ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរថយន្តម៉ាក មែកសឺដេស ស៊េរីទំនើប តម្លៃជាង២០ម៉ឺនដុល្លារ ដោយមានតៃកុនឡានម្នាក់ និងថៅកែប្រុស ស្រី២នាក់ ដែលគេស្គាល់ថាជាម្ចាស់គ្លីនិកឯកជនយីហោ “កម្ពុជា” កំពុងតែបើកបរតាមបណ្តោយផ្លូវ៦៣ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចខាងក្រោយវត្តកោះ ស្រាប់តែតៃកុងឡានមានអាការ វិលមុខ និងងងឹតមុខ ហើយក៏ជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស 470 មួយគ្រឿង បណ្តោយជារងការខូចខាតតិចតួច ហើយក៏មិនចង់វែងឆ្ងាយ ម្ចាស់រថយន្តជិះទៅបាត់ ទើបបន្តទៅបុក រថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-0799 និងរថយន្តហាយឡេនឌឺ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2V -3000 ២គ្រឿង ដែលកំពុងចតស្ងៀម ពេញទំហឹងបណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារកង់ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយអន្តរាគមន៍ ដោយលើករថយន្តបង្កក្រឡាប់មកវិញដើម្បី ទាញតៃកុងឡាន និងថៅកែ២នាក់ខាងក្រោយ ចេញវិញ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនបង្កឈ្មោះ សូត្រ សារឿន ភេទប្រុស អាយុ២៥ ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ជាតៃកុងឡានឲ្យថៅកែមន្ទីរពេទ្យ កម្ពុជា ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយវត្តកោះ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើ មិនទាន់មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ៦៣ លុះដល់ចំណុចកើតហេតុ ស្រាប់តែតៃកុងឡានរេចង្កូតទៅបុក តាកូម៉ា បន្ទាប់មករថយន្តតាកូម៉ា ក៏បន្តទៅបុករថយន្តហាយឡេនឌឺទៀត ។
ប្រភពបន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្តមែកសឺដែស ត្រូវបានប្រជាពលរដ្ឋអូសចេញពីរថយន្ត ព្រមជាមួយថៅកែប្រុស ស្រី២នាក់ផងដែរ ដោយខាងរថយន្តបង្កជាថៅកែបានព្រមសងថ្លៃខូចខាតទៅខាងរថយន្តតាកូម៉ា និងហាយឡេនឌឺ ដើម្បីបញ្ចប់រឿងផងដែរ ៕ ស ដារ៉ា
សូមអានបន្ត ៖ និសិ្សតពេទ្យម្នាក់ត្រូវចោរប្លន់បាញ់៤គ្រាប់ស្លាប់យកម៉ូតូមួយគ្រឿង នៅខណ្ឌទួលគោក