ខេត្តកណ្តាល៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមមើលទៅគួឲ្យរន្ធត់ បន្ទាប់ពីបុរសរូបនេះជិះម៉ូតូរេចុះឡើងពេញផ្លូវ រហូតជ្រុលទៅបុកគូថរថយន្តធុនធំ កាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ អយ ព្រលឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1I -5896 ។ ចំណែកឯរថយន្តធុនធំប្រភេទដឹកទំនិញ មិនស្គាល់ម៉ាកបានបើកគេចបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះរូបនេះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូងដោយពុំមានពាក់មួកការពារសុវត្ថិភាព និងស្ថិតក្នុងសភាពរេចង្កូតចុះឡើងពេញផ្លូវទំនងជាស្រវឹងបាត់បង់ម្ចាស់ការ ។ លុះបើកដល់ចំណុចម៉ូតូបានជ្រុលទៅបុកគូថរថយន្តធុនធំដែលកំពុងបើកបរលើដងផ្លូវពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិស្លាប់យ៉ាងអណោចអធ័មក្នុងថ្លុកឈាមតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តធុនធំដែល ត្រូវបានជនរងគ្រោះជិះបុកនោះ បានបើកគេចទៅទិសខាងត្បូងបាត់ ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ