ភ្នំពេញ៖ រថយន្តកាមរីគូទស្វិត១គ្រឿង ខណៈដែលម្ចាស់បើកទៅបញ្ចូលហ្គាស រួចហើយក៏បើកចេញមកធម្មតាបានបន្តិច ស្រាប់តែឆ្លងចរន្តភ្លើងបង្កការឆាប់ឆេះឡើង តែត្រូវប្រជាពលរដ្ឋក្បែរនោះជួយធ្វើអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់រលត់ទៅវិញភ្លាមៗ ។
ហេតុការណ៍ឆេះរថយន្តខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅស្ថានីយប្រេងឥន្ទនៈសែល តាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកាមរី ស៊េរីឆ្នាំ១៩៩១ មួយគ្រឿង ពណ៍ឈាមជ្រូក ពាក់ស្លាកលេខស៊េរីចាស់ មកបញ្ចូលហ្គាសនៅស្ថានីយប្រេងឥន្ទនៈសែល រួចហើយក៏ជិះចេញបានបន្តិច បណ្តាលឲ្យឆាប់ឆេះឡើង ភ្លាមនោះត្រូវប្រជាពលរដ្ឋក្បែរនោះជួយធ្វើអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យបាញ់រលត់ទៅវិញភ្លាមៗ ។
តាមសម្តីបុរសដែលជាម្ចាស់រថយន្តរងគ្រោះ បានឲ្យដឹងថា រូបគាត់ទើបតែមកពីខេត្តឧត្តមមានជ័យ ដើម្បីប្រជុំការងារនៅរាជធានីភ្នំពេញ ហើយគាត់បានយករថយន្ត ចាក់ហ្គាសរួចបើកបានបន្តិចស្រាប់តែរថយន្តមានអណ្ដាតភ្លើងឆាប់ឆេះផ្នែកខាងមុខម៉ាស៊ីនតែម្តង ភ្លាមនោះក៏បានអ្នកចាក់សាំងយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់បានទាន់ពេល ។
ក្រោយកើតហេតុ រថយន្តរងគ្រោះត្រូវបានហៅរថយន្តអូស យកទៅកន្លែងជួសជុសដោយខ្លួនឯង ៕ស តារា