ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានមីយ៉ាន់ម៉ានៅតែមិនបើកផ្លូវសម្រាប់អង្គការមនុស្សធម៌ទៅកាន់តំបន់ជនជាតិរ៉ូហ៊ីងយ៉ា

ចែករំលែក៖

ប្រធានអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា នៅពេលនេះមិនមានច្រកចូលទៅកាន់រដ្ឋរ៉ាឃីន យកជំនួយទៅឲ្យក្រុមជនជាតិរ៉ូហ៊ីងយ៉ានោះទេ ដោយសារតែកម្លាំងទាហានមីយ៉ាន់ម៉ាមិនបើកផ្លូវឲ្យ។ សកម្មភាពបែបនេះ មិនអាចទទួលយកបានឡើយ ក្នុងពេលដែល​ក្រុមជនជាតិភាគតិចកំពុងតែរងគ្រោះត្រូវការជំនួយជាបន្ទាន់។

កាលពីថ្ងៃទី៦ខែតុលា លោក Mark Lowcock ប្រធានទទួលបន្ទុកកិច្ចការ មនុស្សធម៌របស់អ ស ប. បានចាត់ទុក ការខ្វះខាត ច្រកចេញចូលសម្រាប់អង្គការមនុស្សធម៌នៅរដ្ឋរ៉ាឃីនក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាការមួយពុំអាចទទួលយកបាន ឡើយ”។ ពីព្រោះជនភៀសខ្លួនជនជាតិ ភាគតិច រ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់ ហើយ ដែលបានរត់ភៀសខ្លួនគេចចេញពីអំពើហិង្សានានានៅមីយ៉ាន់ម៉ាចាប់តាំងពីចុងខែសីហាមកម្ល៉េះ។

នៅក្នុងសន្និសីទសាព័ត៌មានមួយនៅទីក្រុងហ្សឺណែវ សលោក Mark Lowcock បានធ្វើការវិនិច្ឆ័យកាលពីថ្ងៃទី៦ខែតុលាថា “កង្វះច្រកសម្រាប់ចេញចូលរបស់អង្គការមនុស្សធម៌នៅរដ្ឋរ៉ាឃីន ក្នុងប្រទេស មីយ៉ាន់ម៉ា គឺជាការមួយពុំអាចទទួលយកបានឡើយ។លោក បានគូសបញ្ជាក់ប្រាប់ ទៀតថា ថា្នក់ដឹកនាំជាន់ខ្ពស់របស់ អ.ស.ប.មួយក្រុម ត្រូវតែអាចធ្វើដំណើរទៅកាន់តំបន់នោះបាននៅក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ”។

មិនតែប៉ុណ្ណោះ លោកថែមទាំងជូន ដំណឹងពីការរៀបចំសន្និសីទមួយរបស់ បណ្តាប្រទេសដែលជាម្ចាស់ជំនួយនៅថ្ងៃទី២៣តុលាខាងមុខនៅទីក្រុងហ្សឺណែវ ក្នុងគោលដៅដើម្បីអាចនឹងធ្វើការបង្កើន ជំនួយឲ្យបានច្រើនខ្លាំងថែមទៀតសម្រាប់ជួយដល់ជនភៀសខ្លួន។ មិនតែប៉ុណ្ណោះ អ.ស.ប ក៏បានត្រៀមខ្លួនជាស្រេចហើយ ដែរ បើសិនជាមានជនភៀសខ្លួនទាំងហ្វូងៗជាថ្មីទៀតនោះ។

បើយោងតាមតួលេខ ផ្សព្វផ្សាយដោយស្នងការជាន់ខ្ពស់របស់អ.ស.បទទួលបន្ទុកខាងជនភៀសខ្លួន ជនភៀសខ្លួនចេញពី មីយ៉ាន់ម៉ាឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីថ្ងៃទី២៥ សីហា ជាសុបមានគ្នា ប្រមាណជា ៥សែន១ ម៉ឺន៥.០០០ នាក់ហើយជន ភៀសខ្លួនប្រមាណជា២.០០០ នាក់នៅតែបន្តចាកចេញជារៀងរាល់ថ្ងៃពីផ្ទះសម្បែងភូមិឋានខ្លួនឆ្ពោះទៅកាន់បង់ក្លាដែស-នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យនៃអង្គការអន្តរជាតិ (OIM )ទទួលបន្ទុកខាងអ្នកធ្វើចំណាកស្រុក។

ចំណែកអង្គការសុខភាពពិភពលោក OMS វិញ សម្ដែងការព្រួយបារម្ភពីការកើតឡើងជាយថាហេតុនូវរោគរាតត្បាតអាសន្នរោគនៅក្នុងជំរំនានាដែលទទួលជនភៀសខ្លួននៅបង់ក្លាដែស ដោយបានជូនដំណឹងប្រាប់ថា”ថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺអាសន្ន រោគ”ប្រហែលជានឹងមកដល់នៅថ្ងៃសៅរ៍ខាងមុខនេះហើយ។

រីឯយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក៏នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០តុលាខាងមុខ-នេះបើយោងការបញ្ជាក់របស់អ្នកនាំពាក្យម្នាក់នៃអង្គការសុខភាពពិភពលោក OMS ៕ ម៉ែវ សាធី


ចែករំលែក៖