ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖​ សន្ដិភាពគឺជាគន្លឹះចំពោះអ្វីៗគ្រប់យ៉ាង បើគ្មានសន្ដិភាព គឺមានការអភិវឌ្ឍនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា សន្ដិភាពគឺជាគន្លឹះចំពោះអ្វីៗគ្រប់យ៉ាង បើគ្មានសន្ដិភាព គឺមានការអភិវឌ្ឍនោះទេ។ ការថ្លែងបែបនេះ​របស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាឱកាសអញ្ជើញ​ចូលរួម​ពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់​ឱន និងសន្តិភាព ហៅកាត់ថា (IPTP) ដែលរៀបចំដោយរដ្ឋសភា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ នៅសណ្ឋាគារ​សុខា​ភ្នំពេញ​។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា​ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះកម្ពុជាបានឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាមទម្រាំទទួលបាននូវសន្ដិភាព ដូច្នេះទើបយើងបានឱ្យតម្លៃខ្លាំងណាស់ចំពោះសន្ដិភាព សម្រាប់មនុស្សជាតិ និងភពផែនដី។

នាឱកាសនោះ​ដែរ​ លោក Ahmed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីមនុស្សជាតិ និងភាពអត់ឱន (GCTP) បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់សន្តិភាពពិភពលោក។ លោក​ប្រធានក្រុមប្រឹក្សាសកល បានបញ្ជាក់ថា សម័យប្រជុំនាពេលនេះពិតជាមានភាពចាំបាច់ដោយត្រូវដាក់ចេញជាធម្មនុញ្ញសន្តិភាព ដើម្បីឱ្យសកលលោកចាកចេញពីការបង្ហូរឈាម, ការគំរាមកំហែង និងការបង្កភាពលំបាកដល់ជនភៀសខ្លួន ដែលឱកាសនេះជាសាក្សីមួយតំណាងប្រជាជនដែលកំពុងប្រឈម។

ដោយឡែក​ លោក Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមស្វែងរកការផ្សះផ្សាជាតិ និងសន្ដិភាព សម្រាប់ប្រទេសកម្ពុជារហូតមានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ខណៈប្រទេសវៀតណាម  គឺជាដៃគូអភិវឌ្ឍមួយរបស់កម្ពុជា និងគាំទ្រគំនិតផ្ដួចផ្ដើមនៃការថែរក្សាសន្ដិភាពសម្រាប់តំបន់ និងពិភពលោក។ 

សូមជម្រាបជូនថា​ ក្នុងពិធីបើកសម័យប្រជុំនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់​​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនឹងឥស្សរជន​ជាប្រធាន​ស្ថាប័ន​សភា​អន្តរជាតិមួយចំនួនទៀត។ សម័យប្រជុំពេញអង្គលើកទៅ១១ ដែលធ្វើឡើង​នៅ​ឆ្នាំ​នេះ​កិច្ច​ប្រជុំ​នេះ​ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន។​ សម័យប្រជុំនេះដែរ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​សុខាភ្នំពេញ៕

ដោយ​ ៖តារា​


ចែករំលែក៖