ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរិះគន់ ចំពោះ អាជ្ញាធរ និងស្ថាប័ណ្ណ ដែលពាក់ព័ន្ធ មិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរនៅតាមចិញ្ចើមផ្លូវ ព្រមទាំង ការលក់គ្រឿងសង្ហារឹម និងលក់អីវ៉ាន់ផ្សេងៗ ដាក់តាំងលក់លយចេញមកលើ ចិញ្ចើមថ្នល់ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុងឡើយ។
បើយើងធ្វើដំណើរតាមផ្លូវលេខ១៦៣ ចាប់ពីវត្តមហាមន្ត្រីរហូតមកដល់កែងផ្លូវម៉ៅសេទុង យើងនឹងបានឃើញផ្ទះភាគច្រើនមានការដាក់តាំងលក់គ្រឿងសង្ហារឹម អាណាធិបតេត្យ លយចេញមកលើ ចិញ្ចើមផ្លូវតែម្តង ហើយទីតាំងទាំងនេះស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់អូរឡាំពិកសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ សកម្មភាពរំលោភ យកចិញ្ចើមផ្លូវលេខ១៦៣នេះ មិនមែនតើបតែកើតមានទេ គឺមានយូរណាស់មកហើយ។
សកម្មភាពទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួកគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសំរាប់ពួកគាត់ ហើយម៉្យាងវិញទៀត វាបង្កអោយមានការកកស្ទះចរាចរ ដោយសារតែ មានរថយន្ត និងរឺុម៉កម៉ូតូមកចត ដាក់អីវ៉ាន់ផងដែរ។
អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលពួកគាត់ មានការទើសភ្នែក ទើសច្រមុះបាន និយាយដោយសូម មិនបញ្ចេញឈ្មោះថា អាជ្ញាធរខណ្ឌចំការមន រួមទាំងស្ថាប័ណ្ណពាក់ព័ន្ធ មិនបានយកចិត្ដទុក ដាក់ការថែរក្សាសោភ័ណ្ឌភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវឱ្យបានល្អ។
នេះក៏ជាទង្វើមួយដ៏អាក្រក់ របស់ អាជីវករលក់គ្រឿងសង្ហារឹមផលិតពីអ៊ីណុកនៅតាមផ្ទះដែរ ហេតុដូច្នេះហើយ ពួកគាត់សូមឱ្យ អាជ្ញាធរខណ្ឌចំការមន ជួយដើរមើលផងទាន កុំទុកអោយនៅបែបនេះទៀតអី វាធ្វើអោយប៉ះពាល់ខ្លាំងណាស់ ។
ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច គួរតែរៀបចំសណ្តាប់ធ្នាប់ ទុកចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើងដើរផង ។
ប្រជាពលរដ្ឋ ក៏សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកប្រធានបទ ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត មក ប្រើឱ្យបានជាប់ជានិច្ច មិនមែនទឹកចូលច្រមុះហើយទើបធ្វើនោះទេ នេះជាបំណងល្អពី ប្រជាពលរដ្ឋរស់នៅក្នុងរាធានីភ្នំពេញ ៕ ជ្រោយពេជ្រ