ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនចាប់អារម្មណ៍ចំពោះការដែលផលិតករ ឬក្រុមហ៊ុនទូរទស្សន៍មួយចំនួនបាននិងកំពុងកេងចំណេញលើមរតកវប្បធម៌ជាតិ នៃតម្លៃអក្សរសិល្ប៍អក្សរសាស្ត្រខ្មែរ ។ នោះគឺការផលិតខ្សែភាពយន្តរឿងពស់កេងកងជាថ្មី ដោយបានកែច្នៃ ឬអាប់ដេត រឿងនោះដោយដាក់ចំណងជើង បន្ថែម ឬបន្ថយ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែឆ្លើយតបចំពោះប្រជាពលរដ្ឋខ្មែរអំពីបញ្ហានេះថា តើវាប៉ះពាល់ដល់គ្រឹះអក្សរសិល្ប៍ជាតិដែរឬទេ នៅពេលដែលរឿងមួយនេះត្រូវគេដណ្តើមគ្នាយកទៅអាប់ដេត ម្តងហើយម្តងទៀត ។
បើទោះបីជាប្រជាពលរដ្ឋបានលើកឡើងជាញយដងក៏ដោយ ក៏ក្រសួងវប្បធម៌ នៅតែធ្វើមិនដឹង និងមិនព្រមបំភ្លឺឲ្យប្រជាពលរដ្ឋអស់ចម្ងល់នោះឡើយ ។ យ៉ាងហោចណាស់ស្ថានីយទូរទស្សន៍ក្នុងស្រុក២ បាននិងកំពុងអួតអំពីភាពជោគជ័យរបស់ខ្លួនក្នុងការអាប់ដេត រឿងពស់កេងកង ។ រឿងទី១ គឺត្រូវបានគេកែសម្រួល ឲ្យទៅជារឿងសង្គ្រាមស្នេហ៍ពស់កេងកង និងមួយទៀត រឿងកូនពស់កេងកង ។ ការផលិតឡើងវិញ ដោយកាឡៃសាច់រឿងបន្តិចបន្តួច ឬហៅថា អាប់ដេត បើតាមការយល់ឃើញរបស់នាងខ្ញុំនោះថា គឺជាការបំផ្លាញនូវទម្រង់ដើមរបស់វប្បធម៌ជាតិ ។ ប៉ុន្តែទំនងជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ថា ជាការលើកកម្ពស់កេរ្តិ៍តំណែលជាតិហើយមើលទៅ ។
មនុស្សមិនតិចទេ រួមទាំងនាងខ្ញុំផង ចង់ឃើញការបកស្រាយច្បាស់លាស់មួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា តើវាមានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានបែបណាចំពោះការអាប់ដេត ស្នាដៃបុព្វបុរសខ្មែរនោះ ។ វាផ្តល់ផលចំណេញបែបណាខ្លះ? ប៉ុន្តែជាយូរពេលមកហើយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនបានបកស្រាយដើម្បីឲ្យប្រជាពលរដ្ឋអស់ចម្ងល់ក្នុងការអាប់ដេតរឿងពស់កេងកងនេះទេ ។ ដូច្នេះ ទំនងជាការអាប់ដេតនេះផ្តល់ផលប្រយោជន៍ទើបក្រសួងនៅស្ងៀម ។ ផ្តល់ប្រយោជន៍យ៉ាងណាក៏ដោយ ក៏គួរតែបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងផល ឬមួយក៏ក្រសួងបានប្រយោជន៍ស្ងាត់ស្ងៀមយ៉ាងណាពីការអាប់ដេតនេះដែរ? ៕ ប្រជាពលរដ្ឋម្នាក់