ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងមន្ទីរយុត្តិធម៌នៃបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធាន មន្ទីរយុត្តិធម៌សហការជា មួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុនិងមានការសម្របសម្រួលនីតិវិធីដោយលោក រស់ សារាំ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុបានចុះ បង្រ្កាបទូហ្គេមបាញ់ត្រីអត់ច្បាប់អនុញ្ញាត១កន្លែងស្ថិតនៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថាករណីបង្ក្រាបទូហ្គេមបាញ់ត្រីនេះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកមើលការ ខុសត្រូវ២នាក់ ១-ឈ្មោះ សរ រតនៈ ភេទ ប្រុស អាយុ២៧ឆ្នាំ ទី២-ឈ្មោះ ចាន់ ចន ភេទប្រុស អាយុ៣៨ឆ្នាំ ។ ក្នុងនោះឃាត់ ខ្លួនអ្នកលេងបាន៦នាក់ ១-ឈ្មោះ អុល ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ អឿន ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ៣-ឈ្មោះ កែវ សែ ភេទប្រុស អាយុ ៣២ឆ្នាំ ៤-ឈ្មោះ សឿង សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ៥-ឈ្មោះ បោន ចាន់ធូ ភេទប្រុស អាយុ២១ឆ្នាំ ៦-ឈ្មោះសោម តាប់ ភេទ ប្រុស អាយុ២៥ឆ្នាំ ។ ទាំង៦នាក់ រស់នៅខេត្តព្រះសីហនុ ។
មន្ត្រីអាវុធហត្ថបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានទូហ្គេមបាញ់ត្រីចំនួន២ទូកៅអីអង្គុយមូលចំនួន១០កៅអី ទូរស័ព្ទដៃចំនួន៥គ្រឿង សៀវភៅបញ្ជី ចំណូល-ចំណាយ១ក្បាល ចង្កោមសោ ទូហ្គេមចំនួន២ ប្រាក់រៀលចំនួន៤១៩.៥០០ រៀល ស្លាកបម្រាមចំនួន២៥សន្លឹក ការបូប ខ្មៅចំនួន១ តុជ្រុងចំនួន១ ។
បច្ចុប្បន្នជនញៀនល្បែងហ្គេមទាំងអ្នកមើលការខុសត្រូវនិងអ្នកលេងត្រូវបាន ឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕ ឆ្លាមសមុទ្រ