ខណៈសំណុំរឿងប្រមាថព្រះមហាក្សត្ររបស់ខ្លួនមិនទាន់បានដោះស្រាយនៅមុខតុលាការផង ទណ្ឌិត សម រង្ស៊ី បន្តខុសជាន់លើខុស និងប្រមាថព្រះមហាក្សត្រម្តងហើយម្តងទៀតដោយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ទណ្ឌិតរូបនេះបានផ្សព្វផ្សាយខិត្តបណ្ណមួយ ដោយយកព្រះនាមព្រះមហាក្សត្រទៅលាបពណ៌ និង ទាញផលប្រយោជន៍នយោបាយពីព្រះរាជគោលជំហរអព្យាក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គតែងតែ មិនយាងទៅបោះឆ្នោតឡើយ ព្រោះព្រះអង្គជាស្តេចផែនដីដែលត្រូវរក្សាអព្យាក្រឹត្យភាព។ សម រង្ស៊ី និងគូកន ពិតជាបានដឹងច្បាស់ណាស់ថាព្រះមហាក្សត្រ ព្រះអង្គមានសិទ្ធិបោះឆ្នោតដូចប្រជាពលរដ្ឋទូទៅដែរ ប៉ុន្តែព្រះ អង្គមិនយាងទៅបោះឆ្នោតឡើយ ដោយរក្សានូវអព្យាក្រឹត្យរបស់ព្រះអង្គចំពោះគណបក្សនយោបាយទាំងអស់ដែលសុទ្ធតែជាកូនចៅរបស់ព្រះអង្គ។ ចុះបើដឹងថាព្រះមហាក្សត្រមិនយាងទៅបោះឆ្នោត ហេតុអ្វីបានជា សម រង្ស៊ី ព្យាយាមទាញយកព្រះនាម និងព្រះកិត្តិស័ព្ទរបស់ព្រះមហាក្សត្រមកប្រើប្រាស់ភ្ជាប់នឹងយុទ្ធសាស្ត្រដ៏ឆ្កួតលីលា របស់ខ្លួន?
ទី១) ព្យាយាមទាញព្រះមហាក្សត្រ មកប្រឡូកប្រឡាក់នឹងផែនការទុច្ចរិតបំផ្លាញការបោះឆ្នោត និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ សម រង្ស៊ី និងក្រុមជនក្បត់ជាតិរបស់ខ្លួនបាននិងកំពុងអនុវត្តផែនការបំផ្លាញ ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ពលរដ្ឋមិនឱ្យអនុវត្តសិទ្ធិបោះឆ្នោតខ្លួន បំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនមានចរិតក្រអឺតក្រទម និងមិនបានផ្តល់ការគោរពថ្វាយអង្គព្រះមហាក្សត្រដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិនោះឡើយ។ ពួកគេបាន រំលោភលើរដ្ឋធម្មនុញ្ញ និងសីលធម៌ជាអ្នកនយោបាយដោយទាញយកព្រះនាមព្រះមហាក្សត្រមកភ្ជាប់ នឹងផែនការ រំខាន អុកឡុក និងបំផ្លាញការបោះឆ្នោតខណៈក្រុមខ្លួនប្រព្រឹត្តខុសច្បាប់ ក្បត់ជាតិ ឃុបឃិត ជាមួយបរទេស ដើម្បីសម្លាប់ប្រជាធិបតេយ្យ និងផ្លាស់ប្តូររបបដោយការធ្វើបដិវត្តន៍ពណ៌។ នេះជាចរិតប្រមាថព្រះមហាក្សត្រ ខ្មែររបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់។ ពួកគេបានលើកតម្កើងចៅហ្វាយនាយបរទេសរបស់ពួកគេជាង ព្រះមហាក្សត្រខ្មែរ និងជាងពលរដ្ឋខ្មែរ។ ពួកគេបានទាញចំណេញពីគោលជំហរអព្យាក្រឹត្យភាពព្រះមហាក្សត្រ ដែលគ្រប់អង្គព្រះមហាក្សត្រទាំងអស់មិនបានយាងទៅបោះឆ្នោតនោះឡើយ ប៉ុន្តែហេតុអ្វីបានជាពួកគេបំពាន គោល
ការណ៍ទាំងនេះ? កម្ពុជាពិតជាកម្សត់ណាស់ ដែលមានក្រុមជនក្បត់ជាតិបានចាប់កំណើតជាខ្មែរ។ ពួក គេមានឈាមជ័រជាខ្មែរ ប៉ុន្តែបែរពួកគេលក់ក្បាលបម្រើផលប្រយោជន៍នយោបាយបរទេសដោយគ្មានការ អៀនខ្មាស។
ទី២) ក្រុមសមរង្ស៊ី កំពុងក្បត់ជាតិ សាសនា ព្រះមហាក្សត្រ៖ សម រង្ស៊ី មិនត្រឹមតែក្បត់ជាតិដោយ ឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្មែរឡើយ ប៉ុន្តែទណ្ឌិតរូបនេះរួមនឹងគូកនបានក្បត់សាសនា និងក្បត់ព្រះ
មហាក្សត្រខ្មែរថែមទៀតផង។ ពួកគេធ្វើគ្រប់សកម្មភាពទាំងអស់ប្រឆាំងនឹងព្រះមហាក្សត្រ បំពានរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា អង្គព្រះមហាក្សត្រមិនអាចនរណាម្នាក់រំលោភបានឡើយ។ ទង្វើ របស់ សម រង្ស៊ី និងបក្ខពួកក្បត់ជាតិនៅពេលនេះបានបង្ហាញយ៉ាងច្បាស់ថាពួកគេជាអ្នកប្រជាធិបតេយ្យ និង អ្នកស្នេហាជាតិក្លែងក្លាយ និងស្ទើរភ្លើងប៉ុណ្ណោះ។ ចាប់តាំងពីការធ្វើនយោបាយមក សម រង្ស៊ីនិងក្រុមខ្លួន បានត្រឹមតែញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើមប្រកាន់ពូជសាសន៍បែងចែកវណ្ណៈ សង្គម និងបំបែកបំបាក់សាមគ្គីជាតិខ្មែរ។ ពួកគេបានក្បត់កម្ពុជាដោយទទួលបញ្ជាពីចៅហ្វាយនាយបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌កម្ទេចប្រទេសកម្ពុជាដែលកំពុងតែមានសន្តិភាពនិងការអភិវឌ្ឍន៍នេះ។ អ្វីដែល សម រង្ស៊ី បានធ្វើគឺជាការញុះញង់បំបែកបំបាក់រវាងស្ថាប័នព្រះមហាក្សត្រនិងប្រជាពលរដ្ឋ និងស្ថាប័នជាតិ ផ្សេងៗទៀត។ ទណ្ឌិតសម រង្ស៊ី កំពុងតែបំផ្លាញរបបរាជានិយមនៅកម្ពុជា បន្ថែមលើផែនការទុច្ចរិតបំផ្លាញការ បោះឆ្នោត។ ពេលនេះពួកគេ គឺជាជនក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្រ។
ទី៣) ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជាចែងថា ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រទ្រង់ មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។ ហេតុដូច្នេះបានជា ព្រះមហាក្សត្របានចេញព្រះរាជសារអំពាវនាវពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នា ជ្រើសតាំងថ្នាក់ដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនថ្កើងថ្កានលើគ្រប់វិស័យ។ ការអំពាវនាវ នេះ គឺស្របតាមច្បាប់ និងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ហេតុអ្វីបានជា សម រង្ស៊ី រួមនឹងគូកនរួមមាន អេង ឆៃអ៊ាង មូរ សុខហួរ ជាដើមទាញព្រះរាជតួនាទីព្រះមហាក្សត្រចេញពីរដ្ឋធម្មនុញ្ញ និងកេងចំណេញផល ប្រយោជន៍នយោបាយពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រនៅពេលនេះ? នេះក៏ជាការរំលោភច្បាប់យ៉ាង ធ្ងន់ធ្ងរផងដែរដែលក្រុមក្បត់ជាតិបានរំលោភបំពានរដ្ឋធម្មនុញ្ញ។ ក្រុមបក្សប្រឆាំងក្រៅច្បាប់បានរុញពលរដ្ឋ ឱ្យចូលក្នុងភាពបែកបាក់ជាតិ និងចូលរួមប្រមាថព្រះចេស្តាព្រះមហាក្សត្រដូចខ្លួនក្រុមខ្លួនដែរ។
សរុបមកវិញ មនុស្សដែលទទួលបានការអប់រំខ្ពស់មានសញ្ញាបត្របណ្ឌិតដូច សម រង្ស៊ី ប៉ុន្តែទណ្ឌិត រូបនេះបានក្លាយទៅជាមនុស្សឆ្កួតលីលានៅពេលនេះ ក្រោយពីខកចិត្ត និងមានវិបត្តិផ្លូវចិត្តរាប់មិនអស់ដោយសារ តែបរាជ័យម្តង ហើយម្តងទៀតក្នុងការប្រកួតប្រជែងការបោះឆ្នោត មិនឈ្នះគណបក្សប្រជាជនកម្ពុជា និងមិនអាចយកឈ្នះប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន។ សម រង្ស៊ី ពិតជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែក្តីស្រម៉ៃដែលខ្លួនមានបានសាបរលត់បាត់ និងជាមនុស្សបរាជ័យចាស់វស្សាដោយធ្វើនយោបាយតាំងពីមានបក្សដឹកនាំ រហូតដល់ជ្រកក្រោមចលនាឧទ្ទាមខុសច្បាប់។ ក្នុងដង្ហើមចុងក្រោយរបស់ខ្លួន សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួនគ្មានអ្វីក្រៅពីបំផ្លាញកម្ពុជា សម្លាប់លទ្ធិប្រជាធិ បតេយ្យ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ បំផ្លាញរបបរាជានិយមចោលឡើយ ព្រោះខ្លួននឹងគ្មានសង្ឃឹមវិលចូលមកក្នុងប្រទេសកម្ពុជាវិញ ខ្លួនគ្មានសង្ឃឹមថា អាចស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួនឡើងវិញ បានឡើយ ព្រោះពួកគេបាននិងកំពុងដើរលើផ្លូវខុសហើយខុសទៀត និងកំពុងលង់ខ្លួនក្នុងអំពើទុច្ចរិតដែលច្បាប់មិនអាចអត់ឱនឱ្យបានឡើយ៕ ចៅ ចាក់ស្មុក