ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកកែវសីមារង់ចាំមើលចំណាត់ការបញ្ហាអាជីវកម្មរ៉ែមាសក្រុមហ៊ុនចិនរ៉ុងឆេង

ចែករំលែក៖

ភ្នំពេញ៖ តាមគម្រោងមន្ដ្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល និងមន្រ្តីក្រសួង បរិស្ថាននៅសប្ដាហ៍ក្រោយនឹងធ្វើដំណើរម្ដងទៀតឆ្ពោះទៅកាន់តំបន់ចុងផ្លាស់ក្នុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចំពោះសកម្មភាព អាជីវកម្ម និងសិប្បកម្មធ្វើរ៉ែមាសព្រមទាំងបន្តយន្ដការដោះស្រាយជម្លោះរវាង ប្រជាពលរដ្ឋក្នុងសហគមន៍ជាង៨០០ គ្រួសារជាមួយក្រុមហ៊ុនចិនឈ្មោះ «រ៉ុង ឆេង» ដែលពលរដ្ឋផ្ទុះការតវ៉ាកាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើយោងតាមការបញ្ជាក់ របស់ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ។

លោករដ្ឋមន្ដ្រីថែ្លងថា តាមពិតទៅការចុះវាយតម្លៃត្រួតពិនិត្យទៅលើអាជីវកម្មរ៉ែមាស នៅតំបន់នោះមន្រ្តីរបស់ក្រសួង ឧស្សាហកម្មនិងក្រសួងបរិស្ថានបានចុះទៅម្ដងរួចមកហើយកាលពី២សប្ដាហ៍មុន ហើយសម្រាប់លោកផ្ទាល់កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានចុះទៅខ្លួនឯងផ្ទាល់ផងដែរចំពោះបញ្ហាទាំងអស់នេះ ។

សម្រាប់ជម្លោះកើតឡើងរវាងប្រជា ពលរដ្ឋសហគមន៍នឹងក្រុមហ៊ុនចិន «រ៉ុង ឆេង» លោករដ្ឋមន្ដ្រី ស៊ុយ សែម ក៏នឹងបន្ដ ដោះស្រាយតាមយន្ដការដែលមានស្រាប់ បើទោះបីបញ្ហានេះត្រូវបានអាជ្ញាធរនិង មន្ដ្រីជំនាញ បានជួបពិភាក្សាគ្នាដោះស្រាយជាច្រើនលើកហើយបានបញ្ចប់ទៅក៏ដោយនោះ ។

យ៉ាងណាក៏ដោយ លោក ស៊ុយ សែម ក៏បានបញ្ជាក់ពីគោលបំណងរួមរបស់ ក្រសួង គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើអាជីវកម្មដោយគោរពទៅតាម ច្បាប់ និងបច្ចេកទេសដែលមន្ដ្រីជំនាញ កំណត់ឲ្យដូចជាការមិនប្រើគ្រឿងផ្ទុះ និងការជីកអណ្ដូងរ៉ែមិនឲ្យលើសពី២០ម៉ែត្រនោះទេ ហើយក្រុមហ៊ុនអាចដំណើរការ អាជីវកម្មបានព្រមទាំងមិនប៉ះពាល់ដល់ បរិស្ថាន និងសង្គមនៅទីនោះ ។

លោករដ្ឋមន្ដ្រីក៏បានទទួលស្គាល់ផងដែរថា នៅតំបន់ចុងផ្លាស់ ក៏មានការធ្វើ អាជីវកម្មរ៉ែខុសច្បាប់ និងមិនបានគោរព តាមលក្ខខណ្ឌបច្ចេកទេសទៀតផង ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋរាប់សិបនាក់តំណាងឲ្យជាង៨០០គ្រួសារដែល ប្រកបអាជីវកម្មរ៉ែមាស នៅតំបន់ចុងផ្លាស់ នៅតែទទូចសុំដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ដអនុញ្ញាតឲ្យពួកគាត់អាចប្រកបអាជីវកម្មបែបនេះជា លក្ខណៈគ្រួសារ និងដោះស្រាយបញ្ចប់ការដែលក្រុមហ៊ុនចិន «រ៉ុង ឆេង» បានរំលោភដី សហគមន៍របស់ពួកគាត់ ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំចុងផ្លាស់ស្រុកកែវសីមាបានជួបជុំគ្នានៅសាលាដើម្បីធ្វើញត្តិដាក់ជូនដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ជួយផ្តល់ការអនុគ្រោះ ដល់អ្នកភូមិអាចប្រកបរបរជីករ៉ែលក្ខណៈគ្រួសារ នៅមូលដ្ឋានរបស់ពួកគាត់ បន្ទាប់ពីមានក្រុមហ៊ុនបានរំលោភយកដីរបស់ ពួកគាត់ ។

ប្រជាពលរដ្ឋបានអះអាងថា «ក្រុមហ៊ុនរំលោភលើរណ្តៅរ៉ែរបស់សហគមន៍របស់យើងខ្ញុំ ដូច្នេះសូមឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាម៉ែជាឪរបស់យើងជួយប្រាប់ទៅអាជ្ញាធរ និងក្រសួងរ៉ែឲ្យពន្លឿនការដោះស្រាយឲ្យពួកគាត់ផង»។

តំណាងប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះបាននិយាយថាពួកគាត់ដែលបានរកស៊ីរបរមួយនេះ តាំងពីដើមរៀងមកនោះបានទទួលគោលការណ៍ពីក្រសួងរ៉ែធ្វើអាជីវកម្មលើទំហំដី៤៣ហិកតា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនចិន «រ៉ុង ឆេង» ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្ទៃដីជាង២ពាន់ហិកតាតែងតែបាន រំលោភដីរបស់សហគមន៍ហើយក្នុងរយៈពេលចុងក្រោយនេះស្រាប់តែរំលោភនៅក្នុងអណ្ដូងរ៉ែចំនួន៤ទើបពួកគាត់នាំគ្នាមកតវ៉ាតែម្ដង ។

ចំពោះការស្នើសុំជីករករ៉ែលើសពី២០ម៉ែត្រនោះ លោករដ្ឋមន្ដ្រីបានឆ្លើយតបថា ការកំណត់ឲ្យត្រឹមជីក២០ម៉ែត្រគឺវាស្របទៅតាមបច្ចេកទេសដែលមន្ដ្រីជំនាញបានសិក្សាដែលត្រូវទៅនឹងការងារសិប្បកម្ម របស់ពួកគាត់ ហើយបើក្រសួងអនុញ្ញាតឲ្យលើសពី២០ម៉ែត្រនោះ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយប្រការណាមួយដល់ពួកគាត់ដូចដែលករណីនេះធ្លាប់កើតឡើងនាពេលកន្លងទៅ ពេលនោះក្រសួងនឹងត្រូវទទួលខុសត្រូវជាក់ជាមិនខានឡើយ ៕ ហេង សូរិយា


ចែករំលែក៖