ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ បាន ដឹកនាំមន្រ្តីគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបដោយជិះឧទ្ធម្ភាគចក្រត្រួត ពិនិត្យបទល្មើសនៅលើផ្ទៃបឹងទន្លេសាប។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេ សាបបានថ្លែងថា បន្ទាប់ពីការបើកប្រតិបត្តិការបង្រ្កាបអស់រយៈពេលពីរខែកន្លងទៅនៅតំបន់មួយចំនួនគ្មានបទល្មើសនេសាទទៀតនោះទេតែតំបន់មួយចំនួនទៀតក៏នៅមានចំនួនច្រើននៅឡើយ ។
បើតាមការបញ្ជាក់របស់លោក វេង សាខុន តំបន់ដែលនៅមានបទល្មើស នេសាទសាច់អួនច្រើននោះរួមមាន ខេត្ត កំពង់ធំ កំពង់ឆ្នាំង និងខេត្តសៀមរាប។
ដើម្បីដោះស្រាយបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបដែលត្រូវបានគេចាត់ ទុកជាបទល្មើសមានភាពស្មុគស្មាញនិងបង្ក ការឈឺក្បាលខ្លាំងនេះ លោក វេង សាខុន បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំមន្រ្តីពាក់ព័ន្ធទាំងអស់ប្រជុំពិភាក្សារិះរកវិធានការបន្ថែមនៅថ្ងៃទី៣ ខែ មីនានេះ ។
សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានចាត់វិធានការក្តៅបោសសម្អាតឲ្យអស់នូវបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបព្រមទាំងបានព្រមានដកហូតតំណែង អភិបាលខេត្តនិងមន្រ្តីនៅជុំវិញបឹងទន្លេសាបរូបណាដែលពាក់ព័ន្ធបទល្មើសនេះ ថែមទៀតផង ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់និងបង្រ្កាប បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបនេះ កាលពីខែធ្នូ ឆ្នាំ២០១៦ រាជរដ្ឋាភិបាល កម្ពុជាបានសម្រេចបង្កើតគណៈកម្មការ អន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបមានលោក វេង សាខុន ជាប្រធាន។
ក្រោយគណៈកម្មការនេះចេញជារូបរាង ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានធ្វើឡើងយ៉ាងក្តៅ គគុកផងដែរ។ រយៈពេលពីរខែដើមឆ្នាំ ២០១៧គឺខែមករា និងកុម្ភៈគណៈកម្មការ នេះបានបង្រ្កាបបទល្មើសនេសាទបាន ៦៧៤ករណី បញ្ជូនសំណុំរឿងទៅតុលាការ ១៨ករណី។ ជនសង្ស័យ៥១នាក់ត្រូវ បញ្ជូនទៅតុលាការ និង៣៧នាក់ត្រូវបាន ដាក់ពន្ធនាគារ និងរឹបអូសបំផ្លាញវត្ថុតាង ចោលចំនួន៦៥៦ករណី ៕ ហេង សូរិយា