ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ដីព្រៃកោងកាងនៅស្រុកស្រែអំបិលប្រឈមនឹងការរលាយបាត់បង់

ចែករំលែក៖

ប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងបានឲ្យដឹងថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការ​ទាន់ពេលវេលាទេនោះ​ ដីព្រៃកោងកាង នៅក្នុងភូមិចម្ការក្រោម នឹងក្លាយជាកម្មសិទ្ធិឯកជនអស់ជាមិនខាន ។ មេខ្លោង​នៅក្នុងចលនា​ទន្ទ្រានកាន់កាបដីព្រៃកោងកាង គឺលោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងជា​ប្រធាន​គ្រប់គ្រងបរិស្ថានក្នុងស្រុកស្រែអំបិលនេះតែម្តង ។ លោកជាមេខ្លោងក្នុងការ​​ជំរុញឲ្យមានការកាប់បំផ្លាញដីព្រៃកោងកាង​ ស្រុកស្រែអំបិលនេះតែម្តង ។ រីឯអាជ្ញាធរស្រុកស្រែអំបិល​មិនហ៊ានក្អកជាមួយលោកម៉េង តិច នោះឡើយ ហើយ អាជ្ញាធរខេត្តកោះកុង ក៏ធ្វើមិនដឹងមិនឮ​ក្នុងរឿងនេះដែរ ។

អាជ្ញាធរខេត្ត​បានដឹកនាំកម្លាំងចុះទៅមើលមហន្តរាយនៃការកាប់បំផ្លាញព្រៃកោងកាង​ក្នុងស្រុកស្រែអំបិលនោះដែរ ប៉ុន្តែ​គឺ​បានត្រឹម​ទៅមើលប៉ុណ្ណោះ ពោលគឺមិនមានចំណាត់ការ​យ៉ាងណានោះឡើយ ។ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង​លោក ម៉ម ផល្លា ក៏បាន​ឃើញអំពីទិដ្ឋភាពនៃការទន្ទ្រានកាន់កាប់ដីព្រៃកោងកាង​ ក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងនោះដែរ ។ ប៉ុន្តែ​លោក​នៅស្ងៀមស្ងាត់ ។ ប្រជាពលរដ្ឋនិយាយថា មេការធំ ដែលស្ថិតក្រោមបញ្ជារបស់លោកម៉េង តិច គឺឈ្មោះ សន សី
ដែលជាអនុប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល ។ ពួកគេ ធ្វើការជាប្រព័ន្ធ ចាប់​ពីលោកម៉េង តិច អនុប្រធានបរិស្ថានខេត្ត និងលោក សន សី អនុការិយាល័យបរិស្ថានស្រុកស្រែអំបិល ។ ពួកគេបានចលនាប្រជាពលរដ្ឋ ឲ្យ​ចូលកាន់កាប់​ កាប់បំផ្លាញដីព្រៃកោងកាង ។

អ្នកដែលចូល​ទៅកាប់ព្រៃកោងកាងក្នុងមួយហិកតាទទួលបានប្រាក់២០០ដុល្លារ ។ នេះជាតម្លៃ​ឈ្នួលពលកម្ម ។ ប្រជាពលរដ្ឋ នៅឃុំស្រែអំបិលនិយាយថា សកម្មភាពនៃការកាប់បំផ្លាញដីព្រៃកោងកាង កាន់តែគគ្រឹកគគ្រេង ។ អាជ្ញាធរថ្នាក់ស្រុក ផ្តេកផ្តួលក្នុងផលប្រយោជន៍ណាមួយ​ជាមួយពួកបរិស្ថានទាំងនោះ ។ រីឯអាជ្ញាធរខេត្ត​របស់លោកស្រី មិថុនា ភូថង ក៏មិនឃើញ​មានចំណាត់ការក្នុងរឿងនេះដែរ ។ យ៉ាងដូច្នេះគេរំពឹងថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន នឹងពិនិត្យមើលរឿងនេះឡើងវិញ ឬមួយ​ក៏ត្រូវទុកបណ្តោយ​ឲ្យដីព្រៃកោងកាងត្រូវរលាយហិនហោច ។ បើតាមប្រជាពលរដ្ឋ ឃុំស្រែអំពិលមិនរំពឹងថា អាជ្ញាធរខេត្ត​អាចចាត់វិធានការមន្ត្រីខិលខូចទាំងនេះបានឡើយ ៕


ចែករំលែក៖