ខេត្តកណ្តាល៖ រថយន្តដឹកឥដ្ឋបានបុកជាមួយរថយន្តដឹកសាំងបណ្តាលឲ្យក្រឡាប់ហៀរប្រេង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋយ៉ាងខ្លាំង នាំគ្នាភ័យស្លន់ស្លោខ្លាចក្រែងមានករណីឆាបឆេះជាអណ្តាតភ្លើងជាយថាហេតុ ។
ប៉ុន្តែទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចមូលដ្ឋានបានគ្រប់គ្រងស្ថានការទាំងស្រុង មិនបណ្តោយឲ្យមានអគ្គិភ័យកើតឡើងដោយសារតែឡានប្រេងក្រឡាប់ហើយហៀរប្រេងមកខាងក្រៅនេះឡើយ ។ សមត្ថកិច្ចបានហៅរថយន្តស្ទូចមកស្ទូចឡានដឹកប្រេងបញ្ឈររួចរាល់ហើយ ។ ករណីនេះ ក៏មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតធ្ងន់ធ្ងរឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងល្ងាចថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិលើ ឃុំព្រែកអញ្ចាញ់ ស្រុកមុខកំពូល ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុ ឡានសាំងបានឆ្លងផ្លូវចូលកន្លែងជួសជុល ចំណុចផ្លូវខ្វែង ពេលនោះ ក៏មានឡានដឹកឥដ្ឋមកពីបណ្តោយផ្លូវនោះបុកពេញទំហឹងក្រឡាប់តែម្តង ៕