រូបភាពមួយសន្លឹកដែលត្រូវបានចែករំលែកតៗគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យនាងខ្ញុំ ហួសចិត្តឥតឧបមា ព្រោះតែមន្ត្រីខ្មែរ ដែលមានយសស័ក្តិឧត្តុង្គឧត្តម្ភ អង្គុយញញឹមយ៉ាងសង្ហារ លើវេទិកាដែលមានតែអក្សរចិន ។ នាងខ្ញុំហ៊ានទាយទុកថា បុរសខ្មែរជាមន្ត្រីសមត្ថកិច្ចប្រដាប់អាវុធប៉ុន្មាននាក់នោះ មិនចេះអក្សរចិន ដែលគេសរសេរនៅខាងក្រោយខ្នងខ្លួននោះឡើយ ។ និយាយតាមត្រង់ បើនាងខ្ញុំវិញ សុខចិត្តដើរចេញពីកម្មវិធីនោះហើយ បើទោះបីវាផ្តល់ផលចំណេញក្នុងតន្លៃណាក៏ដោយ ។ ប៉ុន្តែសម្រាប់មន្ត្រីប៉ុន្មាននាក់ ដែលចូលរួមក្នុងកម្មវិធីនោះ ទំនងជាគាត់មិនយល់អំពីអ្វីដែលហៅថាអក្សរសាស្ត្រជាតិ ។
និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា បន្ទោសចំពោះមន្ត្រីដែលចូលរួមក្នុងកម្មវិធីខាងលើនេះទេ ប៉ុន្តែវាមិនគួរកើតមាន ទាល់តែសោះនៅក្នុងសង្គមខ្មែរ ។ កម្មវិធីមួយ ដែលអាចដំណើរការទៅបាន ក្នុងរូបភាពខាងលើនេះ បើទោះបីជាត្រូវចាត់ចែងដោយពួកមន្ត្រីចិនយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្នុងកម្មវិធីនោះ គ្មានមន្ត្រីចូលរួមឡើយ ។ ហេតុអ្វីបានជា មានអក្សរចិនក្រោយខ្នងមន្ត្រីខ្មែរនោះទៅវិញ? ករណីបែបនេះ វាហាក់ដូចជាចម្លែកបន្តិច ដែលមុនៗ គេឃើញមានអក្សរជាតិសាសន៍២ដាក់ ទន្ទឹមគ្នា នៅក្នុងកម្មវិធីមួយ សម្រាប់លើកនេះ ត្រូវបានផ្តាច់មុខដោយអក្សរចិន ។ គេជឿថា ភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធី មុខជាមានចម្ងល់ ។ យ៉ាងណាក៏ដោយ គេមិនដឹងថា កម្មវិធីនោះប្រារព្ធឡើងនៅទីកន្លែងណា និងពេលណាឲ្យប្រាកដនោះទេ ។
សម្រាប់អ្នកជាតិនិយមជ្រុលដូចជានាងខ្ញុំ ការសរសេរបែបនេះ គឺជាការមើលងាយសម្រាប់ជាតិសាសន៍មួយយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ។ បច្ចុប្បន្ននេះ នៅគ្រប់ទីកន្លែងពលរដ្ឋខ្មែរមានប្រតិកម្មខ្លាំងណាស់ជុំវិញបញ្ហានៃការសរសេរអក្សរចិននៅលើអក្សរខ្មែរ ឬហាងទាំងឡាយណា ដែលមិនមានអក្សរខ្មែរ ។ សេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសនាងខ្ញុំ មើលឃើញថា វាជាបញ្ហាមួយ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាប់វិធានការជាបន្ទាន់ចំពោះអ្វីដែលជាការមើលស្រាលទៅលើអក្សរសាស្ត្រជាតិ ។ មានតែខ្មែរយើងតែប៉ុណ្ណោះ ដែលយល់តម្លៃ និងឲ្យតម្លៃចំពោះអក្សរសាស្ត្រជាតិ ។ ដូច្នេះ មិនត្រូវបណ្តែតបណ្តោយឲ្យបញ្ហាដដែលៗ កើតឡើងដដែលៗ នៅលើមាតុភូមិនេះឡើយ ៕ ប្រជាពលរដ្ឋម្នាក់