ព័ត៌មានទាន់ហេតុការណ៍៖

ការឈូសឆាយ​បំផ្លាញព្រៃលិចទឹកនៅតំបន់៣ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺជាការឃុបឃិតជាប្រព័ន្ធ

ចែករំលែក៖

ខេត្តកំពង់ធំ៖ «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» គឺជាអ្វីដែល​អាជ្ញាធរខេត្តកំពង់ធំអះអាងថា មិនអនុញ្ញាត​ឲ្យ​មានការឈូសឆាយបំផ្លាញព្រៃលិចទឹក នៅក្នុងតំបន់​៣ ស្ថិតក្នុងស្រុកកំពង់ស្វាយនោះទេ ។ នេះគ្រាន់តែជាការអះអាង​នៅលើបបូរមាត់របស់ថ្នាក់ដឹកនាំ ប៉ុន្តែការពិត បទល្មើស​នៃការឈូសឆាយ​នៅតែធ្វើជារៀងរាល់ថ្ងៃ ប្រៀបដូចវែកចក នៅពេលដែលសមត្ថកិច្ចដើរចេញផុត ពួកគេបន្តឈូសឆាយដដែល ។ រហូតមកដល់ពេលនេះ គ្មានអ្នកទទួលខុសត្រូវនោះទេ បើទោះបីគេដឹងថា តំបន់៣ ស្ថិតនៅក្នុងឃុំកំពង់គោ ក្រោមការទទួលខុសត្រូវរបស់ដែន​រដ្ឋបាលសមត្ថកិច្ចរដ្ឋបាលជលផល ដែលមានលោក សៅ វណ្ណសេរីវុធ ជាអ្នកទទួលខុសត្រូវក៏ដោយ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីថ្នាក់មូលដ្ឋាន និងស្ថាប័នជំនាញបានឃុបឃិតគ្នាពាក់ព័ន្ធទៅនឹងការឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣ ដែលក្នុងនោះមាន ១ លោកអ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ, ២ លោក ស្រី ណាល់ មេឃុំកំពង់គោ, ៣ លោក ឈុត ប៊ុនថាំ ជំទប់ទី១ ឃុំកំពង់គោ , ៤ លោក យ៉េន ម៉ង ប្រធានសហគមន៍, ៥ លោកប៊ុននី ហៅ ប៊ី, ៦ លោក គួក គឿន អ្នកឈូសឆាយព្រៃ​លិចទឹក, ៧ លោក វណ្ណ សេរីវុធ នាយសង្កាត់រដ្ឋបាលជលផលស្វាយលើ ស្រុកកំពង់ស្វាយ, ៨ តាប៉ែត អ្នកទទួលលុយ​ចាត់ចែងឲ្យសមត្ថកិច្ចផ្សេងៗ និង​៩ លោក យ៉ុង ជាមេការ​នាំគ្រឿងចក្រចូល ។

ប្រជាពលរដ្ឋអះអាងថា ពួកគេបានចងក្រងរចនាសម្ព័ន្ធជាប្រព័ន្ធក្នុងការឈូសឆាយដីព្រៃលិចទឹក​នៅតំបន់៣ ស្ថិតក្នុងភូមិព្រះស្នែង, អូរចេះ ខាងជើងស្ទឹងសែន ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ អ្នកភូមិនៅតំបន់នោះអះអាងថា ប្រសិនបើគ្មានវិធានការទាន់ពេលទេ គ្មានទៀតឡើយព្រៃលិចទឹកនៅក្នុងស្រុក​កំពង់ស្វាយ ។ អ្នកភូមិអះអាងថា បើទោះបីជាមកដល់ពេលនេះ សកម្មភាពឈូសឆាយដីព្រៃលិចទឹកមិនថមថយ​យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចថ្នាក់ដឹកនាំខេត្ត​បានត្រឹមមកអើតឈ្ងោកបន្តិចរួចក៏ត្រឡប់ទៅវិញ ។ មានន័យថា ថ្នាក់ដឹកនាំខេត្តបានដឹងថា មានបទល្មើសដែរ ប៉ុន្តែមិនចាត់វិធានការក្តៅ ។

លោក ស្រី ណាល់ មេឃុំកំពង់គោ អះអាងថា លោកមិនពាក់ព័ន្ធឬមានសិទ្ធិក្នុងការចេញច្បាប់ឲ្យឈូសឆាយដីព្រៃលិចទឹកតំបន់​៣នោះទេ ព្រោះវាជាសមត្ថកិច្ចរបស់ជលផល ។ លោកមានតែបង្ក្រាប​ហើយតែងតែហាមឃាត់ ប៉ុន្តែយ៉ាងណា «ពួកគេលួចឈូសឆាយ ហើយប្រជាពលរដ្ឋ​មួយចំនួនបានលក់ដីនោះ»ទៅឲ្យឈ្មោះ គួក គឿន តាំងពីឆ្នាំ២០០៦ មុនពេល​ដែលរាជរដ្ឋាភិបាល​ចេញច្បាប់ការពារដីតំបន់៣ សម្រាប់ជាដែនជម្រកត្រីពងកូន ។

មេឃុំរូបនេះបានបន្ថែមថា ឯកសារ​ទទួលស្គាល់ដីធ្លី មុនច្បាប់​ការពារតំបន់៣ចូលជាធរមាននៅឆ្នាំ២០១២នោះ គឺមេឃុំចាស់បានទទួលស្គាល់ដី​តំបន់នោះជាកម្មសិទ្ធិឯកជន ហើយម្ចាស់គេបានលក់ជាបន្តបន្ទាប់ ។ មេឃុំចាស់ជាអ្នក​ចុះហត្ថលេខាទទួលស្គាល់លើកម្មសិទ្ធិដីធ្លីនៅតំបន់៣នេះ តាំងពីឆ្នាំ២០០៦ មុនពេលដែល​តំបន់នេះដាក់ជាតំបន់ការពារ ។

លោក ឈុត ប៊ុនថាំ ជំទប់ទី១ ឃុំកំពង់គោបាននិយាយថា លោកមិនបានអនុញ្ញាត ហើយក៏មិនដឹងអំពីការឈូសឆាយ​នោះដែរ ។ លោកគ្រាន់តែដឹងថា មានបញ្ហាទំនាស់​រវាងអ្នកឈូសឆាយដី នឹងប្រជាពលរដ្ឋដែលបានលក់ដី មិនតែប៉ុណ្ណោះ លោកដឹងថា មានមនុស្សម្នាក់ជាអ្នក​រួមចំណែក​ឲ្យមានបទល្មើស​ឈូសឆាយដីនៅតំបន់នោះ ។

លោក ឡេង ចយ មេភូមិខ្សាច់ជីររស់ និយាយថា លោកមិនដឹងអីទេ ពីព្រោះថ្នាក់ឃុំចាត់លោកជាទីងមោងចាំចាបតែប៉ុណ្ណោះ ។ លោកទទួលស្គាល់ថា មានការឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣នោះមែន ប៉ុន្តែលោកមេឃុំមិនដែលទំនាក់ទំនង ឬពិភាក្សាជាមួយលោកនោះឡើយ ។

អ្នកភូមិទាំងឡាយ​រស់នៅក្នុងភូមិកំពង់គោ បាននិយាយថា បើទោះបីជាដី​ព្រៃលិចទឹកមួយចំនួន​ត្រូវបានទទួលស្គាល់ដោយមេឃុំចាស់ តាំងពីឆ្នាំ២០០៦​នោះក៏ដោយ ក៏ពួកគាត់មិនដែលក់ដីឲ្យឈ្មោះ គួក គឿន នោះទេ ។ អ្នកភូមិនិយាយថា ឈ្មោះគួក គឿន​បានឃុបឃិតជាមួយអាជ្ញាធរឃុំ​មកឈូសដីព្រៃលិចទឹកនៅតំបន់៣ឆៅៗតែម្តង ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ស្ថាប័នជំនាញ ជាពិសេសរដ្ឋបាលជលផល​ មិនដែល​ចាត់វិធានការចំពោះអ្នកប្រព្រឹត្តល្មើសនោះឡើយ ។ អ្នកភូមិសង្ស័យថា នាយសង្កាត់រដ្ឋបាលជលផលស្វាយលើ លោក​សៅ​វណ្ណសេរីវុធ ទទួលបានប្រយោជន៍​ពីក្រុមអ្នកឈូសដីព្រៃលិចទឹកទាំងនោះ ។

លោកអ៊ុន បុត អភិបាលស្រុកកំពង់ស្វាយបាននិយាយថា លោកមិនបានអនុញ្ញាត​ឲ្យមានការឈូសឆាយដីព្រៃលិចទឹក​នៅតំបន់៣ ចំណុចព្រះស្នែង, អូរចេះ ក្នុងឃុំកំពង់គោ នោះទេ ។ នៅគ្រាដែលមានឮព័ត៌មាននេះ លោកក៏បានឲ្យជំនាញមន្ត្រីជលផល ចុះទៅពិនិត្យមើល ប៉ុន្តែពួកឈ្មួញបើកគ្រឿងចក្រចេញអស់ទៅហើយ ។

អ្នកភូមិនិយាយថា បទល្មើសនៃការឈូសឆាយដីព្រៃនៅតំបន់៣ ស្ថិតក្នុងស្រុកកំពង់ស្វាយ ជាការចងក្រងប្រព័ន្ធ ហើយមន្ត្រី​រដ្ឋបាលជលផលនៅក្នុងតំបន់នេះ ពោលគឺលោក សៅ វណ្ណសេរីវុធ ជាអ្នកទទួលខុសត្រូវធំជាងគេ ។ អ្នកភូមិ​និយាយថា មិនដែលឃើញពួកមន្ត្រីជលផលចុះមកពិនិត្យ​មើលស្ថានភាព​ជាក់ស្តែង​ម្តងណាឡើយ ។ អ្នកភូមិសង្ស័យថា លោកសៅ វណ្ណសេរីវុធ ទទួលបានលាភសក្ការពីពួកឈ្មួញ​ដែល​មកឈូសឆាយដីព្រៃនោះ ។

លោកសៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ អះអាងថា ក្រោយពីទទួលបានបទបញ្ជាពីលោកអភិបាលខេត្ត លោកបានដឹកនាំកម្លាំងចុះពិនិត្យ​ការឈូសឆាយទាំងយប់ ប៉ុន្តែមិនឃើញមានបទល្មើស ។

ប្រជាពលរដ្ឋនៅឃុំកំពង់គោអះអាងថា ធ្វើយ៉ាងម៉េចទើបឃើញបទល្មើស បើមុនពេលមានមន្ត្រីចុះទៅពិនិត្យ ពួកគេបានទូរស័ព្ទប្រាប់ម្ចាស់គ្រឿងចក្រ​ឲ្យផ្អាកសកម្មភាព​ ឬ​យកគ្រឿងចក្រទៅលាក់ទុកហើយនោះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖