អាមេរិកបានបង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញពិភពលោក ដោយគ្មាន ប្រទេសណាមួយហ៊ានជំទាស់នោះទេ ចំណែកប្រទេសផ្សេងវិញ នឹងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីអាមេរិក។ ទាំងនោះហើយទើបអ្នកវិភាគបានលើកឡើងថាហេតុអ្វីបានជាអាមេរិកបង្កើតទីតាំងយោធា និងពង្រាយអាវុធនៅគ្រប់ទិសទីបាចំណែក ប្រទេសផ្សេងមិនអាចធ្វើបាន?
ចំពោះហេតុការណ៍បែបនេះ កន្លងមកអ្នកឯកទេសយុទ្ធសាស្ត្ររបស់អាមេរិកបានលើកឡើងថា ការណ៍ដែលអាមេរិកបង្កើតទីតាំងយោធានិងបញ្ជូនអាវុធដាក់ជុំវិញ ពិភពលោកនោះ ដោយសារតែអាមេរិកមានតួនាទីការពារសន្តិភាពពិភពលោក ក្នុង នាមជាប្រទេសមហាអំណាច ។ ចំណែក ប្រទេសដទៃវិញ មិនមានតួនាទីនោះ ឡើយដូច្នេះ តើដាក់ទីតាំងយោធានៅក្រៅប្រទេសដើម្បីអ្វីទៅ។ ការដាក់ទីតាំងយោធាក្រៅប្រទេសរបស់ប្រទេសផ្សេងទៀត ក្រៅពីអាមេរិកគឺធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង។
ដូច្នេះប្រទេសដែលមានបំណងបង្កើតទីតាំងយោធាឬសព្វាវុធនៅក្រៅប្រទេស ឬអាវុធនោះ ត្រូវបានអាមេរិកចាត់ទុកថាជាសកម្មភាពសម្រាប់ប្រឆាំងនឹងប្រទេសមហាអំណាចអាមេរិក ធ្វើឲ្យសន្តិសុខនៅក្នុងតំបន់កាន់តែតានតឹង។
ជាក់ស្តែងកន្លងមកថ្មីៗអាមេរិកបានថ្កោលទោសនិងចោទប្រកាន់ចិនថា បង្កើតទីតាំងយោធានៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាប្រទេសទិញអាវុធពីចិនច្រើនបំផុត ។
កាលពីថ្ងៃពុធទី ៧មិថុនា ទីក្រុងប៉េកាំង បានវាយបកវិញ ដោយទាត់ចោលរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក ដែលបានចោទទីក្រុងប៉េកាំងថា កំពុង ពង្រីកកម្លាំងយោធារបស់ខ្លួន នៅក្នុងពិភព លោក។
ទីក្រុងប៉េកាំងនៅបានចាត់ទុករបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងការពារជាតិ អាមេរិកថា ធ្វើឡើងដោយគ្មានការទទួលខុសត្រូវ និងជាមួយព័ត៌មានមិនពិត។ តាមរបាយការណ៍ប្រចាំឆ្នាំ របស់មន្ទីរបញ្ច កោណ ដែលចេញផ្សាយនៅថ្ងៃអង្គារថា ប្រទេសចិនកំពុងបង្កើនវត្តមានទ័ពរបស់ ខ្លួន នៅក្នុងពិភពលោក តាមរយៈ ការ សាងសង់មូលដ្ឋានទ័ព នៅលើទឹកដី បរទេស នៅក្នុងបណ្តាប្រទេសដែលចិនរាប់ជាមិត្ត និងដែលចិនកំពុងមានទំនាក់ទំនងសេដ្ឋកិច្ច ដូចជាប្រទេសប៉ាគីស្ថានជាដើម ដែលមានយុទ្ធសាស្រ្តយោធាស្រដៀង នឹងចិន។
ចិនមិនបានរៀបចំផែនការពង្រីកដែនយោធា និងដែនឥទ្ធិពលរបស់ខ្លួនឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន។ នៅថ្ងៃពុធទី៧ ខែ មិថុនាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកស្រីហួ ឈុនយីង បាននិយាយថា រដ្ឋាភិបាលចិនប្រឆាំងដាច់ខាតនឹងខ្លឹមសារចុះផ្សាយរបស់របាយការណ៍អាមេរិក និងថា កិច្ចសហការជាមិត្តភាពរវាងចិន នឹងប៉ាគីស្ថាន គឺមិនបានសំដៅដល់បុគ្គល ទី៣នោះទេ។
សូមបញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់របស់ចិន ដែល មានឈ្មោះថា ខ្សែក្រវាត់ និងផ្លូវ ចិននិងប៉ាគីស្ថានកំពុងរួមគ្នាសង់តំបន់សេដ្ឋកិច្ច ដែលជាស្ពានតភ្ជាប់រវាងភាគពាយ័ព្យរបស់ចិនទៅសមុទ្រអារ៉ាប់។ ឥណ្ឌាបានបញ្ចេញ សំឡេងមិនពេញចិត្ត ព្រោះថា ផ្លូវដែលចិន និងប៉ាគីស្ថានកំពុងគ្រោងបង្កើតឡើងនេះ ត្រូវឆ្លងកាត់តំបន់ជម្លោះកាស្មៀរ ដែល ឥណ្ឌាកំពុងទាមទារឈ្លោះដណ្តើមគ្នាជា មួយប៉ាគីស្ថាន។
ប៉ាគីស្ថានអាចជាដែនដីថ្មីរបស់ចិន បន្ទាប់ពីជីប៊ូទី ប្រទេសតូចមួយ នៅទ្វីប អាហ្វ្រិក ដែលចិនបានចាប់សាងសង់មូលដ្ឋានទ័ពលើកដំបូងរបស់ខ្លួន នៅទឹកដី បរទេស។ នៅខែកុម្ភៈ ឆ្នាំ ២០១៦ ចិនបានសាងសង់មូលដ្ឋានទ័ពបរទេសនៅលើជីប៊ូទី គឺនៅតែប៉ុន្មានគីឡូម៉ែត្រ ពីមូលដ្ឋានទ័ព អាមេរិកដែលមានរួចហើយ នៅជីប៊ូទី។ ទីក្រុងប៉េកាំងធ្លាប់លើកឡើងថា កំពង់ផែ របស់ចិន នៅជីប៊ូទីមិនមែនជាមូលដ្ឋានទ័ពនោះទេ ប៉ុន្តែ ជាកន្លែងសម្រាប់ទទួលសម្ភារ យោធា ក្នុងក្របខ័ណ្ឌ បេសកកម្មរបស់កងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ សម្រាប់ដឹកជញ្ជូនជនជាតិចិន ក្នុងករណី មានអាសន្ន និងដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងចោរសមុទ្រ នៅសូម៉ាលី។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានពង្រឹង និងបង្កើនវត្តមានយោធារបស់ខ្លួន ជាពិសេស នៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនកំពុងឈ្លោះដណ្តើមជាមួយប្រទេស មួយចំនួនរបស់អាស៊ាន។ តាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក កោះ សិប្បនិមិត្តចំនួន៣ដែលចិនកំពុងសង់ និង បំពាក់សព្វាវុធ នៅសមុទ្រចិនខាងត្បូងនឹងអាចដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗ បន្ទាប់ពីចិនដំឡើងចប់សព្វគ្រប់ ទីតាំង កាំភ្លើងធំ និងកងទ័ពរបស់ចិន។ ចិនដែល មានកងទ័ពច្រើនជាងគេ នៅក្នុងពិភពលោកបានបង្កើនថវិកាសម្រាប់វិស័យយោធា រហូតដល់ប្រមាណ ១៨០ពាន់លានដុល្លារ នៅឆ្នាំ២០១៦ គឺច្រើនជាងថវិកាយោធា ដែលប្រកាសឡើងជាផ្លូវការ ដោយរដ្ឋាភិបាលចិន ដែលមានប្រមាណតែ ១៤០ ពាន់លានដុល្លារ។ នេះបើតាមរបាយ ការណ៍របស់មន្ទីរបញ្ចកោណ។ យ៉ាង ណាក៏ដោយ ថវិកាយោធារបស់ចិននៅតិច ឆ្ងាយណាស់បើប្រៀបធៀបនឹងថវិកាយោធារបស់អាមេរិកដែលមានដល់ទៅ ៦០០ ពាន់លានដុល្លារ។
បច្ចុប្បន្ន ប៉ាគីស្ថាន និងឥណ្ឌាកំពុងតែ មានវិវាទនឹងគ្នាតាមបណ្តោយព្រំដែនតំបន់កាស្មៀរ ដោយតែងតែផ្ទុះអាវុធដាក់គ្នាជាបន្តបន្ទាប់ ។ មួយវិញទៀតទំនាក់ទំនងរវាង អាមេរិកនឹងប៉ាគីស្ថាន បានបែកបាក់ ហើយអាមេរិកបានលុបចោលជំនួយយោធាដល់ប៉ាគីស្ថាន ដែលជាហេតុធ្វើឲ្យ ប្រទេសនេះត្រូវពឹងផ្អែកមកលើចិនវិញ។
បច្ចុប្បន្ន អាចនិយាយបានថា ប៉ាគីស្ថាន ជាសម្ពន្ធមិត្តយុទ្ធសាស្ត្ររបស់ចិន និងជាប្រទេសទិញអាវុធពីចិនច្រើនបំផុត។ចំណែកឥណ្ឌាវិញជាសម្ពន្ធមិត្តយុទ្ធសាស្ត្ររបស់អាមេរិក និងជាប្រទេសទិញអាវុធជាច្រើនពីអាមេរិក។
ទាំងនោះហើយប្រសិនបើចិន មាន កម្លាំងទាហានឈរជើងនៅក្នុងប្រទេសប៉ាគីស្ថាននោះ ធ្វើឲ្យតុល្យភាពយោធា រវាងប៉ាគីស្ថាននឹងឥណ្ឌាត្រូវបាត់បង់ បង្កអសន្តិ សុខនៅក្នុងតំបន់៕ ម៉ែវ សាធី