ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ មន្ត្រីខ្មែរទស្សនកិច្ចនៅចិន?

ចែករំលែក៖

រូបភាព​មួយសន្លឹកដែលត្រូវបានចែករំលែកតៗគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យ​នាងខ្ញុំ ហួសចិត្តឥតឧបមា ព្រោះតែ​មន្ត្រី​ខ្មែរ ដែលមានយសស័ក្តិឧត្តុង្គឧត្តម្ភ អង្គុយញញឹមយ៉ាងសង្ហារ លើវេទិកាដែលមានតែអក្សរចិន ។ នាងខ្ញុំហ៊ានទាយទុកថា បុរសខ្មែរជាមន្ត្រី​សមត្ថកិច្ចប្រដាប់អាវុធប៉ុន្មាននាក់នោះ មិនចេះអក្សរចិន ដែលគេសរសេរនៅខាងក្រោយខ្នងខ្លួននោះឡើយ ។ និយាយតាមត្រង់ បើនាងខ្ញុំវិញ សុខចិត្តដើរចេញពីកម្មវិធីនោះហើយ បើទោះបីវាផ្តល់ផលចំណេញ​ក្នុងតន្លៃណាក៏ដោយ ។ ប៉ុន្តែសម្រាប់មន្ត្រីប៉ុន្មាននាក់ ដែលចូលរួមក្នុងកម្មវិធីនោះ ទំនងជាគាត់​មិនយល់អំពីអ្វីដែលហៅថាអក្សរសាស្ត្រជាតិ ។

និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា បន្ទោសចំពោះ​មន្ត្រីដែលចូលរួមក្នុងកម្មវិធីខាងលើនេះទេ ប៉ុន្តែ​វាមិនគួរកើតមាន ទាល់តែសោះនៅក្នុងសង្គមខ្មែរ ។ កម្មវិធីមួយ ដែលអាច​ដំណើរការទៅបាន ក្នុងរូបភាពខាងលើនេះ បើទោះបីជាត្រូវចាត់ចែងដោយពួក​មន្ត្រីចិនយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្នុងកម្មវិធីនោះ គ្មានមន្ត្រីចូលរួមឡើយ ។ ហេតុអ្វីបានជា មានអក្សរចិន​ក្រោយខ្នង​មន្ត្រីខ្មែរនោះទៅវិញ? ករណីបែបនេះ វាហាក់ដូចជាចម្លែកបន្តិច ដែលមុនៗ គេឃើញមានអក្សរជាតិសាសន៍២ដាក់ ទន្ទឹមគ្នា នៅក្នុងកម្មវិធីមួយ សម្រាប់លើកនេះ ត្រូវបានផ្តាច់មុខដោយអក្សរចិន ។ គេជឿថា ភ្ញៀវកិត្តិយសដែលចូលរួម​ក្នុងកម្មវិធី មុខជាមានចម្ងល់ ។ យ៉ាងណាក៏ដោយ គេមិនដឹងថា កម្មវិធីនោះប្រារព្ធឡើងនៅទីកន្លែងណា និងពេលណាឲ្យប្រាកដនោះទេ ។

សម្រាប់អ្នកជាតិនិយមជ្រុលដូចជានាងខ្ញុំ ការសរសេរ​បែបនេះ គឺជាការមើលងាយសម្រាប់ជាតិសាសន៍មួយ​យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ។ បច្ចុប្បន្ននេះ នៅគ្រប់ទីកន្លែង​ពលរដ្ឋខ្មែរ​មានប្រតិកម្ម​ខ្លាំងណាស់ជុំវិញ​បញ្ហានៃការសរសេរអក្សរចិន​នៅលើអក្សរខ្មែរ ឬ​ហាងទាំងឡាយ​ណា ដែលមិនមានអក្សរខ្មែរ ។ សេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស​នាងខ្ញុំ មើលឃើញថា វាជាបញ្ហាមួយ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវចាប់វិធានការជាបន្ទាន់​ចំពោះអ្វីដែលជាការមើលស្រាល​ទៅលើអក្សរសាស្ត្រជាតិ ។ មានតែខ្មែរយើងតែប៉ុណ្ណោះ ដែលយល់តម្លៃ និងឲ្យតម្លៃចំពោះអក្សរសាស្ត្រជាតិ ។ ដូច្នេះ មិនត្រូវបណ្តែតបណ្តោយ​ឲ្យបញ្ហាដដែលៗ កើតឡើងដដែលៗ នៅលើមាតុភូមិនេះឡើយ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖