ភ្នំពេញ: ចោរស្រីដៃឆើតម្នាក់បានធ្វើ សកម្មភាពឆក់ខ្សែកក្មេងស្រីអាយុ៧ឆ្នាំ បានសម្រេចប៉ុន្តែរត់មិនរួចត្រូវឪពុកក្មេងស្រីចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរ។
ករណីនេះបង្កមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកន្លែង ប្រគំតន្ត្រីក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ម៉ាប់ ហៅលក្ខ អាយុ២០ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខមានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង។
ដើមបណ្តឹងឈ្មោះ ជុំ ណាក់ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើហើយមានស្រុកកំណើតនៅភូមិត្រើយទន្លាប់ ឃុំព្រះ បាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
បើតាមសម្តីស្ត្រីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់និងប្តីបាន នាំកូនស្រីឈ្មោះ ទួន ស្រីនុត អាយុ៧ឆ្នាំ ទៅមើលការប្រគំតន្ត្រីនៅជិតផ្ទះជួលរបស់គាត់។
ខណៈដែលគាត់កំពុងតែមើលការប្រគំតន្ត្រីនោះស្រាប់តែមានជនសង្ស័យខាងលើឆ្លៀតឱកាសឆក់យកខ្សែកកូនស្រីគាត់ បានសម្រេចតែរត់មិនរួចត្រូវប្តីរបស់គាត់ក្របួចជាប់រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនិងអប់រំណែនាំ។
សមត្ថកិច្ចបានប្រាប់ថាករណីខាងលើនេះដើមបណ្តឹងបានសុំឲ្យសមត្ថកិច្ចគ្រាន់តែអប់រំទៅលើស្ត្រីខាងលើប៉ុណ្ណោះថ្ងៃក្រោយកុំឲ្យធ្វើអំពើអាក្រក់ដូចខាងលើទៀត ៕ សហការី