ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តបានសម្រេច បើកទៅបុកទ្រូងផ្លូវរួចចុះគេចខ្លួនបាត់បន្សល់ទុករថយន្តឲ្យម្ចាស់វិញ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីឆ្លាមមួយគ្រឿង ត្រូវបានក្រុមជនសង្ស័យមានគ្នាប្រមាណ៣នាក់លួចបើកមកបុកទ្រូងផ្លូវផ្លោលទៅបុកបង្គោលបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតទៅមុខលេងរួច ភ្លាមៗជនសង្ស័យក៏នាំគ្នាគេចខ្លួនបាត់អស់តែម្ដង ដោយបន្សល់រថយន្តទុកឲ្យម្ចាស់វិញ ។

ដោយករណីបាត់រថយន្តបានកើតឡើងនៅត្រង់ចំណុចមុខផ្ទះជនរងគ្រោះក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅវេលាម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ហើយក្រុមជនសង្ស័យបានបើករថយន្តមកបុកទ្រូងផ្លូវនៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខវត្តនិរោធន៍ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់រថយន្តរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តរបស់ខ្លួនកាមរីឆ្លាម ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2G-0400 មកពីកម្មវិធីផ្ទះមិត្តភក្ត្រ័ ដោយត្រឡប់មកផ្ទះវិញ ហើយបានទុករថយន្តខាងលើនៅមុខផ្ទះ មួយសន្ទុះក្រោយមកក៏បានដើរចេញមកវិញស្រាប់តែមិនឃើញរថយន្តរបស់ខ្លួន ។ ភ្លាមៗជនរងគ្រោះក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ពួនស្ទាក់ចាប់ផងដែរ ។

ក្រោយពីរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែលឺដំណឹងថា មានរថយន្តកាមរីឆ្លាម ពណ៌ស បើកបុកទ្រូងផ្លូវនៅតាមបណ្ដាលជាតិលេខ១ ទល់មុខនិងវត្តនិរោធន៍ ក្នុងខណ្ឌច្បារអំពៅ ពេលនោះជនរងគ្រោះ ក៏បានមកមើលដល់កន្លែងកើតហេតុ ដោយឃើញរថយន្តនេះផ្ទាល់ ពិតជារថយន្តរបស់ខ្លួនពិតប្រាកដមែន ។

បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានប្រគល់រថយន្តខាងលើឲ្យទៅម្ចាស់ ដើម្បីយកទៅជួសជុលប្រើប្រាស់វិញ ព្រោះសមត្ថកិច្ចគិតថា រថយន្តរបស់ជនរងគ្រោះបានរងការខូចខាតខាងមុខជាច្រើន ហើយក៏មិនបណ្ដាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈធ្ងន់នោះដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖