ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដតូយ៉ូតាកាមរីឆ្លាមបុកម៉ូតូលក់ការ៉ែមកីរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសលក់ការែមកីម្នាក់ បានរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាតទាំងស្រុង ខណៈដែលត្រូវរថយន្តបើកបញ្ច្រាសទិសគ្នាបុកពេញទំហឺង បង្កឲ្យានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ ធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យនគរវត្តដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ គឹមឡុង អាយុ ២១ ឆ្នាំ មុខរបរ លក់ការ៉ែម រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ខណៈម៉ូតូម៉ាក គុបមូលសណ្ដោងរ៉ឺម៉ក ពណ៌ ទឹកប៊ិច គ្មានស្លាកលេខ ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះ គង់ សុខ ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ អង្គសាលា សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្ត ស្វាយរៀង ប៉ុន្តែក្រោយពីបង្កហេតុបានរត់គេចខ្លួនភ្លាមៗ។

ប្រភពបន្តថា មុនកើតហេតុមានរថយន្ដម៉ាក តូយ៉ូតាកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២F​ ៧១៣៨ បើកបរដោយបុរសម្នាក់ធ្វើដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូលក់ការ៉ែមម៉ាក គុប មូល សណ្ដោងរ៉ឺម៉ក ពណ៌ ទឹកប៊ិច គ្មានស្លាកលេខ ដែលបញ្ច្រាសគ្នាពេញទំហឺងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក អ្នកបើករថយន្តបានរត់គេចខ្លួន បន្សល់តែរថយន្ត ។ ជនរងគ្រោះត្រូវដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។ រីឯវត្ថុតាងទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រង់ចាំចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖