គេខ្សឹបថា បើទោះបីជា មានការបង្ក្រាបដោយតឹងតែងចំពោះការដឹកជញ្ជូនឈើយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ឈ្មួញ ឈ្មោះជា ពៅ ដែលមានទីលំនៅភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅតែជាជនឈរលេខ១ នាំមុខគេ ក្នុងការរកស៊ីឈើប្រណីត នាំចេញទៅក្រៅប្រទេស ។ គេខ្សឹបថា អាជ្ញាធរខេត្តពោធិ៍សាត់ មិនមានលទ្ធភាពក្នុងការបង្ក្រាបការរកស៊ីរបស់ឈ្មួញម្នាក់នេះនោះឡើយ ។
ប្រភពបានឲ្យដឹងថា មិនមែនតែឈើនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នោះទេ ដែលឈ្មួញ ជា ពៅ ឈរចាំទិញជាចំហនោះ សូម្បីតែឈើដែលនៅក្នុងប្រទេសថៃ ក៏ឈ្មួញរូបនេះលូកដៃធ្វើសកម្មភាពដែរ។ ឈ្មួញដ៏មានឥទ្ធិពលម្នាក់នេះ បានចំណាយលុយប្រើប្រជាពលរដ្ឋខ្មែរចូលក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូងយកមកលក់ឲ្យខ្លួនទៀតផង ។ ឈើទាំងនោះត្រូវបានដឹកជញ្ជូនតាមច្រកថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ការដឹកជញ្ជូនឈើធ្វើឡើងជាចំហរតាមរថយន្តកុងតឺន័រធំៗ ។
ប្រភពបានបន្ថែមទៀតថា ឈ្មួញជា ពៅ បានដឹកឈើគ្រញូងយកមកស្តុកក្បែរស្ថានីយប្រេងមួយកន្លែង ស្ថិតក្នុងភូមិ-ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សកម្មភាពនៃការដឹកជញ្ជូនឈើ ក៏ដូចជាការទិញឈើនៅក្នុងតំបន់ បានប្រព្រឹត្តទៅជាចំហរ ។ ឈ្មួញម្នាក់នេះ ត្រូវគេរាយការណ៍ថា បាននឹងកំពុងចិញ្ចឹមប្រជាពលរដ្ឋ ច្រើនរយនាក់ នៅក្នុងរបររកស៊ីចូលព្រៃកាប់ឈើទាំងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក៏ដូចជាក្នុងទឹកដីថៃជាដើម ៕