ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូរេចង្កូតទៅបុកគូថរថយន្តធុនធំ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមមើលទៅគួឲ្យរន្ធត់ បន្ទាប់ពីបុរសរូបនេះជិះម៉ូតូ​រេចុះឡើងពេញផ្លូវ រហូតជ្រុលទៅបុកគូថរថយន្តធុនធំ កាលពី​វេលាម៉ោង១៩និង៥០នាទី ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ​២១បេ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ​ឈ្មោះ អយ ព្រលឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់​ស្លាកលេខកណ្តាល1I -5896 ។ ចំណែកឯរថយន្តធុនធំប្រភេទដឹកទំនិញ មិនស្គាល់ម៉ាកបានបើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះរូបនេះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូងដោយពុំមានពាក់​មួកការពារសុវត្ថិភាព និងស្ថិតក្នុងសភាពរេចង្កូតចុះឡើងពេញផ្លូវទំនងជាស្រវឹងបាត់បង់ម្ចាស់ការ ។ លុះបើកដល់ចំណុចម៉ូតូបានជ្រុលទៅបុកគូថរថយន្តធុនធំដែលកំពុងបើកបរលើដងផ្លូវ​ពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិស្លាប់យ៉ាងអណោចអធ័មក្នុងថ្លុកឈាម​តែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តធុនធំដែល ត្រូវបានជនរងគ្រោះជិះបុកនោះ បានបើកគេចទៅទិសខាងត្បូងបាត់ ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរ​បាលស្រុកស្អាងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយ​ឡែកម៉ូតូជនរងគ្រោះ ត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖