ព័ត៌មានទាន់ហេតុការណ៍៖

អស្ចារ្យណាស់ ចុងភៅស្ត្រីខ្មែរដំបូងគេ ឈ្នះជ័យលាភី “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក”រហូតអន្តរជាតិថា “ពានរង្វាន់អូស្ការ” ក្នុងវិសយម្ហូបអាហារ

ចែករំលែក៖

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលនិងសាទរខ្លាំងក្រោយពីគេទទួលបានដំណឹងថាសៀវភៅធ្វើម្ហូបខ្មែរឈ្មោះ “សោយ” ដែលជាស្នាដៃ របស់ចុងភៅជាស្ត្រីខ្មែរសុទ្ធសាធ ទទួលបានជ័យលាភី “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក” នៅទីក្រុង Riyahd ប្រទេស អារ៉ាបប៊ីសាអូឌីត ។ នេះបើតាមហ្វេសប៊ុករបស់Chef Nak បានផ្សាយនាថ្ងៃ៣០ វិច្ឆិកា ។

សៀវភៅនេះត្រូវរៀបរៀង ដោយចុងភៅលំដាប់ប្រទេស ដែលគ្រប់គ្នាស្គាល់ថា “Chef Nak “ ហើយការទទួលបានពានរង្វាន់លំដាប់ពិភពលោកដំបូងគេនេះមិនមែនជារឿងចៃដន្យឡើយហើយច្បាស់ណាស់ក្រោយបានទទួលពានរង្វាន់ Gourmand Award ហើយ សារព័ត៌មានអន្តរជាតិ ដាក់រហស្សនាមថាជា “ពានរង្វាន់អូស្ការ” ក្នុងវិសយពានរង្វាន់ធ្វើម្ហូបអាហារ ថែមទៀតផង។តាមរយៈការបញ្ជាក់របស់កំពូលចុងភៅ Chef Nak បានលើកឡើងថា សមិទ្ធផលនេះ ជាសក្ខីភាពនៃការអបអរសាទរ សិល្បៈនៃការធ្វើម្ហូបខ្មែរ ការអភិរក្សប្រវត្តិសាស្ត្រ និងចែករំលែករសជាតិ ជាមួយនិងពិភពលោកទាំងមូលផងដែរ ហើយមុននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានចូលរួមអបអរសាទរ យ៉ាងក្លាវក្លាចំពោះសមិទ្ធផលដ៏មោទភាពសម្រាប់គាត់និងពលរដ្ឋកម្ពុជានេះផងដែរ។ 

  គួរបញ្ជាក់ផងដែរថា Chef Nak មានឈ្មោះពេញថា  រស់ រតនៈ ដែលត្រូវបានគេស្គាល់តាមឈ្មោះ ចុងភៅ ណាក់ គឺជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន រតនៈ ដែលមានភោជនីយដ្ឋានលក្ខណៈគ្រួសារបែបទំនើបមួយឈ្មោះថា «ម្ហូប»។អ្នកនាងមានវ័យ៣៤ឆ្នាំ បានបើកភោជនីយដ្ឋាន «ម្ហូប»ចាប់តាំងពីឆ្នាំ២០១៨ គឺជាភោជនីយដ្ឋានលក្ខណៈគ្រួសារបែបទំនើបមុនគេបង្អស់នៅទីក្រុងភ្នំពេញ ដែលផ្តល់នូវបទពិសោធន៍ដ៏ពិសេសជាមួយនឹងការចម្អិនម្ហូបខ្មែរដែលមានរសជាតិដើម នៅផ្ទះឈើបុរាណខ្មែរ ដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា។ក្នុងកិច្ចប្រឹងប្រែងថែរក្សាម្ហូបខ្មែរ ចុងភៅ ណាក់ កំពុងសរសេរសៀវភៅមុខម្ហូបមួយក្បាលនិងផលិតវីដេអូខ្លីអំពីការចម្អិនម្ហូបខ្មែរ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមដើម្បីឲ្យពិភពលោកបានស្គាល់ម្ហូបខ្មែរដែលត្រូវបានគេមើលរំលង។កន្លងទៅអ្នកនាងលើកឡើងថា «ខ្ញុំស្រឡាញ់ម្ហូបខ្មែរ ហើយខ្ញុំចង់ធ្វើអីលើកស្ទួយម្ហូបខ្មែរឲ្យពិភពលោកគេស្គាល់ឲ្យស្មើរនឹងប្រទេសជិតខាងរបស់យើងហ្នឹង»។អ្នកនាងធ្លាប់បាន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីផ្សព្វផ្សាយសៀវភៅមុខម្ហូបរបស់អ្នកស្រី ដែលមានកម្រាស់ ២០០ទំព័រ និងរៀបរាប់ពីរូបមន្តម្ហូបខ្មែរ៨០មុខ។ នេះត្រូវបានចាត់ទុកថាជាមោទភាពយ៉ាងក្រៃលែងដែលម្ហូបខ្មែរជាផ្នែកមួយនៃអត្តសញ្ញាណរស់របស់វប្បធម៌ខ្មែរ ត្រូវបានលើកយកទៅបង្ហាញនៅលើឆាកអន្តរជាតិ និងម្ហូបដែលត្រូវបានទទួលស្គាល់ថាជាអាហារដែលមានរសជាតិឆ្ងាញ់ ខណៈដែលស្នាដៃរបស់អ្នកនាងក៏ត្រូវបានគេចាត់ទុកថាជាឯកសារស្រាវជ្រាវសំខាន់ស្តីពីមុខម្ហូបខ្មែរដែលគួរតែត្រូវបានឲ្យតម្លៃ និងលើកទឹកចិត្ត ព្រោះតែការធ្វើម្ហូបបានបង្កប់ដោយអត្តសញ្ញាណព្រលឹងខ្មែរ  ក៏បង្ហាញពីសិល្បៈនៃការចម្អិនម្ហូបអាហារដ៏សម្បូរបែប ទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែរីករាយនឹងដំណើរកម្សាន្តមកកាន់កម្ពុជា។ ពានរង្វាន់ដែលស្ត្រីខ្មែររូបនេះទទួលបានក៏ត្រូវបានឆ្លុះបញ្ចាំងពីភាពខ្លាំងអង់អាចក្លាហាន របស់ស្ត្រីខ្មែរលើឆាកអន្តរជាតិផងដែរ ហើយកន្លងទៅស្ត្រីខ្មែររូបនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញផ្សព្វផ្សាយម្ហូបខ្មែរតាមរយៈការ ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ដើម្បីស្វែងរកនិងធ្វើការកត់ត្រាទុកនូវអ្វីដែលអ្នកស្រីបានហៅថា «ម្ហូបដែលត្រូវបានបំភ្លេច» ដើម្បីធ្វើឲ្យម្ហូបខ្មែរទាំងអស់នោះរស់ឡើងវិញ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖