ព័ត៌មានទាន់ហេតុការណ៍៖

Man City, Liverpool និង Chelsea បានត្រឹមស្មើគូប្រកួតនៅ Premier League

ចែករំលែក៖

ក្រុមខ្លាំងៗចំនួន៣គឺ Man City, Liverpool និង Chelsea បានត្រឹមស្មើគូប្រកួតជាមួយ Brentford, Nottingham និង Bournemouth ក្នុងការប្រកួតនៅ Premier League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករានេះ។

សម្រាប់ក្តីសង្ឃឹមរបស់ Manchester City ក្នុងការឈ្នះពាន Premier League ជាលើកទី៥ជាប់ៗគ្នាបានទទួលរងនូវលទ្ធផលមិនសមប្រកបម្តងទៀត ខណៈដែលពួកគេបានត្រឹមស្មើ Brentford ២ទល់២ បន្ទាប់ពីក្រុមមេឃខៀវមួយនេះបាននាំមុខ២គ្រាប់មុនទៅហើយ ត្រូវក្រុមម្ចាស់ផ្ទះតាមស្មើវិញនៅចុងម៉ោង។

Brentford បានតាមពីក្រោយដោយគ្រាប់បាល់២គ្រាប់នៅនាទីទី៨២ ដោយកីឡាករ Yoane Wissa និងប្រធានក្រុម Christian Norgaard រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៩០+២បានធ្វើឱ្យពួកគេទទួលបាន១ពិន្ទុ។

ក្រុមរបស់លោក Pep Guardiola បាននាំមុខមុននៅនាទីទី៦៦ និងនាទីទី៧៨ ដោយខ្សែប្រយុទ្ធ Phil Foden ទាំង២គ្រាប់ពីការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះរបស់ Kevin de Bruyne ពីខាងស្តាំ។

Man City បានឈ្នះពាន Premier League កាលពីរដូវកាលមុន ប៉ុន្តែការឈ្នះតែមួយលើកគត់ក្នុងការប្រកួតលីកចំនួន៩ក្នុងខែវិច្ឆិកា និងខែធ្នូ បានបំផ្លាញក្តីសង្ឃឹមរបស់ពួកគេក្នុងការលើកពាននៅរដូវកាលនេះ។

ការទទួលជ័យជម្នះលើក្រុម Leicester និង West Ham ក៏ដូចជាការយកឈ្នះ ៨-០ លើក្រុម Salford City ក្នុងក្របខ័ណ្ឌ FA Cup បានជំរុញទឹកចិត្តរបស់ Man City ប៉ុន្តែលទ្ធផលនៅ Premer League នៅតែមិនទាន់ប្រសើរឡើង។ បច្ចុប្បន្ន Man City ឈរនៅលេខ៦មាន៣៥ពិន្ទុ ចាញ់ក្រុមកំពូលតារាង១២ពិន្ទុ។

ចំណែកក្រុមកំពូលតារាង Liverpool ក៏បានត្រឹមស្មើម្ចាស់ផ្ទះ Nottingham Forest ១ទល់១ដែរ ដែលលទ្ធផលនេះធ្វើឲ្យក្រុម Nottingham Forest កាន់តែលេចធ្លោក្នុងរដូវកាលនេះជាមួយនឹងលទ្ធផលមិនទាន់ចាញ់សោះក្នុង៧ប្រកួតជាប់គ្នា។

Nottingham Forest  ដែលជាការដេញតាមពីក្រោយការឈ្នះលីកជាលើកទី៧ជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ១៩២២ បាននាំមុខបន្ទាប់ពីបានត្រឹមតែ៨នាទីប៉ុណ្ណោះ នៅពេលដែល Chris Wood ស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទី ។

ក្រុមរបស់លោក Nuno Espirito Santo ធ្វើបានយ៉ាងល្អនៅដើមរដូវកាលនេះដែលពួកគេបានព្យាយាមរហូតឡើងមកឈរចំណាត់ថ្នាក់លេខ២ក្នុងតារាង Premier League។ ក្រុមហង្សក្រហមរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី៦៦ ដោយកីឡាករ Diogo Jota នៅពេលដែលគាត់បានទាត់បាល់ជ្រុងពីការបញ្ជូនរបស់កីឡាករបម្រុង Kostas Tsimikas។

លទ្ធផលនេះធ្វើ Nottingham Forest នៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី២បន្ទាប់ពី Liverpool ដែល Nottingham មាន៤១ពិន្ទុក្នុង២១ប្រកួត ខណៈ Liverpool មាន៤៧ពិន្ទុក្នុង២០ប្រកួត។ Liverpool បន្ទាប់ពីមានភាពរអាក់រអួលនៅពេលដែលប្រកួតកាលពីសប្តាហ៍មុន ដោយស្មើជាមួយ Manchester United នៅ Anfield និងនៅទីនេះនៅ Nottingham Forest ក៏ដូចជាចាញ់ Tottenham ក្នុងការប្រកួត League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ។ បើទោះបីជាមិនបានល្អបំផុត ប៉ុន្តែ Liverpool នៅតែជាទីតាំងមួយដែលពួកគេនឹងរីករាយ ប្រសិនបើការប្រកួតបន្តបន្ទាប់ទទួលបានលទ្ធផលល្អ។

ដោយឡែកក្រុមតោខៀវ Chelsea ក៏មិនខុសពីក្រុមធំៗខាងលើដែរ ដោយបានត្រឹមស្មើ ២ទល់២ទៅលើក្រុម Bournemouth។ ប្រធានក្រុម Chelsea កីឡាករ Reece James ជាអ្នករកគ្រាប់បាល់តាមស្មើនៅម៉ោងបន្ថែមដើម្បីសង្គ្រោះក្រុមតោខៀវយក១ពិន្ទុនៅកីឡដ្ឋាន Stamford Bridge ។

ខ្សែប្រយុទ្ធ Cole Palmer បានបើកការស៊ុតបញ្ចូលទីឱ្យ Chelsea នាំមុខនៅនាទីទី១៣នៅពេលដែលគាត់ទទួលបានឱកាសល្អពីអ្នកចាំទី Bournemouth ដែលភ្លាត់ស្នៀតទាល់បាល់ខុសបច្ចេកទេស។

ថ្វីបើ Chelsea គ្រប់គ្រងក្នុងតង់ទី១ក៏ដោយ ក៏ក្រុម Bournemouth ទទួលបានឱកាសតាមស្មើនៅតង់ទី២ពេលដែល Justin Kluivert ស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករក្រុមតោខៀវបង្កកំហុសនៅតំបន់គ្រោះថ្នាក់នៅនាទីទី៥០។

Bournemouth បានរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះវិញនៅនាទីទី៦៨ពីការស៊ុតបាល់ពីជើងឆ្វេងដ៏ប៉ិនប្រសប់របស់ Semenyo ដែលបានរំលង Sanchez ហើយបានចូលពីបង្គោលខាងឆ្វេងបំប៉ោងសំណាញ់ទីតែម្តង។ ប៉ុន្តែ Chelsea បានព្យាយាមរហូតបានសម្រេចរកគ្រាប់បាល់តាមស្មើនៅក្នុងម៉ោងបន្ថែមនាទីទី៩០+៥ ដោយកីឡាករ Reece James រហូតចប់ការប្រកួតគូទាំង២ស្មើគ្នា២ទល់២។

លទ្ធផលនេះធ្វើឲ្យ Chelsea បន្តឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ចាញ់១០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ខណៈដែលក្រុម Bournemouth ស្ថិតនៅលេខរៀងទី៧ ដោយចាញ់តែ៣ពិន្ទុតាមពីក្រោយក្រុមតោខៀវ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖