ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់ដីបង្អើលក្មេងស្ទាវ ដេញកាប់គ្នានៅក្នុវត្តឫស្សីស្រស់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារកុំឲ្យកើតមានអំពើហិង្សាកាន់តែធំ លោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបាញ់ភ្ញច់ដីចំនួន២គ្រាប់ ផ្ទុះតែ១គ្រាប់ប៉ុណ្ណោះ ដើម្បបង្អើលក្រុមក្មេងស្ទាវដេញកាប់គ្នាតាំងពីក្នុងបុរីស៊ីធីហោស ទៅដល់ក្នុងបរិវេណវត្តឫស្សីស្រស់ កាលពី វេលា ម៉ោង ៩៖ ២០ នាទី យប់ ថ្ងៃ ទី ១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

តាមប្រភព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងស្ទាវពីរក្រុមបានឈ្មោះពាក្យសំដីគ្នា មួយសន្ទុះក្រោយមក ក៏ឈានដល់ការប្រើអំពើហិង្សាវាយទាត់ធាក់គ្នានៅក្នុងបរិវេនបុរី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ។ បន្ទាប់មកក្មេងស្ទាវ១ក្រុម ក៏រត់ទៅក្នុងបរិវេណវត្តឫស្សីស្រស់ ហើយក្មេងស្ទាវ១ក្រុមទៀត បានដេញតាមទៅសងសឹកនៅក្នុងវត្តបន្ថែមទៀត ដោយប្រើប្រាស់ដំបងនិងដុំថ្មគប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានរបួសស្រាលទាំងសងខាង ។ ក្នុងចំណោមក្មេងស្ទាវទាំងនោះ មានក្មួយប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រីម្នាក់ផងដែរ ។

ដោយដឹងថា ក្មួយកាន់ដំបងទៅវាយគេ ភ្លាមនោះលោកឧត្តមសេនីយ៍ត្រីយោធាបានទាញកាំភ្លើងខ្លីរត់ដេញតាមពីក្រោយ ពេលទៅដល់ក្នុងបរិវេណវត្តឫស្សីស្រស់ឃើញក្មេងស្ទាវកំពុងតែវាយគ្នាខ្លះកាន់ដុំថ្ម ខ្លះកាន់ដំបង លោកឧត្តមសេនីយ៍ត្រីយោធាម្នាក់នោះ ក៏បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ ដើម្បីបង្អើលតែមិនផ្ទុះ បន្ទាប់មក ក៏អាម៉េទម្លាក់គ្រាប់ចេញហើយបាញ់១គ្រាប់ទៀតទើបផ្ទុះ ធ្វើឲ្យក្រុមក្មេងស្ទាវរត់ចែកជើងគ្នា ។

លោកម៉ៅ សឿន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានឲ្យដឹងថា ពិតជាមានការផ្ទុះអាវុធមែនដោយសារតែមានក្មេង២ក្រុមដេញវាយគ្នាតាំងពីក្នុងបុរីស៊ីធីហ្គោល រហូតទៅដល់ក្នុងបរិវេណវត្តឫស្សីស្រស់ ។ ដោយខ្លាចកើតអំពើខ្លាំងឡើងៗ មានលោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ដកកាំភ្លើងខ្លីបាញ់បង្អើលដើម្បីបំបែកហ្វូង ប៉ុន្តែការផ្ទុះអាវុធនេះមិនមានបង្ករបួសស្នាមដល់អ្នកណាឡើយ គឺជាការបាញ់បង្អើលទប់ស្កាត់កុំឲ្យក្មេងស្ទាវឈ្មោះកាប់ ចាក់គ្នា ព្រោះមានក្មួយលោកឧត្តមសេនីយត្រីយោធានៅក្នុងនោះម្នាក់ដែរ ។

ឥឡូវនេះបានធ្វើរបាយការណ៍ និងរាយការណ៍ទៅថ្នាក់លើអស់ហើយពីករណីផ្ទុះអាវុធនេះ ៕ សណ្តោស


ចែករំលែក៖