ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការករណីទណ្ឌិតសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បរិហារកេរ្តិ៍សម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភា។
ប្រភពព័ត៌មាន បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ បានផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ពិន័យជាប្រាក់ចំនួន១០លានរៀល និង បង្គាប់ឱ្យសងសំណងជំងឺចិត្តដល់សម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភាចំនួន១៥០លានរៀល ពីបទបរិហារកេរ្តិ៍ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។
លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ធ្លាប់បញ្ជាក់ថា របប៧មករាឆ្នាំ១៩៧៩ គឺគ្មានការកាត់ទោសសម្តេចព្រះនរោត្តមសីហនុ ដូចការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមបណ្ដាញសង្គមហ្វេសប៊ុកឡើយ ។
លោក សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ បានសរសេរនៅលើហ្វេសប៊ុកថា “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ”
ពាក់ព័ន្ធការចោទប្រកាន់ នេះ លោក គី តិច មេធាវីតំណាងសម្តេចហេង សំរិន បាននិយាយនាពេលសវនាការថា នាសម័យនោះ សម្តេច ហេង សំរិន មានតួនាទីកំពូលចំនួន៣ក្នុងប្រទេសកម្ពុជា ។ ដូច្នេះការចោទប្រកាន់ថា សម័យនោះមានការកាត់ទោសសម្តេចព្រះនរោត្តមសីហនុ គឺជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះសម្តេចហេង សំរិន ។
លោក សម រង្ស៊ី នៅមានសំណុំរឿងព្រហ្មទណ្ឌជាច្រើនទៀតក្នុងកណ្ដាប់ដៃតុលាការ ហើយក្នុងនោះសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ ក្នុងសំណុំរឿងបរិហារកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កំណត់ផ្តន្ទាទោស២ឆ្នាំ បានធ្វើឱ្យលោក សម រង្ស៊ី មានឈ្មោះជា ” ទណ្ឌិត ” ៕ចេស្តា