ភ្នំពេញ៖ លោក គឹម សន្តិភាព មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅគ្មានផ្តល់ផលប្រយោជន៍ណាមួយសោះដល់ជនដែលកំពុងជាប់ឃុំខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ ។
ការលើកឡើងរបស់មន្ត្រីក្រសួងយុត្តិធម៌នេះ ក្រោយពីសកម្មជនដីធ្លីដែលតែងតែធ្វើយុទ្ធនាការអាវខ្មៅ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រចូលរួមក្នុងការធ្វើយុទ្ធនាការនេះ ឲ្យបានច្រើនជាងមុន ដើម្បីបង្ហាញទៅរាជរដ្ឋាភិបាល ក្រុមអ្នកតវ៉ាអះអាងថា តែងតែចាប់អ្នកគ្មានកំហុសដាក់ពន្ធនាគារ។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ លោក គឹម សន្តិភាព នៅយប់ថ្ងៃទី១៧ ខែមេសា សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុក ថា យុទ្ធនាការនេះគ្មានផ្តល់ផលប្រយោជន៍ណាមួយសោះដល់ដល់ជនដែលកំពុងជាប់ឃុំខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់នោះទេ ។
លោកថា “ ផ្ទុយទៅវិញអ្នករៀបចំ អ្នកចូលរួមក្នុងយុទ្ធនាការនេះអាចប្រឈមនឹងផ្លូវច្បាប់ប្រសិនបើយុទ្ធនាការនេះបម្រើអោយគោលដៅទុច្ចរិតណាមួយដែលច្បាប់បានកំណត់ថាជាបទល្មើស “ ។ លោកអះអាងថា គ្មានជម្រើសណាមួយក្រៅពីការអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលធ្វើសកម្មភាពប្រឆាំងនឹងច្បាប់នោះទេ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម ។
លោកចង់ឲ្យអ្នកទាំងនោះ តវ៉ាតាមផ្លូវច្បាប់វិញ ដោយលោកសរសេរថា “ ការតវ៉ាផ្លូវច្បាប់តាមនីតិវិធីតុលាការ នោះទើបផ្តល់ផលប្រយោជន៍ដល់ជនទាំងនោះ ។
គួរបញ្ជាក់ថា ថ្ងៃច័ន្ទទី១៧ ខែមេសា ជាសប្តាហ៍ទី៥០ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល តែងតែពាក់អាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រីគ.ជ.ប លោក នី ចរិយា អ្នកតាមដានបញ្ហាសង្គម លោក គឹម សុខ សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី បើទោះបីជាបុរសម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត រួចហើយក៏ដោយ ៕ ចេស្តា