ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ អាក្នុងអ្នកចាប់ អាក្រៅអ្នក នាំចូល តើថ្ងៃណាបានអស់?

ចែករំលែក៖

កំពុងតែតាមដានព្រឹត្តិការណ៍សមត្ថកិច្ចបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនរយៈ ២ខែមកនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែប៉ុន្មានថ្ងៃមកនេះនាយជាលទទួលព័ត៌ មានថា នៅឯខេត្តស្ទឹងត្រែងឯណោះសមត្ថកិច្ចចាប់បានមេខ្លោងជនជាតិឡាវម្នាក់ និង បានរឹបអូសថ្នាំញៀនដែលគេនាំចូលពីឡាវមកកម្ពុជាដល់ទៅជាង៥គីឡូក្រាម ។

ពុទ្ធោអឺយ! ចឹងតើបានជាបង្រ្កាបមិនចេះអស់ អាក្នុងចេះតែបង្ក្រាបទៅបើអាក្រៅនៅតែនាំចូលគ្មានញញើតយ៉ាងនេះ តើថ្ងៃណាកម្ពុជាអស់ថ្នាំញៀន? ទាំងនេះនៅមិនទាន់គិតថ្នាំញៀនមួយចំនួនដែលសមត្ថកិច្ចចាប់មិនបាន និងអាក្នុងមួយចំនួនលួចលាក់ ផលិតខ្លួនឯងផងតើទៅជាយ៉ាងណា ?

នាយជាលកំពុងស្ងើចសរសើរក្នុងចំណាត់ការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេស របស់រាជរដ្ឋាភិបាលក្នុងរយៈពេល២ខែកន្លងមកនេះថា ពិតជាបានកាត់បន្ថយបាន ច្រើន ព្រោះបើតាមពិនិត្យក្នុងរយៈពេលនេះសមត្ថកិច្ចចាប់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀនបានច្រើនរហូតរកគុក និងមន្ទីរកែប្រែដាក់មិនចង់បានផង។ ជាមួយគ្នានេះ ដែរថ្នាំញៀនក៏បានរឹបអូសបានច្រើនគួរសមគួរតែកាត់បន្ថយបទល្មើសមួយនេះជួយសង្គមបានហើយ ។

និយាយដល់ត្រង់សមត្ថកិច្ចរឹបអូសថ្នាំញៀនបានច្រើនគួរសមនេះនាយជាលហាក់ដូចជាភ្ញាក់ខ្លួនព្រឺត និងចេះតែឆ្ងល់ថា ត្រង់ជនអ្នកប្រព្រឹត្តសមត្ថកិច្ចចេះបង្ហាញតួលេខឲ្យដឹង ចុះចំនួនថ្នាំញៀនរឹបអូសយកបានពីជនល្មើសម៉េចមិនបូកសរុបបង្ហាញតួលេខឲ្យដឹង ឬយកទៅដុតកម្ទេចចោលឲ្យដឹងផង?

នាយជាលមិនមែនចង់លូកលាន់ ឬជ្រៀតជ្រែកកិច្ចការនេះទេ តែអ្វីដែលជាការរួមចំណែកបង្រ្កាបគ្រឿងញៀនបានជោគជ័យនោះទាល់តែនាំគ្នាបំផ្លាញគ្រឿងញៀនចាប់ មេខ្លោងផលិតចែកចាយយកទៅដាក់គុកឲ្យបានរួមជាមួយដុតបំផ្លាញគ្រឿងញៀនឲ្យអស់កុំចាប់ពីមុខចេញតាមផ្លូវក្រោយចង់និយាយថា ប្រយ័ត្នចាប់បានថ្នាំញៀននៅ កន្លែងនេះធ្លាយមានលក់នៅកន្លែងនោះ។ ដូចពេលនេះជាដើមសមត្ថកិច្ចនៅខាងក្នុងខំបង្រ្កាបចង់ងាប់បែរជាមេខ្លោងខាងក្រៅលួចនាំចូលរាប់គីឡូក្រាម បើតែយ៉ាងនេះ តើថ្ងៃណាកម្ពុជាអស់ថ្នាំញៀន? ៕ នាយជាល

 


ចែករំលែក៖