ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ញឹប ស្រ៊ន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើសនេសាទនៅខេត្តតាកែវ

ចែករំលែក៖

គេរាយការណ៍ថា ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកញឹប ស៊្រន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើស​នេសាទ ដែលកំពុងកើតឡើងព្រោងព្រាតនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ជាក់ស្តែង ក្រុមមន្ត្រី​ជលផលថ្នាក់ក្រោម បាននិងកំពុង​ឃុបឃិតជាមួយ​ពួកឈ្មួញជនជាតិវៀតណាមប្រព្រឹត្តបទល្មើសនេសាទជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ​ម្ចាស់ស្រុក បែរជាត្រូវពួកមន្ត្រីជលផលទាំងនោះគំរាមកំហែង​មិនឲ្យបានចូលនេសាទដើម្បី​ចិញ្ចឹមជីវិតនោះឡើយ ។ លោកញឹប ស៊្រន ជឿតែរបាយការណ៍ភូតកុហក់បោកប្រាស់របស់ពួកមន្ត្រីថ្នាក់ក្រោម រីឯលោកអភិបាលខេត្តតាកែវ ក៏​ធ្វើមិនដឹងមិនឮនោះដែរ ។

អាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ​(ជលផល) បានចេញប័ណ្ណមួយសន្លឹកសម្រាប់ជនជាតិវៀតណាមចូលមកនេសាទ​ក្នុងដែនដីខ្មែរ ហើយ​ប័ណ្ណចូលនេសាទនោះ មានអភ័យឯកសិទ្ធិគ្រប់គ្រាន់សម្រាប់មួយរដូវកាល ដែលសមត្ថកិច្ចដទៃ​នៅក្នុងខេត្តតាកែវ គ្រប់ជាន់ថ្នាក់ គ្រាន់តែឃើញប័ណ្ណមួយសន្លឹកនោះ គឺត្រូវដើរចៀស​ពីជនជាតិវៀតណាមទាំងនោះ ។ ប័ណ្ណពណ៌លឿងមួយសន្លឹកផ្តល់សិទ្ធិគ្រប់បែបយ៉ាងឲ្យជនជាតិវៀតណាម​ឲ្យចូលនេសាទដោយសេរី ។ គេរាយការណ៍ថា ប័ណ្ណពណ៌លឿងមួយសន្លឹកដែលសមត្ថកិច្ចជំនាញបានធ្វើ​ជូន​ជនជាតិវៀតណាម​មានតម្លៃរាប់ពាន់ដុល្លារ គឺអាស្រ័យទៅលើ​ទំហំនៃការនេសាទរបស់ជនជាតិវៀតណាមទាំងនោះ ។ មិនថា តែខេត្តតាកែវនោះទេ នៅខេត្តកណ្តាល ក៏គេធ្វើប័ណ្ណពណ៌លឿងនេះដែរ ។

ប្រភពរាយការណ៍ថា បណ្តាជនជាតិវៀតណាម ដែលមានប័ណ្ណពណ៌លឿង ត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចជំនាញ​ក្នុងមួយរដូវកាលទៅតាមទំហំនៃបទល្មើស ។ ឧទាហរណ៍ទូកចាប់ត្រីមួយគ្រឿង ត្រូវមានប័ណ្ណ​ពណ៌លឿងមួយសន្លឹក ហើយ​ត្រូវបង់ប្រាក់​ឲ្យសមត្ថកិច្ច​មិនតិចជាង២ពាន់ដុល្លារនោះឡើយ ។ រីឯទូកក្តាមខ្យង ក្នុងមួយគ្រឿង​ក៏ត្រូវមានប័ណ្ណពណ៌លឿង​មួយសន្លឹកដែរ ដែលមានតម្លៃប្រហែល១ពាន់ដុល្លារ ។ រីឯអ្នកដែលប្រើប្រាស់ឧបករណ៍ ឡើឆ្កួត (នេសាទបានគ្រប់មច្ឆជាតិ) ដែលគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរជាងគេ គឺត្រូវមានប័ណ្ណពណ៌លឿង ចំណាយប្រាក់មិនតិចជាង៣ពាន់ដុល្លារនោះឡើយ ។

ក្រុមមន្ត្រីជលផល​និយាយថា ពួកគេអ្នកប្រតិបត្តិការផ្ទាល់នៅថ្នាក់មូលដ្ឋាន មិនសូវសល់ប៉ុន្មានដែរទេ ព្រោះត្រូវចែករំលែកបងជូនទៅលោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទផង ហើយលោក ញឹប ស៊្រន ក៏បាន​អះអាងថា បានចែករំលែកដល់ថ្នាក់ដឹកនាំខេត្តតាកែវនោះផងដែរ ។ គេអះអាងថា លោកញឹប ស៊្រន មានរឿងអាស្រូវជាច្រើន​ពាក់ព័ន្ធនឹងបញ្ហាបទល្មើសនេសាទ នៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ផលប្រយោជន៍ នៃអំពើពុករលួយជាប្រព័ន្ធលើវិស័យជលផល កំពុងតែធ្វើឲ្យ​ថ្នាក់ដឹកនាំខេត្តតាកែវ ជាពិសេស​លោកអ៊ួច ភា រីកមុខរីកមាត់យ៉ាងខ្លាំង ៕


ចែករំលែក៖