ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ពួកក្នុងបក្ស ជំទាស់ក្នុងប្រឆាំង

ចែករំលែក៖

ថាមិនចង់យកត្រចៀកស្តាប់ ឬយកភ្នែកមើលទេ អារឿងគេជជែកគ្នាពីរឿងនយោបាយនៅស្រុកខ្មែរនាពេលនេះ ព្រោះនាយជាលគិតថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិរលាយទៅ ពេលណាសភាពវឹកវរក្នុងប្រទេសហាក់ដូចជាស្ងប់ស្ងាត់ លែងមានអ្នកបំប៉ោងសភាពការណ៍អីចេះអីចោះ ពោល គឺបាត់ឈឹងអារឿងនាំគ្នាធ្វើបាតុកម្មបំពុលស្ថិរភាពសន្តិសុខស្រុកទេសដូចកាលមានលោកមេបក្សប្រឆាំងនៅក្នុងស្រុក ។ ទាំងនេះបានន័យថា ទឹករងថ្លាហើយ មិនត្រូវនាំគ្នាកូរទឹកឲ្យល្អក់វិញទេ ។ គិតទៅម្យ៉ាងដែរ ស៊ីភីភី លេងមួយក្បាច់នឹង ទើបដឹង ថាគណបក្សប្រឆាំងពិតជាខ្សោយ រត់រកដីជ្រកសឹងមិនបាន ។

ម្សិលមិញនេះ ថាមិនចង់យកភ្នែកមើលទេ តែអផ្សុកពេកទាញទូរស័ព្ទដៃមកឆែកក្នុងហ្វេសប៊ុក ស្រាប់តែភ្ញាក់ខ្លួនព្រឺត ឃើញអ្នកគាំទ្រអតីតបក្សសង្រ្គោះជាតិ ជេរគ្នាហុយផ្សែង ដោយម្ខាងកាន់ជើងទណ្ឌិត សម រង្ស៊ី ឯម្ខាងកាន់ជើងទណ្ឌិត កឹម សុខា ។ នាយជាលមិនយល់ ហេតុអី នៅក្នុងបក្សតែមួយ ធ្លាប់ជេររដ្ឋាភិបាលកប់ៗមាត់ ហើយប្រឆាំងក៏ប្រឆាំងស្លាប់រស់ដូចគ្នា អីឡូវនេះនាំគ្នាបែកឆ្វេង ដូចគោកៀចនឹមមួយឆ្វង មួយស្តាំ ? ពួកអ្នក ខំមិនក្នុងហ្វេប៊ុក ជេរដៀល ច្រាសឆ្អេះដល់សកម្មជនម្នាក់នោះជាជនពិការដែលធ្លាប់តែគាំទ្រលោក សម រង្ស៊ី ពេញទំហឹង តែអីលូវនេះគាត់បត់១០០អង្សារ មកគាំទ្រលោក កឹម សុខា កំពុងជាប់ពន្ធនាគារទៅវិញ ។ មានអ្នកខ្លះប្រទិចផ្តាសារដាក់លោកពិការ សុទ្ធតែអាស្លាប់តៃហោងទៀតផង។

ពេលឃើញដូច្នេះ ទើបដឹងថា ក្រុមប្រឆាំងទាំងនេះ អស់អីប្រឆាំង ចាប់ផ្តើមប្រឆាំងគ្នាឯងស៊ីសាច់ហុតឈាមគ្នាឯង បានន័យថាពួកគេសុទ្ធតែមានពួកក្នុងបក្ស ឬ មានជំទាស់ក្នុងប្រឆាំង មិនយូរមិនឆាប់ឌាតែខ្នូច គង់តែរលាយដូចតែគ្នាតែអ៊ីចឹង កុំជោរ ៕ នាយជាល

 


ចែករំលែក៖