ព័ត៌មានទាន់ហេតុការណ៍៖

អ៊ឹម ជីវ៉ា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅកោះកុងស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកោះកុង៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់សិល្បករក្រោយពីតារាសិល្បៈ លោក អ៊ឹម ជីវ៉ា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅស្រុកស្រែអំបិលខេត្តកោះកុង។ គ្រោះថ្នាក់នេះកើតឡើងកាលពីរាត្រីទាបភ្លឺចូលថ្ងៃទី១៤ខែធ្នូនេះបណ្តាលឲ្យអ្នកបើកបរម្នាក់ស្លាប់បាត់បង់ជីវិត។

តារាសម្តែងលោកអ៊ឹមជីវ៉ាបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅស្រុកស្រែអំបិលខេត្តកោះកុងក្នុងពេលដែលលោកបានធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រដែលនៅក្នុងហេតុការនោះបានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់។ លោកអ៊ឹមជីវ៉ាបានអះអាងថាមុនជួបហេតុការណ៍ខាងលើនេះរថយន្តរបស់លោកបានខូចរួចហើយលោកក៏បានជួលរថយន្តមួយដើម្បីសណ្តោងរថយន្តរបស់លោកយកមកធ្វើនៅភ្នំពេញវិញក្នុងតម្លៃ១៥០ដុល្លារ។លោកបញ្ជាក់ថាអ្នកបើរថយន្តសណ្តោងនោះបានឲ្យលោករកមនុស្សម្នាក់ដើម្បីកាន់ចង្កូតរថយន្តរបស់លោកក្នុងតម្លៃ២០ដុល្លារបន្ថែមទៀតហើយលោកក៏យល់ព្រមក្នុងតម្លៃសរុបចំនួន១៧០ដុល្លារ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បត្តិ៍ទី១៤ខែធ្នូឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងសន្ដោងអូសគ្នាស្រាប់តែបើកធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់មួយគ្រឿងនៅលើផ្លូវជាតិលេខ៤៨ចន្លោះបង្គោលគីឡូលេខ២២-២៣ស្ថិតក្នុងភូមិជីខឃុំជីខលើស្រុកស្រែអំបិលខេត្តកោះកុង។រថយន្តទី១ម៉ាកLEXUS ពាក់ស្លាកលេខភ្នំពេញ 2H-9069 ពណ៌ខ្មៅនិងរថយន្តទី២ម៉ាកLEXUS ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AP-9487 បានសន្ដោងអូសគ្នាពីកោះកុងទៅភ្នំពេញពេលមកដល់ចំណុចខាងលើស្រាប់តែរថយន្តទាំងពីរបានធ្លាក់ថ្នល់បណ្ដាលឲ្យក្រឡាប់១គ្រឿងពណ៌ទឹកមាសស្លាប់បុរសម្នាក់ឈ្មោះញនប្រុសភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ៤ក្រុងខេមរភូមិន្ទខេត្តកោះកុងរីឯអ្នកបើកបររថយន្តពណ៌ខ្មៅគេចខ្លួនបាត់។ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិលដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ចំណែកសាកសពត្រូវបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បើតាមលោកអ៊ឹមជីវ៉ាមិនដឹងមានហេតុការណ៍យ៉ាងទើបធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនោះឡើយខណៈពេលដែលលោកក៏បានចូលរួមសម្តែងការសោកស្តាយចំពោះការស្លាប់របស់អ្នកកាន់ចង្កូតឡានរបស់លោកផងដែរ។រួមដំណើរជាមួយតារារូបនេះក៏មានអ្នកសិល្បៈមួយចំនួនដែលគេស្គាល់គឺតារាសិចស៊ីកញ្ញាយ៉ាយ៉ាផងដែរ៕ វឌ្ឍនា


ចែករំលែក៖