ព័ត៌មានទាន់ហេតុការណ៍៖

អីុស្រាអែលបានធ្វើឲ្យកំហឹងពលរដ្ឋប៉ាឡេស្ទីនឲ្យកាន់តែពុះកញ្ជ្រោលបន្តសកម្មភាពប្រឆាំង

ចែករំលែក៖

សកម្មភាពរបស់កម្លាំងទាហានអីុស្រាអែលដែលបានបាញ់សមា្លប់ពលរដ្ឋប៉ាឡេស្ទីន នៅបន្ទាត់ព្រំដែន ពេលធ្វើបាតុកម្ម ប្រឆាំងការគ្រប់គ្រងដោយខុសច្បាប់របស់ពលរដ្ឋអីុស្រាអែលនៅតំបន់ហ្ស៊េរុយសាឡឹម និងការប្តូរទីតាំងស្ថានទូតអាមេរិកទៅកាន់តំបន់នោះ បង្កឲ្យមានការថ្កោល ទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ពិសេសគឺ ប្រទេសអ៊ិស្លាមនៅទូទាំងពិភព លោក ។

សកម្មភាពរបស់អីុស្រាអែលបានធ្វើឲ្យប្រទេសមួយចំនួនបានសម្រេច ដកស្ថាន ទូតចេញពីប្រទេសអីុស្រាអែល ដើម្បី ប្រឆាំង ។កន្លងមកទួរគី និង អាហ្វ្រិកខាង ត្បូងបានប្រកាស ដកមន្ត្រីស្ថានទូត របស់ ខ្លួនចេញពីអីុស្រាអែល។

លោកប្រមុខរដ្ឋប៉ាឡេស្ទីនម៉ាហ៍មូដ អាបាស់បានហ៊ានប្រើពាក្យ « សម្លាប់ រង្គាល »។ សម្លាប់រង្គាលព្រោះថ្ងៃ ចន្ទ ទី១៤ ឧសភាជាថ្ងៃដែលមានមនុស្សស្លាប់យ៉ាងសម្បើមនៃជម្លោះអុីស្រាអែល ប៉ា ឡេស្ទីនគិតតាំងពីក្រោយសង្រ្គាមនា រដូវ ក្តៅឆ្នាំ ២០១៤ ក្នុងតំបន់ហ្គាហ្សាដែល គ្រប់គ្រងដោយចលនាប៉ាឡេស្ទីនហា ម៉ាស់។ តែសម្រាប់លោកប្រមុខរដ្ឋាភិបាលអុីស្រាអែលណេតាន់យ៉ាហ៊ូ ក៏ដូចជារដ្ឋបាលអាមេរិករបស់លោកត្រាំបានចាត់ទុកទង្វើរបស់ទាហានអុីស្រាអែលថា ជាវិធានការការពារខ្លួនប្រឆាំងនឹងពួកភេរវជននៃចលនាហាម៉ាស់។ គួររម្លឹកជូនថា ចលនាប៉ាឡេស្ទីន មួយនេះដែលអុីស្រាអែល និងអាមេរិកចាត់ទុកជាចលនាភេរវកម្មធ្លាប់បានធ្វើសង្រ្គាម ទល់នឹងអុីស្រាអែលចំនួន ៣ដងគិតតាំងពី ឆ្នាំ ២០០៨។

បន្ទាប់ពីប៉ាឡេស្ទីន ប្រតិកម្មថ្កោលទោសអុីស្រាអែលខ្លាំងៗក៏មានពីប្រទេសទួរគី និងអាហ្រ្វិកខាងត្បូងដែលបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអុីស្រាអែលឲ្យត្រឡប់ចូលស្រុកវិញ។ ថ្លែងពីទីក្រុងឡុងដែលលោកកំពុងបំពេញទស្សនកិច្ច ប្រធានាធិបតីទួរគីអ៊ែរដូហ្គានបានចោទអុីស្រាអែលជារដ្ឋភេរវនិយម។ « អ្វីដែលអុីស្រាអែលបានធ្វើគឺជាអំពើប្រល័យពូជ សាសន៍។ ខ្ញុំថ្កោលទោសលើសោកនាដ កម្មមនុស្សធម៌ និងលើអំពើប្រល័យពូជ សាសន៍នេះ ទោះបីវាធ្វើឡើងដោយអុីស្រា អែល ឬអាមេរិក » ។

ប្រតិកម្មថ្កោលទោសលើទាហានអុីស្រាអែលបាញ់លើបាតុករប៉ាឡេស្ទីនក៏ មានពីលោកប្រធានាធិបតីបារាំងម៉ាក្រុងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានរដ្ឋអំណាចប៉ាឡេស្ទីនអាបាស់។ លោកម៉ាក្រុងបានបញ្ជាក់ជាថ្មីពីការខក ចិត្តរបស់បារាំងចំពោះសេចក្តីសម្រេចចិត្ត របស់អាមេរិកដែលបានរើស្ថានទូតរបស់ ខ្លួនទៅដាក់ក្នុងទីក្រុងហ្សេ៊រុយសាឡឹម។ តាមលោកម៉ាក្រុង លក្ខន្តិកៈរបស់ទីក្រុងហ្សេ៊រុយសាឡឹមនឹងត្រូវកំណត់ដោយភាគីអុីស្រាអែល និងប៉ាឡេស្ទីនតាមរយៈកិច្ច ចរចាក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។

នៅតំបន់ហ្គាហ្សាក្នុងដែនដីប៉ាឡេស្ទីន ការប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាងហ្វូងបាតុករប៉ាឡេស្ទីន នឹងកម្លាំងទាហានអុីស្រាអែលនាថ្ងៃចន្ទ ទី១៤ ឧសភាបាន បណ្តាលឲ្យស្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៦០នាក់ និងរបួសធ្ងន់ស្រាលយ៉ាងតិច ២.៤០០នាក់ផ្សេងទៀត។ ថ្ងៃអង្គារ ទី១៦ ឧសភាជាថ្ងៃតានតឹងថ្មី ព្រោះជាថ្ងៃដែល ពលរដ្ឋប៉ាឡេស្ទីនរស់ក្នុងតំបន់ហ្គាហ្សា និងតំបន់ស៊ីហ្ស៊កដានីប្រារព្ធថ្ងៃ «ណាក្បា» ឬប្រែថា « មហន្តរាយ »។

មួយថ្ងៃ ក្រោយអំពើហិង្សាសម្លាប់ពល រដ្ឋប៉ាឡេស្ទីនពីកម្លាំងទ័ពអុីស្រាអែល ប្រតិកម្ម និងវិធានការពីបរទេសកំពុងបន្តមានជាបន្តបន្ទាប់។ ក្រុមប្រឹក្សាសន្តិសុខគ្រោងនឹងកោះប្រជុំបន្ទាន់មួយតាមសំណើរបស់ប្រទេសគុយវ៉ែតនៅថ្ងៃអង្គារ ទី១៥ ឧសភា។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខគ្រាន់តែជាកិច្ចប្រជុំមួយធ្វើឲ្យល្អមើលប៉ុណ្ណោះ ដោយគេមិនបានទន្ទឹងរង់ចាំលទ្ធផល ឬសេចក្តីសម្រេចអ្វីធំដុំទេ។ នេះក៏ដោយសារតែគ្រប់គ្នាបានដឹងមុនថា អាមេរិក ដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១៥ប្រទេសនឹងប្រើសិទ្ធិវ៉េតូ។ កុំថាឡើយសេចក្តីសម្រេចថ្កោលទោសអុីស្រាអែលក្នុងបទបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនដែលមានតែដំបង និងដុំថ្ម និងទាមទារឲ្យបើកការស៊ើបអង្កេតឯករាជ្យមួយ សូម្បីតែសេចក្តីសម្រេចសម្តែងក្តីបារម្ភ និងចូលរួមសោកស្តាយក្នុងរឿងដ៏សោកសៅមួយនេះក៏អាមេរិកបានបោះឆ្នោតប្រឆាំងដែរ។

សូមជម្រាបជូនថានៅថ្ងៃចន្ទ ទី១៤ ខែ ឧសភា សមាជិកចំនួន២ភាគ៣ នៃសមា ជិកទាំង១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមិនអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ២០១៦ ដែលតម្រូវឲ្យអុីស្រាអែលបិទបញ្ចប់ការធ្វើអាណានិគមលើដែនដីដែលប៉ាឡេស្ទីនកំពុងទាមទារបង្កើតអនាគតរដ្ឋរបស់ខ្លួន។ សេចក្តីសម្រេចចិត្តនេះត្រូវបាន អាមេរិកក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ា បោះឆ្នោតអនុបវាទ តែទទួលបានការគាំ ទ្រពីសមាជិក ១៤ប្រទេសផ្សេងទៀត។

នៅក្នុងលិខិតមួយសរសេរទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងថ្ងៃចន្ទ ទី១៤ ឧសភាដដែល សមាជិក ១០ប្រទេស មានបូលីវី ចិន កូដឌីវ័រ ហ្គីណេអេក្វាទ័រ បារាំង កាហ្សាក់ស្ថាន គុយវ៉ែត ហុល្លង់ ប៉េរូ និងស៊ុយអែតបានជំរុញក្រុមប្រឹក្សាសន្តិសុខឲ្យគាំទ្រលើគ្រប់សេចក្តីសម្រេចទាំងអស់ដែលបានអនុម័តកន្លងមក បើពុំនោះសោតទេ វានឹងធ្វើឱ្យខូចដល់ជំនឿទុកចិត្តរបស់ប្រព័ន្ធអន្តរជាតិ។

គឺដោយអវត្តមានសេចក្តីសម្រេចចិត្តថ្កោលទោសលើអំពើហិង្សាពីសំណាក់ក្រុមប្រឹក្សាសន្តិសុខនាថ្ងៃចន្ទ ទី១៤ ឧសភា ទើបក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំ បន្ទាន់នៅថ្ងៃអង្គារ ទី១៥ ឧសភាតាម សំណើ របស់ប្រទេសគុយវ៉ែត។ ពិត ណាស់ គេមិនបានរង់ចាំអ្វីធំដុំទេ តែនេះ ជាកាតព្វកិច្ច ហើយការណ៍ដែលអាមេរិកតែម្នាក់ឯងចេះតែបន្តប្រើវ៉េតូដើម្បីការពារអុីស្រាអែលគ្រប់ពេល ទោះអុីស្រាអែល​ខុសក៏ការពារ ត្រូវក៏ការពារជាសក្ខីកម្មមួយដែលបញ្ជាក់ពីភាពកាន់តែឯកោរបស់ អាមេរិកខ្លួនឯង រួមទាំងសម្ពន្ធមិត្តអុីស្រា អែលនៅលើឆាកអន្តរជាតិ។

គួររម្លឹកជូនឡើងវិញថា តាំងពីថ្ងៃសៅរ៍ ទី៣១ មីនាមកម៉្លេះដែលបាតុករប៉ាឡេស្ទីនរស់ក្នុងតំបន់ហ្គាហ្សាបាននាំគ្នាទៅបោះ ទីតាំងនៅតាមខ្សែបន្ទាត់ព្រំដែនខណ្ឌចែកតំបន់ហ្គាហ្សា និងទឹកដីអុីស្រាអែល។ កម្ម វត្ថុរបស់ពួកគេ គឺរៀបចំចលនាទាមទារសិទ្ធិនៃការវិលត្រឡប់របស់ជនភៀសខ្លួនប៉ាឡេស្ទីនដែលបានបង្ខំចិត្តភៀសខ្លួនចេញពីដីកំណើតរបស់ខ្លួនកាលពី ៧០ឆ្នាំមុន។ តាមគម្រោង ចលនាទាមទារនេះមានរយៈ ពេល ៦សប្តាហ៍ ដែលត្រូវបិទបញ្ចប់នៅ ថ្ងៃទី១៥ ឧសភានេះ៕ ម៉ែវ សាធី


ចែករំលែក៖