នៅក្នុងឆ្នាំ២០១៧ ប្រទេសកូរ៉េខាង ជើង ត្រូវបានចាត់ទុកថា ជាការប្រឈម មុខតានតឹងបំផុត បើទោះបីមិនមានការផ្ទុះអាវុធដាក់គ្នាក្តី តែតំបន់នោះ អាចជាការ ចាប់ផ្តើមនៃសង្គ្រាម។ នៅក្នុងឆ្នាំ២០១៨ ខាងមុខ កូរ៉េខាងជើងនៅតែជាតំបន់ក្តៅដដែល ប៉ុន្តែតំបន់ក្តៅជាងគេបំផុតនោះគឺមជ្ឈិមបូព៌ា ។
ជាមួយនឹងការប្រកាសទទួលស្គាល់ តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ អីុស្រាអែល បានបង្កភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ាដែល កំពុងតែតានតឹងហើយនោះ។
តំបន់មជ្ឈិមបូព៌ា ប៉ុន្មានថ្ងៃចុងក្រោយនេះបានបន្តភាពតានតឹង នៅក្នុងទំនាក់ ទំនងរវាង ប្រទេសសាវឌីអារ៉ាប៊ីនឹង អីុរ៉ង់ ក្រោយពេលរដ្ឋាភិបាលទីក្រុងរីយ៉ាដ ចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាមានសកម្មភាព បង្កជម្លោះដោយយោធាផ្ទាល់ ។ភាពតានតឹងខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ពីសង្គ្រាមឈូង សមុទ្រកើតឡើង ។ ភាពតានតឹងកន្លងមក បានធ្វើឲ្យទីផ្សារភាគហ៊ុននៅក្នុងតំបន់ ធ្លាក់ចុះខ្លាំង និងតម្លៃប្រេងឡើងថ្លៃខ្ពស់។
រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zarif បានច្រានចោលការចោទប្រកាន់របស់ព្រះរជ្ជទាយាទសាវឌី អារ៉ាប៊ី Mohammed Bin Salman ថា អីុរ៉ង់មានសកម្មភាពបង្កសង្គ្រាមដោយផ្ទាល់ ។ ការចោទប្រកាន់បែបនេះជារឿងមិនត្រឹមត្រូវ និងបង្កឲ្យមានគ្រោះថ្នាក់។ លោក Zarif បានប្រកាសថា ការចោទប្រកាន់ របស់រជ្ជទាយាទ ខុសទៅនឹងច្បាប់អន្តរ ជាតិ និងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។
កន្លងមក ព្រះរជ្ជទាយាទ Salmanបាន ចោទប្រកាន់អីុរ៉ង់ ថាមានសកម្មភាព យោ ធាផ្ទាល់ជាមួយ សាវឌីអារ៉ាប៊ី តាម រយៈ ផ្តល់កាំជ្រួចមីស៊ីលទៅឲ្យក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន វាយប្រហារ ទៅ លើ ប្រទេសអារ៉ាប់។ ភាពតានតឹងកាន់តែខ្លាំងឡើងក្រោយពេលដែលសាវឌីអារ៉ាប៊ី បានវាយស្ទាក់កាំជ្រួចមីស៊ីលសំដៅទៅកាន់ទីក្រុងរីយ៉ាដ កាលពីថ្ងៃទី៤ខែវិច្ឆិកា ប៉ុន្តែត្រូវកម្លាំងការពារដែនអាកាសវាយកម្ទេចចោលទាន់ពេលវេលា។
ក្រោយមកកម្លំាងទាហានអីុរ៉ង់បានច្រានចោលការចោទប្រកាន់ខាងលើ ថាអីុរ៉ង់នៅពីក្រោយការវាយប្រហារដោយមីស៊ីល នោះ ។អ្នកនាំពាក្យក្រសួងការបរទេសអីុ រ៉ង់បានបញ្ជាក់ថា ការចោទប្រកាន់ខាងលើ គឺមានមូលដ្ឋានជាការឌឺដង។ ក្នុងពេល ជាមួយគ្នានេះ អាមេរិកបានបង្ហាញការគាំទ្រដល់ការចោទប្រកាន់របស់សាវឌីអារ៉ាប៊ីទៅលើប្រទេសអីុរ៉ង់ ដោយចាត់ទុក អីុរ៉ង់ ជាប្រទេសដែលគាំទ្រ ក្រុមភេរវកម្ម ក្នុងការវាយប្រហារទៅលើទីតាំងនានារបស់សាវឌីអារ៉ាប៊ី។
ចំពោះភាពតានតឹងកាន់តែខ្លាំងឡើងនោះ រដ្ឋាភិបាលអីុរ៉ង់បានអំពាវនាវដល់ សាវឌីអារ៉ាប៊ីឲ្យបញ្ឈប់សកម្មភាពចងគំនុំជាមួយទីក្រុងតេអេរ៉ង់ ។ជាមួយគ្នានេះអីុរ៉ង់ បានព្រមានពីលទ្ធផលអាក្រក់ ប៉ះពាល់ ដល់សន្តិសុខស្ថិរភាពនៅក្នុងតំបន់។ ប្រធា នាធិបតីអីុរ៉ង់លោក ហាស្សាន់ រូហានី បាន បញ្ជាក់ថា អីុរ៉ង់តែងតែគាំទ្រ ដល់ការអភិ វឌ្ឍរបស់ប្រទេសនៅក្នុងតំបន់ក្នុងនោះ មានទាំងសាវឌីអារ៉ាប៊ីផងដែរ ដោយលោក បញ្ជាក់ថា ជាប្រទេសបងប្អូន មិត្តភក្តិ និងជួយគ្នាទៅវិញទៅមក មិនអាចបង្ក សង្គ្រាម នឹងគ្នាឡើយ។ រដ្ឋាភិបាលសាវ ឌីអារ៉ាប៊ី នឹងខុសឆ្គង ប្រសិនបើគិតថា ទីក្រុងតេ អេរ៉ង់មិនមែនជាមិត្តនោះ ហើយ ចាត់ទុក អាមេរិក អីុស្រាអែលជាមិត្ត។
ការប្រឈមមុខដាក់គ្នារវាងអីុរ៉ង់នឹងសាវឌីអារ៉ាប៊ី បង្កឲ្យសហគមន៍អន្តរជាតិ ព្រួយបារម្ភយ៉ាងខ្លាំង។ ប្រទេសជាច្រើន បានប្រកាសប្តេជ្ញាការពារផលប្រយោជន៍ របស់ខ្លួន។ ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បានប្រកាសថា នឹងការពារផលប្រយោជន៍ជាតិក្នុងពេលភាពតានតឹងកាន់តែខ្លាំងឡើង ។ ចំណែកប្រធានា ធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi បានប្រកាសថា អេហ្ស៊ីបបានប្រឆាំងនឹង សង្គ្រាមប្រដាប់អាវុធរវាង អីុរ៉ង់នឹងសាវ ឌីអារ៉ាប៊ី។ ក្នុងពេលជាមួយគ្នានេះ លោក ស្រី Federica Mogherini ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសរបស់សហគមន៍ អឺរ៉ុបបានបញ្ជាក់ថា ការប្រឈមមុខពិតជា គ្រោះថ្នាក់។អឺរ៉ុបសង្ឃឹមថាភាគីទាំងពីរ រក្សាការអត់ធ្មត់និងស្វែងរកដំណោះ ស្រាយ ដើម្បីសន្តិភាព។
ចំណែកប្រទេសបារាំងវិញ កាលពីថ្ងៃទី ១០ខែវិច្ឆិកា ប្រធានាធិបតី Emmanuel Macron បានទៅកាន់ទីក្រុងរីយ៉ាដជួបពិភាក្សាជាមួយព្រះរជ្ជទាយាទស្តីពីស្ថានភាព អីុរ៉ង់និង សាវឌីអារ៉ាប៊ី។ ក្រៅពីនេះលោកក៏បានទៅកាន់ប្រទេសអីុរ៉ង់ផងដែរ។
កន្លងមកថ្មីៗ ប្រធានាធិបតីអុីរ៉ង់ បាន និយាយគំរាមដោយចំៗ ទៅសាវឌីអារ៉ាប៊ី ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអុីរ៉ង់កាលពី ថ្ងៃពុធទី៨ ខែវិច្ឆិកា ដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ អុីរ៉ង់ផងនោះ លោក ហាស្សាន់ រូហានី ប្រធានាធិបតីអុីរ៉ង់ បាន និយាយថា៖ “អ្នកអាចដឹងថាអុីរ៉ង់មាន កម្លាំង និងមានឥទ្ធិពលកម្រិតណាទេនៅ ក្នុងតំបន់ អុីរ៉ង់ខ្លាំង អាចវាយអ្នកឯងបាក់ធ្មេញបានយ៉ាងងាយ។ អ្នកឯង គ្មានអ្វីមកចង់ប្រៀបស្មើនឹងយើងបានទេ!”។
លោកហាស្សាន់ រូហានី បន្តថា៖ “អាមេ រិកនិងបក្ខពួក បានប៉ុនប៉ងសាកល្បងកម្លាំងជាមួយអុីរ៉ង់ ជាច្រើនលើកមក ហើយតួ យ៉ាងដូចជាបានបញ្ជាឲ្យអុីរ៉ាក់ មកធ្វើ សង្រ្គាម នឹងយើងនៅឆ្នាំ១៩៨០។ តែ ពួកនោះ នៅតែធ្វើអ្វីអុីរ៉ង់ មិនបាន”។ លោកប្រធា នាធិបតីអុីរ៉ង់ បន្ថែមថា៖ “អុីរ៉ង់ មានបំណង ចង់ឃើញការរីកចម្រើន របស់ប្រទេសជិតខាងជាបងប្អូនទាំងអស់ មិនថា អុីរ៉ាក់ ស៊ីរី ឬសាវឌីអារ៉ាប៊ី នោះទេ។ មាន តែចំណង មិត្តភាព ចាប់ដៃគ្នា ជួយគ្នាទេ ទើបអាច ហុចផលល្អទាំងអស់គ្នាបាន។ បើសិនជា អ្នកឯងគិតថា ទៅឱបជើង អាមេរិក និង អុីស្រាអែល ហើយបែរមកចងសត្រូវជា មួយអុីរ៉ង់ ថាជាការល្អនោះ នោះគឺជាការ យល់ច្រឡំធំហើយ” ។
សូមបញ្ជាក់ថា សម្តីរបស់លោក ហា ស្សាន់ រូហានី គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ របស់សាវឌីអារ៉ាប៊ី ។ កាលពីថ្ងៃអង្គារ ព្រះអង្គម្ចាស់រជ្ជទាយាទសាវឌីអារ៉ាប៊ី Mohammed Ben Salman បានចោទអុីរ៉ង់ថា បានប្រកាសសង្រ្គាមជា មួយខ្លួន តាមរយៈការបញ្ជាឲ្យក្រុមហ៊ូធី បាញ់មីស៊ីលបាលីស្ទីកចេញពីដីយេមែ៉ន។ អុីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងបានចំអកទៅសាវឌីអារ៉ាប៊ី វិញថា បានទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃទៅលើប្រជាជនយេមែ៉ន តែដល់ពេល គេគ្រាន់តែបាញ់មកវិញមួយគ្រាប់សោះ បែរជាដើរចោទគេចោទឯង។
ជាការណ៍ពិតមីស៊ីល ដែលសាវឌី អារ៉ាប៊ី បានចាប់កម្ទេចបានទាន់ពេលនេះ គឺជា ប្រភពនៃកម្ដៅតានតឹង ដែលឆេះ ឡើងមួយរំពេច រវាងប្រទេសមហាអំណាចអ៊ិស្លាមទាំងពីរ។ អុីរ៉ង់ និងសាវឌីអារ៉ាប៊ី បានផ្តាច់ចំណង ទូតនឹងគ្នា នៅខែមករា ឆ្នាំ២០១៦ បន្ទាប់ពីកើតចលាចលហិង្សា កម្ទេចស្ថានទូតសាវឌីអារ៉ាប៊ី នៅក្រុងតេអេ រ៉ង់។ ដើមចមនៃបញ្ហានេះ គឺបន្ទាប់ពីសាវឌី អារ៉ាប៊ី បានកាត់ ទោសប្រហារជីវិត បព្វជិតសាសនាអ៊ិស្លាមនិកាយសុីអ៊ីត ដ៏ល្បីឈ្មោះ ម្នាក់ ។ ការប្រជែងរវាងនិកាយអ៊ិស្លាមសុីអុីត នឹង និកាយសាន់នី គឺជាស្នូលនៃ ជម្លោះរវាងអុីរ៉ង់ នឹងសាវឌីអារ៉ាប៊ី ។ សឹង គ្រប់ទីកន្លែងដែលមានជម្លោះ នៅមជ្ឈិម បូពា៌ គឺប្រទេសទាំងពីរនេះគាំទ្រទំនុក បម្រុងក្រុមបក្សខុសៗគ្នា៕ ម៉ែវ សាធី