នៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់នាងខ្ញុំ ក្នុងខណ្ឌទួលគោក សំរាមនៅតែចោទជាបញ្ហាដោយសារថា មិនឃើញរថយន្តមកប្រមូលតាមការកំណត់របស់អាជ្ញាធរនោះឡើយ ។ ដូច្នេះ នាងខ្ញុំត្រូវបង្ខំចិត្តទុកសំរាមយូរថ្ងៃនៅក្នុងផ្ទះ ដែលបណ្តាលឲ្យវាកើតទៅជាដង្កូវ ស្អុយរលួយពេញផ្ទះដកដង្ហើមមិនរួច ។ ករណីនេះ តើអាជ្ញាធរគួរផាកពិន័យក្រុមហ៊ុនប្រមូលសំរាមដែលមិនបានចុះមកប្រមូលឲ្យទៀងទាត់តាមការកំណត់ដែរឬទេ? តាមពិត មិនមែនតែផ្ទះនាងខ្ញុំនោះទេ ដែលសំរាមគរទុកយូរថ្ងៃ បង្កឲ្យជះក្លិនអសោចិ៍នោះ ។ នៅក្បែរៗផ្ទះនាងខ្ញុំ ពោលគឺនៅក្នុងសហគមន៍នោះតែម្តង ក៏មានករណីដូចគ្នានេះដែរ ។
នាងខ្ញុំមិនដឹងថា តើត្រូវដោះស្រាយយ៉ាងណានោះទេ បញ្ហាសំរាមនេះ ។ តើនាងខ្ញុំអាចដឹកសំរាមតាមម៉ូតូយកទៅចោលនៅគំនរសំរាមឯខណ្ឌដង្កោបានដោយខ្លួនឯងឬទេ? មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដទៃទៀត ដែលកំពុងជួបវិបត្តិកកស្ទះសំរាមនៅក្នុងផ្ទះ អាចយកទៅចោលនៅទីលានចាក់សំរាមបានដែរឬទេ? ។ ការរង់ចាំក្រុមហ៊ុនប្រមូលសំរាម កាន់តែយូរថ្ងៃទៅ ធ្វើឲ្យសំរាមនៅក្នុងផ្ទះស្អុយរលួយ ពិបាកដកដង្ហើម ។ អាជ្ញាធរនៅក្នុងមូលដ្ឋានរបស់នាងខ្ញុំ មិនមានលទ្ធភាពដើម្បីនឹងជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមចុះមកប្រមូលឲ្យបានទៀងទាត់នោះឡើយ ។ រីឯបញ្ហាប្រាក់កាសត្រូវបានបង់ជាទៀងទាត់ដែលភ្ជាប់ជាមួយអគ្គិសនីកម្ពុជា ។ ប៉ុន្តែការប្រមូលសំរាមមិនបានទៀងទាត់នោះឡើយ ។ ការដែលប្រជាពលរដ្ឋយកសំរាមទៅចោលផ្តេសផ្តាស់ នឹងត្រូវប្រឈមចំពោះការផាកពិន័យជាមិនខាន ។ នៅចន្លោះនៃការផាកពិន័យ និងការដែលក្រុមហ៊ុនមិនមកប្រមូលសំរាមនោះ វាគឺជាកង្វល់របស់ប្រជាពលរដ្ឋ ដែលសំរាមកំពុងវិវឌ្ឍន៍ទៅជាដង្កូវវារពេញផ្ទះ ។
ពាក្យសម័យនិយមបច្ចុប្បន្ន គេតែងនិយាយថា «យល់ពីអារម្មណ៍មួយនេះទេ» នាងខ្ញុំចង់សួរអាជ្ញាធរខណ្ឌ និងក្រុងថា តើយល់ពីអារម្មណ៍ប្រជាពលរដ្ឋ ដែលមានសំរាមគរនៅក្នុងផ្ទះ នៅគ្រាដែលក្រុមហ៊ុនប្រមូលសំរាមមិនមកដឹកនោះទេ? តើវាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ? អាជ្ញាធរ ឬក្រុមហ៊ុន ។ បើនិយាយពីរថយន្តប្រមូលសំរាមនោះទៀតសោត គឺមិនសមជាអ្នកសំអាតទីក្រុងទេ ។ កាលពីសប្តាហ៍មុន ពេលដែលនាងខ្ញុំជិះម៉ូតូដឹកកូនតាមបណ្តោយផ្លូវលេខ៥៩៨ ក្បែរស្ពានអាកាស៧មករា សំរាមប៉ើងហុយចេញពីរថយន្តដឹកសំរាម ហើយនៅពេលឈប់រង់ចាំភ្លើងស្តុបក្រោមស្ពានអាកាសនោះ ទឹកសំអុយហូរចេញពីរថយន្តដាបនៅលើផ្លូវកៅស៊ូ ដែលយូរម៉ោងទើបអស់សំអុយនោះ ប៉ុន្តែវានៅតែជះក្លិនស្អុយដដែល ។
នាងខ្ញុំគិតថា នេះជាបញ្ហាតូចតាចប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរហាក់ដូចជាដោះស្រាយឲ្យមានប្រសិទ្ធភាពនោះឡើយ បញ្ហាជំរុញល្បឿននៃការកំណត់ម៉ោងពេលសម្រាប់រថយន្តមកដឹកសំរាមគឺជាបញ្ហាមួយ រីឯបញ្ហារថយន្តប្រមូលសំរាម គ្មានអនាម័យ និងមិនមានស្តង់ដារត្រឹមត្រូវគឺជាបញ្ហាមួយទៀត ។ ការចំណាយទៅលើបញ្ហានេះ ទំនងជាមិនអស់ដើមទុនធំប៉ុន្មានទេ ដូច្នេះ គួរតែអាជ្ញាធរជួយដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋផង ។ ត្រូវដឹងអំពី អារម្មណ៍នៃការដែលសំរាមគរនៅក្នុងផ្ទះ ហើយវាកំពុងវិវឌ្ឍន៍ក្លាយទៅជាដង្កូវនោះផង ។ សម្រាប់នាងខ្ញុំ បើការណ៍នេះ វាជាកំហុសរបស់ប្រជាពលរដ្ឋ គួរអាជ្ញាធរជួយចាត់វិធានការនិងអប់រំផង ៕ ប្រជាពលរដ្ឋម្នាក់