ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រអាយុ១៩ឆ្នាំម្នាក់ចងកសម្លាប់ខ្លួន បន្សល់ទុកពាក្យបណ្តាំមួយច្បាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បន្ទាប់ពីស្រែកហៅប្អូនថ្លៃស្រីជាច្រើនមាត់មិនឃើញឆ្លើយតប ស្ត្រីជាបងថ្លៃបាន​ឡើងទៅមើលក៏ប្រទះឃើញប្អូនស្រីចង.កស្លាប់ក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង០៦ និង០៥នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០​១៧ ស្ថិតក្នុងភូមិភូមិសាម៉ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ នឹម សុខណាវ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មការីនីរោងចក្រកាត់ដេរ បច្ចុប្បន្នរស់នៅផ្ទះ​ជា​មួយឪពុកម្តាយក្នុងភូមិភូមិសាម៉ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង។

ជនរងគ្រោះរូបនេះបានសរសេរពាក្យបណ្តាំទុកយ៉ាងដូច្នេះថា “ខ្ញុំស្រលាញ់លោក​ទាំង​ពីរ ខ្ញុំស្រលាញ់បងប្អូនទាំងអស់​គ្នា​ណាស់ ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីបងប្អូន ឡូវបងៗពេញចិត្ត កូន​ស្រលាញ់ពុកម៉ែបើមានជាតិ​ក្រោយពិត កូនសុំកើតជាកូនពុកម៉ែម្តងទៀត លានេះ​គឺលារហូត កូនអគុណគ្រប់យ៉ាង តែពេលនេះ​គឺដល់​គេ​កំណត់ហើយ ខ្ញុំត្រូវទៅវិញហើយ គឺគេកំណត់​ឲ្យកូនតែប៉ុណ្ណឹងទេ អគុណគ្រប់យ៉ា បណ្តាំរបស់កូនស្រី ។ ស្រលាញ់ ម៉ែពុក បងៗក្មួយ ។ ”។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង១១និង០០នាទី នារីរងគ្រោះមិនសូវស្រួលខ្លួន បានសុំប្រធានរោងចក្រឡប់មកផ្ទះវិញ ។ ហើយពេលយប់ឡើងជនរងគ្រោះក៏ចូលសំរាន្តជាធម្មតា បន្ទាប់មកនៅវេលាម៉ោងប្រហែល០៦និង០៥នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បងថ្លៃស្រីរបស់ជនរងគ្រោះឈ្មោះ សន ម៉ារី បានឡើងទៅលើផ្ទះហៅជនរងគ្រោះទៅធ្វើការ ក៏ស្រាប់តែឃើញជនរងគ្រោះចងក ស្លាប់បាត់ទៅហើយទើបរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍

សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកកណ្តាលស្ទឹងបានឲ្យ​ដឹង​ថា សពមានស្នាមជាំជុំវិញករមានប្រវែង២៤សង់ទីម៉ែត្រ ។ សពចងក នឹងខ្សែអង្រឹងពណ៌ត្រេអី ចងភ្ជាប់ជាមួយរនងក្នុងបន្ទប់លើផ្ទះ ។ ក្រោយពេលពិនិត្យរួចសពបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ


ចែករំលែក៖