ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចម៉ាស៊ីនកាណូតពីកំពង់លែង សមត្ថកិច្ចចាប់បាននៅឆ្នុកទ្រូ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ដែលជំនាញខាងលួចម៉ាស៊ីនកាណូតរបស់អ្នកស្រុក ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន បន្ទាប់ពីលួចម៉ាស៊ីនកាណូតពីឃុំផ្លូវទូក ស្រុកកំពង់លែង ។

ហេតុការណ៍ឃាត់ជនសង្ស័យលួចម៉ាស៊ីនកាណូតនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនេះ មាន ឈ្មោះផឹង-ជាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំផ្លូវទូក ស្រុកកំពង់លែង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញវត្ថុងតាង ម៉ាស៊ីនម៉ាស៊ីនកាណូតហ៊ីណូតា០១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋនៅឃុំផ្លូវទូក បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិផ្លូវទូកថា មានជនសង្ស័យបានលួចម៉ាស៊ីនកាណូតពីឃុំផ្លូវទូក បានយកលក់ឃុំឆ្នុកទ្រូ ។ ពេលនោះសមត្ថកិច្ចឃុំផ្លូវទូកសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិឆ្នុកទ្រូ បានធ្វើការឃ្លាំមើល និងបានឃើញជនសង្ស័យមកដល់មាត់ទន្លេឆ្នុកទ្រូ និងបានសួរនាំ រួចធ្វើការឃាត់ខ្លួនតែម្តង ។

នៅចំពោះសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ាស៊ីនកាណូតពិតប្រាកដមែន ។ ក្រោយពីធ្វើកាសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

aew


ចែករំលែក៖