ្សារកុំឲ្យមានការយកដីចំណីផ្លូវធ្វើអាជីវកម្មនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្រុមអ្នកលក់ដូរបន្លែ ផ្លែឈើនិងលក់សាច់ជ្រូកនៅផ្សារក្រមួន ស្ថិតនៅ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងបាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរក្រុងស្វាយរៀងរៀបចំកន្លែង តូប ក្នុងផ្សារ ក្រមួនសាជាថ្មីដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ អ្នកលក់បន្លែ លក់សាច់ជ្រូក មានកន្លែង លក់ដូរទាំងអស់គ្នា ។ មិនតែប៉ុណ្ណោះពួក គាត់បានចោទប្រកាន់ថា មានអ្នកមានផ្ទះ នៅជួរខាងក្រោយជាប់ថ្មល់ទៅចាប់ដី រំលោភយកដីចិញ្ចើមថ្នល់ជាដីសាធារណៈរបស់រដ្ឋធ្វើតូបជួលធ្វើឲ្យអាជីវករដែលលក់ដូរចិញ្ចឹមជីវិតប្រចាំថ្ងៃគ្មានកន្លែងលក់ ហើយពេលដែលក្រុមអាជីវករតវ៉ាអាជ្ញាធរក្រុងមិនបានដោះស្រាយដោយប្រាប់ថា ពិបាក ដោះស្រាយណាស់ ព្រោះ គេចាប់បានមុន។ ការផ្ទុះជម្លោះនិងតវ៉ានេះកើតឡើង២ថ្ងៃ មកហើយគឺចាប់ពីថ្ងៃទី១៨-១៩ ខែមេសា ឆ្នាំ២០១៧ពុំទាន់មានដំណោះស្រាយ ឡើយ ។

បើតាម អាជីវករម្នាក់ឈ្មោះគង់ សាវៀង ភេទស្រី អាយុ៥៤ឆ្នាំ លក់សាច់ជ្រូកមាន ទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀងបាននិយាយទាំងទឹកភ្នែកថា គាត់ជាស្រ្តីមេម៉ាយ ប្តីរបស់គាត់ឈ្មោះពត សាម័យ ជាមន្រ្តី នគរបាលបានស្លាប់ សព្វថ្ងៃគាត់រស់នៅ ជាមួយកូនស្រីឈ្មោះពតស្រីម៉ៅ អាយុ ២៣ឆ្នាំ ប្រកបមុខរបរលក់សាច់ជ្រូកបន្តិចបន្តួចនៅផ្សារក្រមួននេះគ្រាន់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ ស្ត្រីរូបនេះបន្តទៀតថាគាត់បានមកលក់សាច់ជ្រូកនៅផ្សារក្រមួននេះ២០ឆ្នាំមកហើយ តាំងតែពីមិនទាន់កើតជាផ្សារ ម៉្លេះ គឺដាក់លក់សាច់ជ្រូកមួយគ្រែនៅលើចិញ្ចើមថ្នល់ជាប់របងសាលប្រជុំឆ្នេរទន្លេ ដោយដាក់ឆត្រលក់ ។ ក្រោយមកក៏មាន ឈ្មោះចូវ យុន ភេទស្រី ដែលមានផ្ទះនៅជួរ ខាងក្រោយជាប់ថ្នល់ ស្ថិតនៅភូមិរោងបន្លែដែរបានធ្វើតូបខាងក្រោយផ្ទះលើចំណីផ្លូវសម្រាប់លក់ដូរ ហើយបានឆ្លងថ្នល់ទៅចាប់ដីលើចិញ្ចើមថ្នល់ម្ខាងទៀត ដែលជាកន្លែងគាត់ដាក់គ្រែលក់សាច់ជ្រូក១០ឆ្នាំមក ហើយនោះ ដោយប្រាប់ថាជួលឆត្រគេ ពិបាកលក់ណាស់គាត់ (ចូវ យុន) សុំធ្វើ តូប ហើយជួលមួយថ្ងៃ១.៥០០រៀល ដាក់ គ្រែពីរ៣.០០០រៀល គាត់ (គង់សាវៀង) បានយល់ព្រមនិងជួលតូប​ដាក់គ្រែមួយ តម្លៃ១៥០០រៀលក្នុងមួយថ្ងៃស្រាប់តែនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ឈ្មោះចូវ យុន និងកូនបានមកបិទទ្វារតូបរួចយកគ្រែរបស់គាត់ដាក់លក់សាច់ជ្រូកចេញនិង ឈប់ជួលឲ្យគាត់លក់ទៀត តើគាត់ទៅលក់ កន្លែងណា? ពីព្រោះគាត់លក់សាច់ជ្រូកនៅកន្លែងនេះម្ភៃឆ្នាំមកហើយ ។

រីឯស្ត្រីឈ្មោះចូវ យុន អាយុ៥៨ឆ្នាំ ដែល ជាម្ចាស់តូបបាននិយាយថា គាត់បានចាប់ ដីចំណីផ្លូវនេះធ្វើតូបជួលបានជាង១០ឆ្នាំ មកហើយគឺជួលឲ្យមនុស្ស២នាក់ ហើយបានបង់ប្រាក់ឲ្យអាជ្ញាធរក្រុងស្វាយរៀង ក្នុងមួយឆ្នាំ៥ម៉ឺនរៀល បច្ចុប្បន្នគាត់ឈប់ ជួលដោយចង់យកតូបកន្លែងនេះឲ្យកូន លក់ដូរដែរ រីឯខាងក្រោយផ្ទះទុកសម្រាប់ចេញចូលរថយន្ត ។

ចំណែកក្រុមអាជីវករផ្សេងទៀតបាន និយាយថា ដោយមានអ្នកលក់ដូរមកលក់នៅទីនេះច្រើនកើតជាផ្សារក្រោយមកមានអ្នកលក់ដូរចាប់ហួយលក់ខោអាវនិងលក់ ផ្លែឈើ មកចាប់ដីធ្វើតូបលក់ដូរ ស្រាប់តែប្រជាពលរដ្ឋមួយចំនួនដែលមានផ្ទះនៅជួរ ខាងក្រោយជាប់ថ្នល់ក៏បានធ្វើតូបជួលខាងក្រោយផ្ទះនិងឆ្លងថ្នល់ទៅចាប់ដីចំណីផ្លូវ របស់រដ្ឋធ្វើ ជាកម្មសិទ្ធិរួចចាក់ដីធ្វើតូបជួលនិងដាក់ឆត្រ័ជួលធ្វើឲ្យបាត់បង់កន្លែងលក់ដូររបស់ពួកគាត់ ដែលមានផ្ទះនៅឆ្ងាយដូច ជាអ្នកលក់សាច់ជ្រូក សាច់មាន់ លក់ត្រី លក់បន្លែ ។ ជាពិសេស អ្នកក្រីក្រលក់តាមកញ្ច្រែងកញ្ជើល្អី ត្រូវបង្ខំចិត្តជួលកន្លែង គេលក់ (ក្រោយផ្ទះគេ ដីគេចាប់បានមុន)ធ្វើឲ្យពួកគាត់ចំណាយប្រាក់ច្រើនគឺបង់ថ្លៃដី ថ្លៃឆត្រ ថ្លៃតូប និងបង់ថ្លៃភាស៊ីទៀតផង ។ ដូច្នេះពួកគាត់ដែលគ្មានកន្លែងលក់ខ្លួនឯងសំណូមពរដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមេត្តាអន្តរាគមន៍ឲ្យអាជ្ញាធរខេត្តដោះស្រាយ រៀបចំផ្សារជាថ្មីដើម្បីឲ្យពួកគាត់ដែលមានជីវភាពក្រីក្រមានកន្លែងលក់ដូរស្របច្បាប់ផង ។

ទាក់ទិនករណីការតវ៉ារបស់អាជីវករនេះលោកឈីវ សារ៉ន អភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀងឲ្យដឹងថា រឿង អាជីវករជួលដីជួលតូបនោះ គឺជាការព្រមព្រៀងនិងការសម្របសម្រួលគ្នា រវាង ម្ចាស់ដីម្ចាស់តូបជាមួយអ្នកជួល ។ ទោះបី ដីនេះជាចិញ្ចើមថ្នល់ជាដីសាធារណៈរបស់ រដ្ឋពិតមែនក៏ប៉ុន្តែប្រជាពលរដ្ឋសំអាងថា ពួកគាត់មានផ្ទះជាប់ទីនេះពួកគាត់ចាប់បានមុន ទើបពិបាកដោះស្រាយ ហើយបើអ្នកណាម្នាក់មិនសុខចិត្តសូមឲ្យដាក់ពាក្យ បណ្តឹងទៅសាលាសង្កាត់ស្វាយរៀងចាំ អាជ្ញាធរដោះស្រាយ ។

ដោយឡែកអាជីវករ ម្ចាស់តូបនិយាយ ថា គាត់បង់ឲ្យអាជ្ញាធរក្រុង៥ម៉ឺនរៀលក្នុង ១ឆ្នាំនោះ គឺមានបង់មែន ក៏ប៉ុន្តែមានអ្នកបង់បួនប្រាំតូបប៉ុណ្ណោះ ដើម្បីឲ្យអាជ្ញាធរជួយការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់ហើយនៅឆ្នាំ២០១៧នេះឈប់បង់ហើយ ។

ប្រជាពលរដ្ឋបានរិះគន់ថា ដោយសារ តែអាជ្ញាធរក្រុងបានកម្រៃ ទើបបណ្តោយឲ្យអ្នករស់នៅជិតផ្សារក្រមួនមួយចំនួនយកដី សាធារណៈរបស់រដ្ឋធ្វើអាជីវកម្ម ហើយ ពេលមានជម្លោះគ្មានដំណោះស្រាយ ៕ យឹម សុថាន

 


ចែករំលែក៖