រដូវប្រាំងមិនទាន់មកដល់ផង បញ្ហានៃការឆាបឆេះដោយសារការឆ្លងចរន្តអគ្គិសនីនៅតាមបង្គោលភ្លើងដ៏រញេរញ៉ៃបានកើតឡើងជាញឹកញាប់ ។ អាជ្ញាធរហាក់ដូចជាមិនបានដោះស្រាយបញ្ហានេះ ដើម្បីបន្ថយសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនោះឡើយ ។ ការសន្យារបស់អាជ្ញាធរថា នឹងធ្វើឲ្យប្រសើរឡើងចំពោះបញ្ហាគ្មានសណ្តាប់ធ្នាប់នៅតាមបង្គោលភ្លើងនោះ ហាក់មិនទាន់ឃើញលទ្ធផលអ្វីជាដុំកំភួននោះទេ ។ ផ្ទុយទៅវិញ ខ្សែភ្លើង ខ្សែកាប្លិ៍ប្រទាក់គ្នា បណ្តាលឲ្យទ្រេតបង្គោលភ្លើងដួលជាញឹកញាប់ ។ ការទុស្សេខ្សេភ្លើងនៅតាមបង្គោលភ្លើង តែងតែកើតមាន ។ ប្រជាពលរដ្ឋ ដែលមានលំនៅឋានជិតខាងបង្គោលភ្លើង បានត្រឹមបាញ់ពន្លត់ ឬជួនកាលមិនរលត់ ត្រូវរង់ចាំខាងពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ មិនដឹងថា តើមានឧបសគ្គអ្វីខ្លះ ក្នុងការធ្វើឲ្យប្រសើរឡើងចំពោះបញ្ហានៃការបាត់បង់សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ ដែលបង្កឡើងដោយខ្សែកាប្លិ៍ ខ្សែភ្លើង និងខ្សែអ៊ីនធើណេតដ៏រញេរញ៉ៃនោះ? ការតំងចិត្តហាក់ដូចជាបានផ្តល់ក្តីសង្ឃឹមជាច្រើនដល់ប្រជាពលរដ្ឋ ក្នុងទីក្រុង ។ ប៉ុន្តែលទ្ធផល បែរជាមិនទទួលបានដុំកំភួនទៅវិញ ។ នៅពេលខ្លះ បង្គោលភ្លើងមិនអាចទ្រទម្ងន់បាន ក៏ដូលរលំបណ្តាលឲ្យដាច់ចរន្តអគ្គិសនីមួយចំហៀងក្រុងក៏មាន ។ អាជ្ញាធររុញដាក់គ្នានៅពេលដែលមានខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ ។ ខ្លះថាខាងក្រុមហ៊ុនអ៊ីនធើណេត, ខ្លះថា ជាការទទួលខុសត្រូវរបស់អគ្គិសនីកម្ពុជា… ទិដ្ឋភាពបែបនេះ មិនមែនមានតែមួយកន្លែងនោះទេ ប៉ុន្តែសូម្បីតែនៅជាយរាជធានីភ្នំពេញ ក៏កើតមានឡើងដែរ ។ តាមបណ្តាផ្លូវតូចៗក្នុងខណ្ឌសែនសុខ ក៏មានបង្គោលភ្លើងកំពុងប្រឈមនឹងហានិភ័យនៃការដួលរលំ ឬក៏ត្រូវទុស្សេចរន្តអគ្គិសនីឆេះខ្លោចនោះដែរ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ មានការព្រួយបារម្ភ ពីព្រោះថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការដោះស្រាយបញ្ហានេះ ឲ្យទាន់ពេលវេលាទេ វានឹងបង្កគ្រោះថ្នាក់ជាបន្តបន្ទាប់ទៀតទៅថ្ងៃមុខ ។ អាជ្ញាធរត្រូវដោះស្រាយបញ្ហានេះ និងត្រូវរកវិធានការជាក់លាក់ប្រកបដោយប្រសិទ្ធភាព បើមិនដូច្នោះទេ បង្គោលភ្លើងនឹងត្រូវប្រឈមចំពោះការដួលរលំ ក៏ដូចជាបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ថែមទៀតជាមិនខាន ។ កិច្ចសហការរវាងក្រុមហ៊ុនខ្សែកាប្លិ៍ ក៏ដូចជាខាងអគ្គិសនីកម្ពុជា ត្រូវធានាបានថា បញ្ហាទុស្សេខ្សែភ្លើង មិនអាចកើតមានឡើងទៀតទេ ។ បើមិនដូច្នោះ បញ្ហាប្រឈម នឹងពិបាកដោះស្រាយទៅថ្ងៃក្រោយ ហើយវានឹងមានបញ្ហាឆេះបង្គោលភ្លើង អាចបង្កើតជាអគ្គិភ័យធំនៅថ្ងៃណាមួយជាមិនខាន ៕ ប្រជាពលរដ្ឋម្នាក់