អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់ថា អឺរ៉ុបចាំបាច់ត្រូវតែ បង្ហាញពី ឆន្ទៈរបស់ខ្លួន ក្នុងពេលដែនសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកមិនគួរឲ្យទុកចិត្ត។
បើទោះបីលោកស្រីមិនលើកឡើង ចំៗទៅលើប្រធានាធិបតីអាមេរិក ប៉ុន្តែ គោលបំណងរបស់លោកស្រី គឺមិនចង់ឲ្យអឺរ៉ុបពឹងពាក់លើប្រទេសណាមួយទៀតឡើយ។ លោកស្រីម៉ាកគែល បានលើកឡើងថា ពេលវេលាដែលអឺរ៉ុប ពឹងផ្អែកអ្នកដទៃ បានឆ្លងផុតហើយ។ លោកស្រីបន្តទៀតថា «ជាការពិតណាស់យើង ចាំបាច់ត្រូវបានទំនាកទំនងមិត្តភាព ជាមួយអាមេរិក អង់គ្លេស និងប្រទេសជិតខាងផ្សេងទៀតដូចជារុស្ស៊ី។ យើងត្រូវតែតស៊ូ ប្រយុទ្ធដើម្បីអានាគតរបស់ខ្លួន(អឺរ៉ុប)»។
នៅក្នុងកិច្ចប្រជុំ G-7 ដែលបានធ្វើឡើងនៅថ្ងៃទី២៦ និង២៧ ក្នុងប្រទេសអ៊ីតាលី កាលពីពេលកន្លងមក លោកត្រាំបានថ្កោលទោស សមជិកសំខាន់នៅក្នុងអង្គការណាតូ ហើយលោកត្រាំ ក៏បានបដិសេធបកស្រាយ ពីកិច្ចព្រមព្រៀងស្តីពីបម្រែប្រួលអាកាសធាតុ ដែលអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានព្រមព្រៀង កាលពីនៅជាប្រធានាធិបតី។ នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ ប្រធានាធិបតីអាមេរិក និងមេដឹកនាំដទៃទៀត មិនចុះសម្រុងនឹងគ្នា ដូចជា បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងកាណាដា ជប៉ុនជាដើម។
សកម្មភាពខាងលើ បានបង្ហាញយ៉ាងច្បាស់ពីការបែកបាក់រវាងអាមេរិក អង់គ្លេស នឹងអឺរ៉ុប ក្រោមការដឹកនាំរបស់អឺរ៉ុប ។ ទាំងនោះហើយ ធ្វើឲ្យគេនឹកឃើញដល់ សម្តីរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទិន បានលើកឡើងថា អឺរ៉ុបបានដើរតាម ការចង្អុលបង្ហាញរបស់អាមេរិក មិនមានអ្វីដែលជាគោលដៅរបស់ខ្លួនឯងដែលត្រូវដើរ។
នៅពេលនេះដែរ អឺរ៉ុប កំពុងតែ រកផ្លូវដើរដោយខ្លួនឯង ឈប់ពឹងពាក់លើប្រទេសដទៃ ក្នុងនោះមានអាមេរិក និងអង់គ្លេសជាដើម ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធ និងកិច្ចប្រជុំ G -7នោះដែរ ពីគេហទំព័រ China daily នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧បានផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្តែងការ ខកចិត្តយ៉ាងខ្លាំងដោយមានសេចក្តីថ្លែងការណ៍ របស់កិច្ចប្រជុំកំពូល G7 ពីសមុទ្រចិនភាគខាងត្បូង និងខាងកើត ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានបង្ហាញការខកចិត្តចំពោះសេចក្តីថ្លែងការណ៍ បាននិយាយថា “ពួកគេនៅតែមានការព្រួយបារម្ភអំពីស្ថានភាពនៅភាគខាងកើត និងភាគខាងត្បូងសមុទ្រចិន” ក្នុងកិច្ចជំនួបកំពូល២ថ្ងៃជាប់គ្នា នៅភាគខាងត្បូងប្រទេសអ៊ីតាលី ត្រូវបានបញ្ចប់កាលពីថ្ងៃសៅរ៍ ។
លោក Lu បន្តទៀតថា “យើងមិនពេញចិត្តដែលកិច្ចប្រជុំកំពូល G7 បានលើកបញ្ហានៃសមុទ្រចិនភាគខាងត្បូង និងខាងកើតស្ថិតនៅក្រោមការបន្លំធ្វើជាច្បាប់អន្ដរជាតិ “។ លោកបានបន្តថា ជំហររបស់ចិនលើបញ្ហាសមុទ្រចិនខាងត្បូង និងខាងកើតគឺ “ច្បាស់លាស់ និងសមស្រប” វាតែងតែជាការប្តេជ្ញាចិត្តដើម្បី គ្រប់គ្រងឲ្យបានត្រឹមត្រូវ និងដោះស្រាយជម្លោះ តាមរយៈការចរចាជាមួយបណ្តាប្រទេសជាប់ពាក់ព័ន្ធដោយផ្ទាល់ ៕ ម៉ែវ សាធី