ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាក់សាំងដុតតូបលក់ឥវ៉ាន់ បណ្តាលឲ្យស្ត្រីម្នាក់ រួមជាមួយក្មេងស្រីតូចម្នាក់ទៀត រងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។
លោក លឹម ហាក់ នាយការិយាល័យព្រហ្មទ័ណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនបង្កមានឈ្មោះ សុខ រ៉ាម៉េត អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថា រូបគេមានការអត់ចិត្តនឹងនារីជាសង្សារ ហើយក៏ឈ្លោះប្រកែកគ្នា ទើបធ្វើឲ្យរូបគេទ្រាំមិនបានក៏យកសាំង១ដបទៅចាក់ស្រោចតូបហើយដុតចោលតែម្តង។
លោកនាយការិយាល័យបានបញ្ជាក់ថា ចំពោះស្ត្រីរងគ្រោះមានឈ្មោះ លី សុគន្ធា អាយុ២៤ឆ្នាំ បានរងរបួសរលាកខ្លួន ចំណែកកូនស្រីរបស់នាង( ជាកូនប្តីដើម) ឈ្មោះ ម៉ៅ សុឡី អាយុ១០ឆ្នាំ ឆេះរលាកធ្ងន់ធ្ងរ រីឯតូបវិញឆេះអស់ស្ទើទាំងស្រុង។ ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ចន្ថា