ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើៈ មើលមុខ តើសង្សារគេឬយើង ពេលប៉ូលិសបង្ហាញជនល្មើសក្នុងបុណ្យអុំទូក ?

ចែករំលែក៖

ប្រឹងសន្សំកំប៉ុងប៊ីយ៉ែរជាងមួយខែទើបបានលក់ឲ្យអេតចាយថ្ងៃនេះបានលុយល្មមហូប សាច់គោអាំងមួយចាន និង ឡាប់យ៉េ(ស្រាបៀរ)មួយថូ ។ ខ្ញុំទុកម៉ូតូកញ្ចាស់នៅក្រៅហាងសាច់ អាំងម្តុំទួលគោក រួចចូលទៅអង្គុយតុមួយនៅឆ្ងាយពីគេ តែក្បែរតុក្មួយស្រីវ័យជាង២០ឆ្នាំ ប្រមាណ៥-៦នាក់ កំពុងហូបសាច់គោអាំងជជែកគ្នាស្ទើរបែកពពុះមាត់ ។

អ្នករត់តុមកសួរខ្ញុំ លោកពូពិសាអី ? ខ្ញុំប្រាប់ថា សាច់គោអាំងមួយចាន និង ឡាប់យ៉េរ មួយថូបានហើយ! ។ អ្នករត់តុធ្វើមុខជ្រួញ រួចសួរខ្ញុំថា ស្អីគេឡាប់យ៉េរពូ ? ខ្ញុំហួសចិត្ត តែគិតថា ក្មេងស្រករក្រោយពិតជាមិនធ្លាប់ស្គាល់ពាក្យថា ឡាប់យ៉េរមែនក៏ប្រាប់វាថា គឺស្រាបៀរដែលខ្លះគេហៅថា ប៊ីយ៉ែរ នឹង ណាអាក្មួយ! ។ អ្នករត់តុងក់ក្បាល រួចដើរចេញផុតទៅ ។

ក្រឡេកមកមើលនាងៗ ក្បែរតុខ្ញុំឯណេះវិញ ពួកគេកំពុងជជែកគ្នាវ៉ែ ពីរឿង តើសង្សារគេឬយើង ពេលប៉ូលិសបង្ហាញមុខក្នុងបុណ្យអុំទូកខាងមុខនេះ ? នាងៗទាំងនេះម្នាក់ៗសុទ្ធតែកាន់ទូរស័ព្ទទំនើបក្នុងដៃរៀងខ្លួន ហើយពួកគេនាំគ្នាឆែកព័ត៌មាន ដែលទាក់ទិនរូបថតជន ល្មើស ដែលសមត្ថកិច្ចប្រកាសបង្ហាញមុខ ឲ្យប្រជាពលរដ្ឋចូលរួមបុណ្យអុំទូកមានការប្រុងប្រ យ័ត្ន និងស្គាល់មុខឲ្យហើយ ព្រោះជនល្មើសរាប់រយនាក់ទាំងនេះ ខ្លះជាអ្នកទើបដោះលែងពី គុក ដែលពាក់ព័ន្ធ ឃាតកម្ម លួច ប្លន់ ឆក់ រំលោភសេពសន្ថវៈ និងរំលោភសេចក្តីទុកចិត្តជាដើម ។

ក្មួយស្រីម្នាក់សម្បុរសណ្តែកបាយ លាបសក់ពណ៌ទង់ដែងដូចបារាំង នៅពេលឆែកមើលព័ត៌មានក្នុងទូរស័ព្ទនោះបានលាន់មាត់ប្រាប់មិត្តភ័ក្តិរួមតុជាមួយថា អីយ៉ា! អាមួយនេះ ជាប់ទោសពីបទឆក់ មុខដូចសង្សារអញណាស់វើយ តិចនឹងទៅ? ភ្លាមនោះនាងម្នាក់ទៀត ដែលមានវ័យក្មេងជាងគេ បានពង្រីករូបជនល្មើសក្នុងអេក្រង់ទូរស័ព្ទឲ្យធំក៏លាន់មាត់ដែរ ថា ចំណែកអាមួយនេះជាប់ចោទករណីប្លន់ ក៏មុខស្រដៀងសង្សារអញដែរ យ៉ាងម៉េចចេះអញ? បាត់មាត់មួយសន្ទុះ នាងម្នាក់ដែលមិនសូវមានវោហានឹងគេ ក៏បានបង្ហាញរូបថតជនល្មើសម្នាក់ក្នុងទូរស័ព្ទ ប្រាប់មិត្តភក្តិនឹងគេដែរ ថា ហ្អា! អាមួយនេះកាលពីឆ្នាំមុនពេលអញទៅបុណ្យ កឋិននៅស្រុកកំណើតមកញ៉ែអញ ហើយចាប់មាន់ដុតឲ្យស៊ីទៀត អីឡូវមានទោសស្អីដែរ ? ដោយមិនអស់ចិត្ត នាងក៏ពង្រីករូបថតមើលដោយចង់ដឹងថា ម្នាក់នឹងមានទោសអី? មិនបាន ប៉ុន្មានផងនាងស្រែកវ៉ាសពេលឃើញប្រឡៅពាក់នឹងកជននោះសរសេរថា ពាក់ពន័្ធបទល្មើស លួចមាន់ ។ ពួកនាងៗអស់ពីឆ្ងល់ នាំគ្នាទះដៃសើចគឹល ព្រោះហួសចិត្តនឹងបទល្មើសលួចមាន់ ក៏ជាប់គុកដែរ ។

កំពុងតែស្តាប់យ៉ាងជក់ចិត្តនូវរឿងរ៉ាវនាងស្ទាវមួយក្រុមនេះនិយាយ អ្នករត់តុបានលើក សាច់គោអាំងទឹកប្រហុក និងឡាប់យ៉េរមកដល់ ។ ខ្ញុំលើកឡាប់យ៉េរ ចាក់ចូលក្នុងកែវរួចលើកក្រេបពីរ បីក្អឹក ព្រមទាំងយកចង្កិះចាប់សាច់គោអាំងជាប់ខ្លាញ់ក្លែមតាមក្រោយ។ ខ្ញុំចេះតែគិតថា ម៉្យាងដែរដែលបានស្តាប់ក្រុមនាងស្ទាវមួយក្រុមនិយាយរឿងរ៉ាវខ្លាចមានសង្សារប៉ះចំជនល្មើសបែបនេះ ហើយរឿងនេះបើពិតជាមានមែន សូមយុវតីទាំងឡាយគិតពិចារណាឲ្យមែនទែន កុំឲ្យគេដៀលថា យកប្តីចោរជាជនល្មើស ឬដូចពាក្យចាស់ពោលថា ធ្វើស្រែខុស មួយឆ្នាំ ត្រូវមួយឆ្នាំ តែបើយកប្តីខុសគឺ ខុសអស់មួយជីវិត ពោលបើយកប្តី្ត ឈ្មោះប្រពន្ធក៏ចោរ ដែរ ត្រូវតែដឹង ៕ នាយជាល


ចែករំលែក៖