ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ ៖ បើមិនព្រមប្រើស្រោមទេ កុំទៅម្តុំវត្តភ្នំ ឬចូលផ្ទះម៉ាស្សា កោសជប់ ណាអាក្លើ!

ចែករំលែក៖

បានជួបអាក្លើជាកីឡាករអុំទូកមកពីខេត្តព្រៃវែងក្នុងថ្ងៃដំបូងនេះ វាបានលួចសួរខ្ញុំថា« ឮថាមានអង្គការមួយ បានដើរចែកស្រាមអនាម័យការពារជំងឺឆ្លងជាពិសេសជំងឺអេដស៍ក្នុងថ្ងៃបុណ្យអុំទូក ដល់ទៅជាង៣ម៉ឺនស្រោម តើបានន័យយ៉ាងម៉េច? ឬមួយគិតថាកីឡាអុំទូក ឬអ្នកមកកម្សាន្តក្នុងពិធីនេះ សុទ្ធតែត្រេកត្រអាលនឹងផ្លូវភេទ? បើត្រេកត្រអាលនឹងផ្លូវភេទមែន តើគេទៅរកសេវានៅទីណា? សំណួរនេះបានធ្វើឲ្យនាយជាលចង់អស់សំណើចនិងហួសចិត្ត តែបើគិតយូរៗទៅឃើញថា វាជាសំណួរមួយត្រូវម្យ៉ាងដែរ សូម្បីនាយជាលរស់នៅក្រុងភ្នំពេញយូរឆ្នាំក៏មិនបានចាប់អារម្មណ៍រឿងនេះទេ ។

មិនទាន់បានឆ្លើយនឹងសំណួរនេះផងអាក្លើអោនខ្សឹបដាក់ត្រចៀកខ្ញុំដោយសួរសំណួរមួយទៀតថា« កាលពីឆ្នាំមុនៗ អញមកអុំទូកម្តងៗ ពួកអញទៅរកសេវារំដោះទុក្ខនៅម្តុំទំនប់ទួលគោក ឬកន្លែងផ្សេងៗទៀត យ៉ាងងាយបំផុត តែឥលូវនេះសមត្ថកិច្ចបំបាត់អស់ហើយ តើគួរអញទៅរកនៅឯណា?

បានឮសំណួរចុងក្រោយនេះធ្វើឲ្យខ្ញុំភ្ញាក់ព្រើតក៏យកម្រាមដៃទាំងទះក្បាលអាក្លើមួយដៃទាំងមិនដឹងខ្លួនរួចភ្លាត់មាត់ថា គិតតែអុំទូកនៅម្តុំទំនប់ទួលគោកអ៊ីចឹងតើ បានជារាល់ឆ្នាំអញមិនដែលឃើញឯងអុំទូកឈ្នះគេម្តងណាសោះ។ ចំពោះសំណួរដទៃទៀតខ្ញុំមិនបានធ្វើអត្ថាធិប្បាយក្បោះក្បាយប្រាប់អាក្លើទេ ប៉ុន្តែខ្ញុំគ្រាន់តែពញ្ញាក់អារម្មណ៍វា ថា បានជាគេនៅតែចែកស្រោមអនាម័យរាប់ម៉ឺនស្រោមយ៉ាងនេះ ព្រោះរាជរដ្ឋាភិបាលកំពុងមានគោលដៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ឲ្យខាងតែបាន ហើយបើឯងមិនព្រមប្រើស្រោម អនាម័យទេ កុំទៅម្តុំវត្តភ្នំ ឬចូលផ្ទះម៉ាស្សាកោសជប់ឲ្យសោះណាអាក្លើ ? អាក្លើរបស់ខ្ញុំបើកភ្នែកធំៗរួចលាន់មាត់ថា « ដូច្នឹងផង ? ៕ នាយជាល

 


ចែករំលែក៖